ភ្នំពេញ៖ ស្រ្តី២នាក់ បានរងរបួសធ្ងន់ ឯយុវជនម្នាក់ទៀត ក៏ត្រូវបានបញ្ជូន ទៅកាន់មន្ទីរភ្លាមៗនោះដែរ បន្ទាប់ពីបានជិះម៉ូតូបុក នៅចំណុចមុខភោជនីយដ្ឋានអ័រគីដេ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោង១៨ និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យុវជន ឡូញ ចំរើន អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូស្កុបពី ពណ៌ឈាមជ្រូក ទៅបុកអ្នកស្រីយ៉ែម សុធី អាយុ៥៧ឆ្នាំ និងអ្នកស្រីណាក់ សំអូន អាយុ៣០ឆ្នាំ ពេលកំពុងចុះពីម៉ូតូកង់បីដើរឆ្លង ផ្លូវ។ សាក្សីបានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកទាំងបីររងរបួសធ្ងន់ដូចគ្នា ខ្លះបាក់ដៃ ខ្លះបែក ក្បាល ឯយុវជនដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់ជាងគេ ក្រោយមកត្រូវបាន រថយន្តដឹកយកទៅសង្រោះ នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយពេលក្រោយ។ មន្រ្តីនគរបាលបានឲ្យដឹងថា លោក ឡូញ ចំរើន អាយុ១៩ឆ្នាំ បើកម៉ូតូស្កុបពី ពណ៌ឈាមជ្រូក ជាសិស្ស ស្នាក់នៅភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ចំណែកឯអ្នកស្រីយ៉ែម សុធី និងអ្នកស្រីយ៉ែម សំអូន មានស្រុកកំណើតនៅ ភូមិត្រពាំងសំណព្វ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត  ៕

ដោយ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]