រាជធានីភ្នំពេញ ៖ តារាចម្រៀង ឱក សុគន្ធកញ្ញា តាំងពីចូលដល់រដូវភ្លៀងមក ហាក់បាត់មុខពីវេទិកាសិល្បៈ ខុសពីអ្នករួមអាជីពនៅហង្សមាសជាមួយនាង ។ តាមការអះអាងពីអ្នកសិល្បៈមួយចំនួនឱ្យដឹងថា ឱក សុគន្ធកញ្ញា ទទួលបានភាពលេចធ្លោស្ទើរតែផុតដាច់ គេកាលពីមុនខែភ្លៀង ដោយចេញមុខគ្រប់កន្លែងឱ្យក្រុមហ៊ុន ល្បីៗ ។ ម៉្លោះហើយទើបអំឡុងពេលនេះ នាងមិនសូវឡើងឆាកប៉ុន្មានទេ ដើម្បីហាត់រៀនក្បាច់រាំ ថ្មីៗត្រៀមសម្តែងនៅចុងឆ្នាំ ។

គ្រាន់តែដើមឆ្នាំ២០១៣ចូលមកដល់ ឱក សុគន្ធកញ្ញា ក្តោបយកការងារ ធំៗ ជាច្រើនពិសេសឡើងច្រៀងតាមទូរទស្សន៍ ពីស្ថានីយមួយទៅស្ថានីយមួយ ។ យុវវ័យដែលនិយមតាមដានរាល់សកម្មភាព របស់តារាសំណព្វចិត្តរបស់ពួកគេ ច្បាស់ជាចាំបានថា កាលពីប៉ុន្មានខែមុននេះ គ្រាន់តែទូរទស្សន៍ហង្សមាសមួយ ឱក សុគន្ធកញ្ញា សម្តែងឱ្យក្រុមហ៊ុនស្រាបៀរ ធំៗដល់ទៅ២ឬ៣ដងក្នុងមួយសប្តាហ៍ ។ លើសពីនេះ នាងចេញមុខឱ្យប៉ុស្តិ៍បាយ័ន ដែលរៀបចំកម្មវិធីសម្តែងតាមខេត្តថែមទៀត ។ ដោយសារតែចេញមុខខ្លាំងពេកនោះហើយ ទើបសុគន្ធកញ្ញា សម្ងំយកពេលសម្រាកឱ្យស្រួលចិត្តខ្លះ ព្រោះតែមានភាពហត់នឿយការងារមួយ រយៈកន្លងទៅដែលនាងបានបំពេញស្ទើរតែរើ ខ្លួនលែងរួចទាំងនៅភ្នំពេញ និងនៅតាមបណ្តាខេត្ត ។

ឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានកោះសន្តិភាព ពេលចូលរួមក្នុងកម្មវិធី «តន្ត្រីសន្តិភាព» ជូនគណបក្សប្រជាជនកម្ពុជា កាលពីពេល ថ្មីៗនេះ ឱក សុគន្ធកញ្ញា ឱ្យដឹងថា នាងមិនទាន់មានពេលឡើងច្រៀងនៅ តាមកញ្ចក់ទូរទស្សន៍ដូចមុនទេ ព្រោះតែកន្លងមកនាងចេញមុខច្រៀងតាមកម្មវិធីច្រើន ឱ្យក្រុមហ៊ុនពីមួយទៅមួយជាប់គ្នារដឹក ក្នុង១សប្តាហ៍លេចមុខយ៉ាងហោចណាស់ពីរដង ហើយជាច្រើនខែទៀត ។ ម៉្លោះហើយទើបចេះតែចង់ទុកពេលសម្រាកខ្លះ និងទុកពេលថតបទចម្រៀង ថ្មីៗជាច្រើនទៀត ដែលហង្សមាសរៀបចំឱ្យនាងច្រៀងផង និងសម្តែងខារ៉ាអូខេតាមតំបន់មួយចំនួនទៀត ។

តារាចម្រៀងដែលពីមុនល្បីរឿងស្ នេហាជាមួយតន្ត្រីករ រ៉េត ធីដូណា បញ្ជាក់ថា ទុកឱ្យគេចេញមុខម្តងក៏មិនអីដែរ បើនាងចូលរួមច្រើនដងពេកពិតជាមិនមានបទ ថ្មីៗសម្តែងជូនមិត្តយុវវ័យឡើយ គឺមានតែបទ ដដែលៗ របៀបរាំ ដដែលៗ គ្មានអ្វីប្លែក ទើបចេះតែខ្លាចគេថា យកស្នៀត ចាស់ៗមកសម្តែង ។ អុីចឹងហើយទើបប៉ុន្មានខែនេះ នាង និងក្រុមរាំផ្ទាល់ខ្លួនបានណាត់គ្នាហាត់ រាំមិនឱ្យដាច់ទេ ដើម្បីពិភាក្សាចាប់យកចំណុច ផ្សេងៗនៃក្បាច់រាំដើម្បីឱ្យប្លែក និងរិះរកវិធីសម្តែងថ្មីណាដែល ពិសេសជាងរាល់ដង ចែកជូនទស្សនិកជន ព្រោះជានិច្ចកាលនាងតែងតែមានអ្វីប្លែកជុំវិញទម្រង់សិល្បៈ ដើម្បីឱ្យមហាជនបានសប្បាយ មិនឱ្យ ដដែលៗជាដាច់ខាត ។

សុគន្ធកញ្ញា អះអាងថា មិនខុសពីឆ្នាំកន្លងទៅឡើយ នាងមិនមានកិច្ចសន្យាចេញទៅច្រៀង នៅក្រៅប្រទេសនាចុងឆ្នាំឡើយ ព្រោះមិនទាន់បានប៉ុន្មានផង នាងទទួលបានការងារ យ៉ាងច្រើននារដូវកាលចុងឆ្នាំនេះ ពីព្រោះមានក្រុមហ៊ុនច្រើនបង្កើត កម្មវិធីប្រគំតន្ត្រីខ្នាតធំ ដោយនាំតារា ល្បីៗច្រើនរូបចូលរួមច្រៀងដើម្បីឃោសនាផលិតផល ។ លើសពីនេះ នៅមានកម្មវិធីបុណ្យអុំទូក ចូលឆ្នាំសាកល និងកម្មវិធី ផ្សេងៗទៀត ដែលចាំបាច់រូបនាងត្រូវតែមានស្នៀត ប្លែកៗរាំច្រៀងកំដរអ្នកទស្សនាដើម្បីឱ្យប្លែកភ្នែក ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា