ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ ខ្លួនបន្ទាប់ពី ក្រុមគ្រួសារខាងស្រីចោទប្រកាន់ ថាបានចាប់រំលោភ កូនស្រីនៅក្នុងបន្ទប់ នៅម៉ោង៣ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ ស្ថិតក្នុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។

អ្នកភូមិម្នាក់បានឲ្យដឹងថា យុវជន ចាន់ ណារ៉ុង អាយុ២២ ឆ្នាំ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅក្នុងផ្ទះ ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ នៅម៉ោង៤ រសៀល បន្ទាប់ពីបាន ត្រឡប់មកពីផ្ទះ សង្សារខ្លួនដែលនៅក្បែរគ្នា ។ អ្នកភូមិរូបនោះបានឲ្យដឹងទៀតថា នៅម៉ោងប្រមាណ៣ រសៀល ចាន់ ណារ៉ុង បានទៅលេងផ្ទះ សង្សារត្រូវជាប្អូនស្រីមិត្តភ័ក្រ ដែលទើបតែមានអាយុ១៦ ឆ្នាំ ប៉ុន្តែបន្ទាប់ពីត្រឡប់មកផ្ទះ វិញបានមួយម៉ោងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

អ្នកភូមិបានឲ្យដឹងទៀតថា ណារ៉ុង ត្រូវបានក្រុមគ្រួសារខាងស្រីចោទប្រកាន់ថា បានរំលោភកូនស្រីរបស់ គាត់នៅក្នុងបន្ទប់ បន្ទាប់ពីប្អូនស្រីនារីរងគ្រោះដែលទើបតែមានអាយុ១៦ ឆ្នាំ បានឃើញអ្នកទាំងពីរ ចេញពីក្នុងបន្ទប់ ។

ជុំវិញនិងករណីនេះដែរ ណារ៉ុង ដែលត្រូវបានសង្ស័យក្នុងអំពើរំលោភនោះ បានបដិសេធ ហើយបាន បង្ហើបប្រាប់ភ្នាក់ងារដើមអម្ពិលថា មិនបានរំលោភនារីដែលជាសង្សារនោះទេ ។ ឈ្មោះណារ៉ុង បាននិយាយថា “ខ្ញុំបានទៅលេងផ្ទះនាង នៅម៉ោងប្រមាណជាង៣ រសៀល បន្ទាប់មកខ្ញុំក៏ឡើងទៅគោះទ្វារបន្ទប់ រួច ចូលទៅក្នុងហើយចាប់ថើបក្បាលនាងពីរ បីខ្សឺត រួចក៏ចេញមកវិញ” ។

មន្រ្តីនគរបាលបានឲ្យដឹងថា លោក ចាន់ ណារ៉ុង ឥឡូវកំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕

ដោយៈ ប៉ិច ន:

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]