ខេត្តកំពង់ឆ្នាំង ៖ ប៉េអឹមទំនើងម្នាក់ផឹកស្រាស្រវឹង បានយកកំប៉ុងស្រាបៀរមានទឹក គប់ទៅលើកញ្ចក់រថយន្តក្រុង ពេលកំពុងបើកបររហូតធ្វើឱ្យអ្នកបើកបរ និងព្រូរថយន្ត អត់ទ្រាំមិនបាន ក៏ឈប់រថយន្តដេញចាប់ ប៉ុន្តែដេញចាប់មិនបាន ព្រោះរត់ចូលព្រៃបាត់ ។ លុះក្រោយមកប៉េអឹមរូបនោះបាននាំបក្ខពួក៤ទៅ៥នាក់ មកចាប់អ្នកបើក និងព្រូរថយន្តដាក់ខ្នោះ បញ្ជូនទាំងអ្នកដំណើរឱ្យ ទៅដេកទះមូសមួយយប់ ទាំងអយុត្តិធម៌បំផុត ។ 
ទង្វើរបស់ប៉េអឹមទំនើងទាំងនេះ មិនគួរថ្នាក់លើលើកលែងទោសឱ្យនោះទេ ព្រោះខ្លួនជាអ្នកការពារប្រជាពលរដ្ឋ បែរជាប្រព្រឹត្តអំពើថោកទាបទំនើងបែបក្មេងស្ទាវ ដោយយកកំប៉ុងស្រាបៀរគប់ទៅ លើកញ្ចក់រថយន្តដែលកំពុងធ្វើដំណើរតាមផ្លូវ ។

នេះចាត់ទុកថាជាសំណាងល្អហើយ ដែលមិនមានគ្រោះថ្នាក់ដល់ អ្នកជិះនៅក្នុងរថយន្តនោះ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១១ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខស្នាក់ការ៥០០របស់កងរាជអាវុធហត្ថ ឈរជើងនៅទីនោះ ។ ប្រភពព័ត៌មានឱ្យដឹងថា ខណៈរថយន្តកំពុងធ្វើដំណើរតាមផ្លូវមក ដល់កន្លែងកើតហេតុ ស្រាប់តែប៉េអឹមទំនើងម្នាក់បានយកកំប៉ុងស្រាបៀរមានទឹក ទៅគប់រថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឱ្យភ្ញាក់ផ្អើលដល់អ្នកដំណើរ ដោយសារតែអ្នកបើករថយន្តបានភ្ញាក់វេចង្កូត និងជាន់ហ្វ្រាំងទាំងបង្ខំ ។ អ្វីដែលហួសចិត្តទៀតនោះ អ្នកបើកបរ និងព្រូរថយន្តត្រូវបាន កងរាជអាវុធហត្ថចាប់វាយខ្នោះ បញ្ជូនទាំងរថយន្ត និងអ្នកដំណើរមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តទាំងយប់ ក្រោយពីអ្នកបើកបរ និងព្រូរថយន្តទាំង២នាក់បានឈប់រថយន្ត ហើយចុះមើលរថយន្តដោយមានកាន់ដំបង និងកាំបិតដើម្បីការពារខ្លួន បន្ទាប់ពីមានការគប់មកលើរថយន្តបែបនេះ ។ អ្នកបើកបររថយន្តក្រុង ឈ្មោះ សៀង ទូច អាយុ២៨ឆ្នាំ មានទីលំនៅខេត្តពោធិ៍សាត់ និងព្រូរថយន្តឈ្មោះ ពក ពូន អាយុ២៧ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង ។ អ្នកទាំង២បាននិយាយថា មុនពេលកើតហេតុ ពួកខ្លួនបានបើករថយន្តរបស់ក្រុមហ៊ុន រិទ្ធ មុនី ពាក់ស្លាកលេខ ភ្នំពេញ 3B-0044 ដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានប៉េអឹមម្នាក់ ក្នុងចំណោមប៉េអឹមជាច្រើននាក់ ដែលកំពុងផឹកសុីស្រវឹងបានយកស្រាបៀរមានទឹកមួយកំប៉ុង គប់មកចំមុខរថយន្ត ផ្ទុះបែកធ្វើឱ្យអ្នកបើកបរគេច និងជាន់ហ្វ្រាំងទាំងបង្ខំ បណ្តាលឱ្យអ្នកដំណើរភ័យ និងភ្ញាក់ផ្អើលគ្រប់ៗគ្នា ។

ប្រភពដដែលបានបន្តថា ក្រោយពីឈប់រថយន្តហើយ ពួកខ្លួនក៏ចុះពិនិត្យមើលរថយន្ត ក្រែងមានបែកខូចខាតអ្វី ហើយបានឃើញអ្នកគប់រថយន្តម្នាក់នោះ ។ ពេលនោះពួកខ្លួនមិនស្គាល់ថា ជាប៉េអឹមទេ ក៏បានដេញចាប់ តែចាប់មិនបាន ព្រោះគាត់រត់ចូលព្រៃ ប៉ុន្តែពេលខ្លួនដើរត្រឡប់មករថយន្តវិញ ស្រាប់តែមានកងរាជអាវុធហត្ថមួយក្រុមប្រមាណ៤ទៅ៥នាក់ បានមកចាប់ពួកខ្លួនវាយ និងដាក់ខ្នោះនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមជាមួយអ្នកដំណើរចំនួន៤៨នាក់ នៅក្នុងរថយន្តក៏ត្រូវយកមកដេកទះមូស និងអត់បាយក្រហាយទឹកអស់មួយយប់ ។ លោក លឹម ហាក់ នាយការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបាននិយាយថា មន្ត្រីកងរាជអាវុធហត្ថម្នាក់ ពិតជាបានយកកំប៉ុងស្រាបៀរបោះ ចូលក្រោមរថយន្ត បណ្តាលឱ្យកិនផ្ទុះមែន ប៉ុន្តែមិនមែនគប់ទេ ។ ភ្លាមនោះស្រាប់តែព្រូ និងអ្នកបើករថយន្ត បានយកដែកបំពង់ទីប និងកាំបិតមកវាយ និងដេញកាប់ប៉េអឹមម្នាក់នោះឱ្យរត់ចែកជើងគ្នា ក្រោយមកក៏ចាប់បានទាំង២នាក់ និងនាំមកកាន់បញ្ជាការដ្ឋានតែម្តង ។ លោក រស់ វុទ្ធា ប្រធានស្នាក់ការ៥០០នៃកងរាជអាវុធហត្ថខេត្ត បាននិយាយថា អ្នកគប់រថយន្តក្រុងនោះគឺជាប៉េអឹមលើផ្ទៃប្រទេស ដែលមកសហការជាមួយ ប៉ុន្តែមិនមែនជាកូនចៅរបស់លោកឡើយ ។ ការគប់នោះ គឺគប់នៅមុខហាងមួយ ដែលមានចម្ងាយ៥០ម៉ែត្រពីស្នាក់ការ ប៉ុន្តែពេលរថយន្តមកឈប់ គឺជ្រុលមកឈប់នៅមុខស្នាក់ការរបស់លោក ។

ដោយឡែក អ្នកធ្វើដំណើរតាមរថយន្ត ក្រុងនោះបាននិយាយថា ពេលកើតហេតុនោះ ប៉េអឹមដែលសុទ្ធតែស្រវឹងបានស្រែកថា គ្រាន់តែគប់លេងផងមិនបាន ? ពួកគាត់បន្តថា ជីវិតមនុស្សក្នុងរថយន្តទាំងក្មេងចាស់ជាង៤០នាក់ មិនមែនស្លាប់ហើយអាចទិញវិញបានតាមផ្សារឡើយ ។ កោតតែប៉េអឹមទាំងនោះប្រើពាក្យគប់លេងទៅកើត ។ សម្តីនេះជាសម្តីក្មេងទំនើងទៅវិញទេ ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី១២ សីហា លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក សុខ ចាន់មុនី តំណាងក្រុមហ៊ុនរថយន្តក្រុង បានមកពិនិត្យមើលរថយន្ត និងអ្នកដំណើរ ដើម្បីដោះស្រាយសម្របសម្រួលគ្នា ។ គេមិនដឹងថា ទទួលបានលទ្ធផលបែបណានោះទេ ប៉ុន្តែបើសម្រួលមិនត្រូវគ្នាទេ នឹងចាត់ការតាមផ្លូវច្បាប់ ។ ចង់ដឹងថា តើមានប៉េអឹមបែបនេះសល់ប៉ុន្មាននាក់ទៀតនៅទីនោះ ?



ដោយ ៖លក្ខិណា

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]