ខេត្ដបន្ទាយមានជ័យ ៖ យោងតាមប្រភពព័ត៌មានមួយ ដែលគួរទុកចិត្ដបាន និងកំពុងមានមតិរិះគន់ជាច្រើនផងដែរ បានឱ្យអ្នកយកព័ត៌មានដឹងកាលពីថ្ងៃទី៣១ កក្កដាថា មន្ដ្រីនគរបាលខេត្ដជាច្រើននាក់ដែលពួកគេខិត ខំបំពេញកាតព្វកិច្ចរបស់ខ្លួនជានគរបាល មានតួនាទីក្នុងការងារបម្រើ សន្ដិសុខជាតិ និងបម្រើការងារជាយូរឆ្នាំ និងខ្លះជិតដល់អាយុចូលនិវត្ដន៍ទៅ ហើយមិនមានឋានន្ដរស័ក្ដិ ឬតួនាទីអ្វីសក្ដិសមទៅនឹងការងាររបស់ខ្លួន ដែលខិតខំតស៊ូបំពេញភារកិច្ចជា មន្ដ្រីនគរបាលយូរឆ្នាំនោះទេ បែរជាមានមន្ដ្រីនគរបាលខ្លះ «ទើបនឹងញាស់» មានតួនាទី និងមានឋានន្ដរស័ក្ដិលើសមន្ដ្រីនគរបាល ដែលធ្លាប់ធ្វើការយូរឆ្នាំ (ខ្លះសម័យសង្គ្រាម) មកម៉្លេះ ដែលមិនដឹងថា ការិយាល័យបុគ្គលិកទទួល លាភសក្ការពីអ្នកទាំងអស់នោះ ឬបែបណាទេ ។

ប្រភពដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៧ កក្កដាកន្លងទៅ នៅស្នងការដ្ឋាននគរបាលខេត្ដ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិដល់មន្ដ្រីនគរបាល ជាតិនៃស្នងការដ្ឋានខេត្ដ ស្រាប់តែមានមន្ត្រីនគរបាលខ្លះដែលទើបចូល បម្រើការងារជាកងកម្លាំងនគរបាលនៅឆ្នាំ២០០៧ ហើយមិនដែលមានមុខមកធ្វើការ ក្រៅពីថ្ងៃចន្ទមកគោរពទង់ជាតិ និងពេលខ្លះគ្មានមុខទៀត ដែលជាអាជីវករលក់ដូរនៅផ្សារសិរីសោភ័ណ និងបើកបង្រៀនរថយន្ដ បែរជាត្រូវបានប្រកាសតែងតាំងមុខ តំណែងជានាយរងការិយាល័យយ៉ាងហំហួនទៅវិញ ។ ប្រការនេះធ្វើឱ្យមន្ដ្រីនគរបាលឯទៀតបាក់ទឹកចិត្ដ និងថ្នាំងថ្នាក់អាក់អន់ចិត្ដយ៉ាងខ្លាំង ដោយមិនដឹងថា ការតែងតាំង និងការដំឡើងឋានន្ដរស័ក្ដិនោះផ្អែកទៅលើអ្វីទេ ។ ក្នុងនោះដែរមិនមែនតែ មន្ដ្រីនគរបាលម្នាក់នោះទេ ដែលត្រូវបានឡើងមុខតំណែង គឺមានអ្នកផ្សេងៗទៀត ដែលទើបចូលបម្រើការងារជានគរបាល បានទទួលមុខតំណែង និងឋានន្ដរស័ក្ដិ រហូតដល់មានមន្ដ្រីខ្លះគេវាយតម្លៃថា ត្រឹមមេការិយាល័យបុគ្គលិក នៅតាមបណ្ដាស្រុក-ក្រុង មានអ្នកអែបស៊ីអប ព្រោះក្រែងមិនបានឡើងស័ក្ដិ ឬឋានៈទៀតផង គ្រាន់បើជាងស្នងការរងទៅទៀត ។

ប្រភពដដែលឱ្យដឹងថា ម៉្យាងវិញទៀតលោកមេការិយាល័យ បុគ្គលិកក៏ត្រូវចូលនិវត្ដន៍តាំងពីខែមករា ២០១៣មកម៉្លេះ តែមកទល់ពេលនេះមិនទាន់ឃើញ មានការប្រកាសជាផ្លូវការនៅឡើយទេ បើមន្ដ្រីនគរបាលត្រូវចូលនិវត្ដន៍មុនៗ តែងបានប្រកាសភ្លាមៗតែម្ដង ។ ជុំវិញការថ្នាំងថ្នាក់របស់មន្ដ្រីនគរបាលនេះ កោះសន្ដិភាពស្វែងរកការបំភ្លឺពីមន្ដ្រី ពាក់ព័ន្ធមិនទាន់បាននៅឡើយទេ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]