លោក វិជ្ជបណ្ឌិត ណារ៉ុង សាហាមេថាផាត់ (Narong Sahamethapat) អគ្គលេខាធិការ នៃក្រសួងសុខាភិបាលថៃ បានថ្លែងថា នៅរៀងរាល់រដូវវស្សា មានផ្សិត ដុះជាច្រើនប្រភេទ ធ្វើឲ្យក្រសួងសុខាភិបាល មានការព្រួយបារម្ភ ជាពិសេស ប្រជាពលរដ្ឋដែលបាន បរិភោគផ្សិតព្រៃទាំងនោះជាអាហារ។

ផ្សិតទាំងអស់នោះមានទាំងផ្សិតអាច បរិភោគបាន និង មានទាំងផ្សិតពុល ដែលមានលក្ខណៈស្រដៀងគ្នា ជាកត្តាដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការភ័ន្តច្រឡំ និង គ្រោះថ្នាក់ដល់អាយុជីវិត នាពេលកន្លងមក។ យោងតាមគេហទំព័រ Thai News នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៣នេះ មន្រ្តីសុខាភិបាលថៃ បានធ្វើការព្រមានដល់ប្រជាពលរដ្ឋថៃទូទាំងប្រទេស អំពីការបរិភោគផ្សិតព្រៃ បន្ទាប់ពីមានមនុស្សជាង ៦០០នាក់បានបរិភោគផ្សិតពុល។ 

អគ្គលេខាធិការ នៃក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា យោងតាមរបាយការណ៍ នាយកដ្ឋានរោគរាលត្បាត បានឲ្យដឹងថា នៅដើមរដូវស្សាឆ្នាំនេះ តួរលេខទូទាំងប្រទេស មានអ្នកជម្ងឺបរិភោគផ្សិតពុល ដែលបានសម្រាកក្នុងមន្ទីរពេទ្យ មានចំនួន ៦៤៩នាក់ ភាគច្រើននៅតំបន់ភូមិខាងជើង ឆៀងខាងកើតនៃប្រទេស។ បន្ទាប់ពីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យរកឃើញថា អ្នករងគ្រោះដោយសារផ្សិតពុលភាគច្រើន គឺអ្នកបរិភោគផ្សិតព្រៃដែលភាគច្រើនជាប្រជាពលរដ្ឋ មានការភ័ន្តច្រឡំចំពោះ អំបូរផ្សិតពងក្ងានដែលអាចបរិភោគបាន និង ផ្សិតពុលដែលលក្ខណៈស្រដៀងគ្នា និងពិបាកក្នុងការសម្គាល់ថា ផ្សិតអាចបរិភោគបាន និងផ្សិតពុល ដូច្នេះក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់។ ហាមបរិភោគប្រភេទផ្សិតព្រៃ ដែលមានការសង្ស័យ និងមិនស្គាល់ច្បាស់លាស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ៕

នេះជាការប្រមានពីក្រសួងសុខាភបាលប្រទេសថៃ តែចំពោះប្រទេសកម្ពុជាយើង ក៏គួរតែមានការប្រុងប្រយ័ត្នដូចគ្នា ចំពោះប្រជាពលរដ្ឋដែលបរិភោគផ្សិតព្រៃជាអាហារ។ សូមទស្សនារូបភាពខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]