ខេត្តបាត់ដំបង ៖ យុវជនម្នាក់ដែលគេស្គាល់ថា ជានិស្សិតផ្នែកបច្ចេកទេស ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី១០ សីហា ២០១៣ នៅចំកណ្ដាលថ្នល់លើផ្លូវជាតិលេខ៥ ខាងកើតរង្វង់មូលរូបសំណាក លោកតាដំបងគ្រញូង ប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ប៉ុន្តែ សមត្ថកិច្ចនៅមិនទាន់ហ៊ានធ្វើការសន្និដ្ឋាន បែបណានោះទេ ដោយសារជនរងគ្រោះមានស្នាមរបួសដូចគេអារក. ។

យុវជនរងគ្រោះដល់ស្លាប់ឈ្មោះ សារិត ម៉ារីណែត អាយុ ២៤ឆ្នាំ ជានិស្សិតផ្នែកបច្ចេកទេសឆ្នាំទី៣ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ។ សមត្ថកិច្ចបាននិយាយឱ្យដឹងថា អ្នកដំណើរបានប្រទះឃើញយុវជននេះ ដេកស្លាប់ចំកណ្ដាលផ្លូវ ដែលមានស្នាមដួលម៉ូតូអូសជាង ១០ម៉ែត្រ និងមានស្នាមរបួសត្រង់បំពង់ក. ដូចមានគេចាប់អារដោយកាំបិត ។

បើតាមប្រភពខ្លះថា យុវជននោះ អាចជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ តាមការពិនិត្យរបស់សមត្ថកិច្ចថា សាកសពយុវជននោះ មិនមានស្នាមរបួសច្រើនទេ ក្រៅពីស្នាមរបួសធ្ងន់ធ្ងរត្រង់បំពង់ក ។ ទោះជាបែបណា ភ្លាមៗនោះ សមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋានឲ្យប្រាកដនៅឡើយទេ ហើយបានបញ្ជូនសាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យ ក្រោយពេលពិនិត្យរួចរាល់៕

បញ្ចូលអត្ថបទ ៖ វីយូឡែត

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]