ភ្នំពេញ៖ អ្នកមានរថយន្ត បានបើកបុកអ្នកជិះម៉ូតូ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ តែអ្នកជិះរថយន្តមិន បានប្រើ ភាពថ្លៃថ្នូររបស់ខ្លួន ចុះមើលជនរងគ្រោះនោះឡើយ ពោលបានបន្ថែមល្បឿន រថយន្តជិះគេចពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង កាលពីម៉ោងប្រមាណ ៨ និង៤០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ នៅមុខហាង៧ មករា ផ្លូវ៣៥២ កែងផ្លូវលេខ ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញបុរសម្នាក់ជិះម៉ូតូសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-0935 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៥២ ដោយបានជិះយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច។ លុះជិះដល់ចំណុចកែងផ្លូវលេខ៥១ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាករេហ្វរ ពណ៌ ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2H-2651 ដែលកំពុងបើកធ្វើដំណើរតាមផ្លូវលេខ ៥១ក្នុងទិសដៅពីជើងទៅ ត្បូង ក្នុងល្បឿនយ៉ាងលឿនដែរនោះ បានជ្រុលបុកចំក្បាលម៉ូតូយ៉ាងពេញទំហឹង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូ ដួលផ្លោងបោកផ្ទប់នឹងថ្មរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូត្រូវរងការខូចខាតទាំងស្រុង។ រីឯរថយន្តបង្កហេតុបានបើករត់ គេចខ្លួនបាត់ស្រមោលក្រោយកើតហេតុ ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូរបស់បុរសរងគ្រោះត្រូវ បានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន និងអ្នករងរបួសត្រូវបាន រថយន្ត សាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា បង្កឡើងដោយសារភាគីរថយន្តបើកលឿន ហើយជនរងគ្រោះ ក៏ជិះម៉ូតូលឿនដូចគ្នា ទើបបណ្តាលឲ្យដល់ចំណុចផ្លូវកែង ចាប់ហ្រ្វាំងមិនទាន់ជ្រុលបុកគ្នា ពេញទំហឹងបែបនេះ៕







ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]