ខេត្តកំពង់ស្ពឺ ៖ កសិដ្ឋានចិញ្ចឹមមាន់ចំនួនពីរ បានត្រូវអគ្គិភ័យ លេបត្របាក់អស់គ្មានសល់បណ្ដាល ឱ្យមាន់ជាង១ម៉ឺនក្បាលងាប់ ក្នុងភ្នក់ភ្លើង និងបង្កឱ្យខាតបង់អស់រាប់ម៉ឺនដុល្លារ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៣១ កក្កដា នៅជិតភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ដែលម្ចាស់រោងមាន់ឈ្មោះពៅ ភេទស្រី អាយុ៤៥ឆ្នាំ ។ ប្រភពពីសមត្ថកិច្ចបានស្រង់សម្ដី ពីកម្មករដាក់ចំណីមាន់ឱ្យដឹងថា មុនពេលកើតហេតុគឺមានការឆ្លងចរន្តអគ្គិសនី បែកផ្កាភ្លើងបង្កឱ្យឆាបឆេះដំបូលរោង យ៉ាងសន្ធោសន្ធៅ ពេលនោះក្រុមកម្មករបាននាំគ្នាដង ទឹកជះពន្លត់ដែរតែមិនអាចឈ្នះអំណាចភ្លើង ។ ពេលឃើញដូច្នេះ ពួកគាត់បានទូរស័ព្ទទៅសមត្ថកិច្ច ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ។

បន្ទាប់ពីភ្លើងឆេះសន្ធោសន្ធៅនៅរោងទី១ ហើយក៏បានឆ្លងទៅឆេះរោងមាន់មួយទៀត បើទោះជារថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្តមួយគ្រឿង បានបាញ់ពន្លត់យ៉ាងណាក៏ដោយភ្លើងក៏ នៅតែឆេះដដែល ។ ប្រភពពីម្ចាស់រោងមាន់បានឱ្យដឹងដែរថា មាន់ដែលងាប់ក្នុងភ្លើងឆេះនេះមាន ប្រមាណជិត២ម៉ឺនក្បាល ហើយចំពោះរោងវិញក្នុងរោងមួយត្រូវចំណាយអស់ជាង១ម៉ឺនដុល្លារ ។ ក្រុមគ្រួសាររបស់គាត់រំពឹងតែលើរោងមាន់នេះប៉ុណ្ណោះ តែពេលនេះត្រូវភ្លើងឆេះអស់គ្មានសល់ឡើយ។

លោកសេន វណ្ណសក្ដិ មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកសំរោងទងបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានគ្រោះអគ្គិភ័យកើតឡើង កម្លាំងសមត្ថកិច្ចក៏បានចេញជួយអន្តរាគមន៍ ដល់កន្លែងកើតហេតុ ហើយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្ត បានបាញ់ទឹកអស់ជាង២០រថយន្ត ទើបភ្លើងរលត់ទាំងស្រុងតែមិនអាច ជួយស្ដារការបាត់បង់បានទេ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]