ខេត្តព្រៃវែង ៖ ស្ថានីយប្រេងឥន្ធនៈយីហោសូគីមិុចហេង ណូរ៉ា ដែលស្ដុកប្រេងសាំង ប្រេងម៉ាស៊ូត និងជីគីមី ស្ថិតនៅក្បែរគល់ស្ពានស្រុក កំពង់ត្របែកត្រើយខាងកើតជាប់ផ្លូវជាតិលេខ១ និងជាប់មាត់ទន្លេក្នុងទី ប្រជុំជនស្រុកកំពង់ត្របែក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាង សន្ធោសន្ធៅនៅវេលាម៉ោង៤រសៀលថ្ងៃទី១ សីហា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគឺជាមហន្តរាយដ៏ធំមួយ ។ ការឆាបឆេះដែលមិនអាចពន្លត់ បាននេះគឺហ្វុយប្រេងសាំងធំៗ និងប៊ីដុងបានផ្ទុះផ្លោងបាចសាចប្រេង កាន់តែឆាបឆេះយ៉ាងខ្លាំង ប៉ុន្តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់ក្នុងហេតុការណ៍ មហន្តរាយដ៏ធំនេះទេ ។

រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង២គ្រឿង និងមកពីស្នងការដ្ឋានខេត្តស្វាយរៀង ១គ្រឿងបានមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ក្រោយពីការឆាបឆេះអស់រយៈពេលជិត១ម៉ោង ហើយនៅវេលាម៉ោងជិត៦ល្ងាចក្នុងថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការណ៍បាន តែមិនអាចជួយផ្ទះ និងស្ថានីយដែលឆាបឆេះនេះបានទេ ។ ប៉ុន្តែការពារបានលំនៅឋានប្រជា ពលរដ្ឋដែលនៅក្បែរគ្នា តាមបណ្ដោយមាត់ទន្លេមិនឱ្យក្លាយ ជាចំណីភ្លើង ។  មូលហេតុនៃការបង្កឱ្យមានអគ្គិភ័យឆាបឆេះនេះមិ នទាន់មានការផ្ដល់ព័ត៌មានផ្លូវការណាមួយ ឱ្យដឹងនៅឡើយទេ ។ ប្រភពមួយបានអះអាងថា បណ្ដាលមកពីការទុស្សេចរន្តអគ្គិសនី និងប្រភពមួយទៀតថា បណ្ដាលមកពីចង្ក្រានប្រើធ្យូងដាំបាយ ។ ម្ចាស់ស្ថានីយប្រេងឥន្ធនៈនេះប្ដីឈ្មោះអៀត ហេង និងភរិយាឈ្មោះណូរ៉ា ។

ភ្លើងត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង៦ និង២០នាទី ។ ចាត់ទុកថាជាសំណាងល្អមួយផងដែរ ដែលការឆាបឆេះស្ថានីយប្រេងសូគីមិុចហេង ណូរ៉ា នេះ ដែលនៅម្ខាងផ្លូវនោះដែរក៏មានស្ថានីយប្ រេងឥន្ធនៈតេលាមួយផងដែរ ស្ថិតនៅចម្ងាយពីគ្នាប្រមាណជិត២០ម៉ែត្រ ។ ទោះបីមានការឆាបឆេះស្ថានីយជាប់ផ្លូវជាតិក្ដីក៏មិន បានរំខានដល់ការធ្វើដំណើរឆ្លងកាត់នោះទេ ដោយសារតែសមត្ថកិច្ចមាននគរបាល និងកងរាជអាវុធហត្ថបានធ្វើសកម្មភាព ការពារសណ្ដាប់ធ្នាប់យ៉ាងសកម្មព្រោះមនុស្សរាប់ រយនាក់ផ្អើលមកចោមរោមមើលអណ្ដាតភ្លើង ដែលឆេះសន្ធោសន្ធៅគួរឱ្យខ្លាចនេះ ព្រោះមានផ្សែងខ្មៅហុយទ្រលោមកប់អាកាស ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

វីដេអូពី ហ្វេកប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]