ភ្នំពេញៈ ប្អូន​ប្រុស​សេដ្ឋី​ម្នាក់​ដែល​ជា​ម្ចាស់​ធនាគារ​កម្ពុជា​ពាណិជ្ជ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ករណី​បាញ់​សម្លាប់​បុរស ​វ័យ​ក្មេង​ម្នាក់​កាល​ពី​សប្តាហ៍​មុន​នៅ​រាជធានី​ភ្នំពេញ។

លោក អ៊ុច សុខុន អធិការ​នគរបាល​ខណ្ឌ​ចំការមន បាន​ថ្លែងថា លោក ជា​ រតនៈ ជា​ប្អូន​ប្រុស​ឧកញ៉ា ជា រតនា ​ម្ចាស់​ធនាគារ​កម្ពុជា​ពាណិជ្ជ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​កាល ពី​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង​៧​ល្ងាច ក្នុង​សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា៖ «​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​នគរបាល​កាល​ពី​ថ្ងៃ​ទី​៥ មករា ​បន្ទាប់​ពី​បាន​បាញ់​ជន​រងគ្រោះ​ឲ្យ​ស្លាប់​នៅ​មុខ​ផ្ទះ​គាត់​ក្នុង សង្កាត់​ទំនប់​ទឹក។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ចោទ​ប្រកាន់​នេះ នៅ​រសៀល​ម្សិលមិញ​»។

ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​លើ​លោក ជា រតនៈ លោក សុខ រឿន ​ព្រះ​រាជ​អាជ្ញារង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ មិន​អាច​ទាក់ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។

នគរបាល​ម្នាក់​នៅ​សង្កាត់​ទំនប់​ទឹក​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ ថា ​លោក ជា រតនៈ ​អាយុ​៣២​ឆ្នាំ គឺជា​នគរបាល​មួយ​រូប បម្រើ​ការ​នៅ​នាយក​ដ្ឋាន​នគរបាល​អធិការ​កិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​។

ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​នោះ លោក​បាន​រៀបរាប់​ថា កាល​ពី​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ​២០១២ នៅ​ម៉ោង​ប្រហែល​៧​ល្ងាច លោក ជា រតនៈ បាន​បើក​ឡាន​ឡិច​ស៊ីស​របស់​គាត់​ ដើម្បី​ចូល​ផ្ទះ នៅ​សង្កាត់​ទំនប់​​ទឹក​ ខណ្ឌ​ចំការមន។

លោក​បាន​បន្ត​ថា ​៖ «នៅ​ពេល​គាត់​បើក​ឡាន​មក​ដល់​ផ្ទះ គាត់​បាន​ឃើញ​មាន​យុវជន​ចំនួន​បួន​នាក់ ជា​មួយ​ម៉ូតូ​ពីរ​គ្រឿង​កំពុង​ចត​និង​ឈរ​នៅ​មុខ​ទ្វារ​ចូល​ផ្ទះ​គាត់​។ ដើម្បី​បណ្តេញ​ពួក​គេ​ឲ្យ​ចេញ​ពី​ផ្ទះ គាត់​បាន​បាញ់​កាំភ្លើង​មួយ​គ្រាប់​ឡើង​លើ​»។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា បន្ទាប់​ពី​ការ​បាញ់​កាំភ្លើង​មួយ​គ្រាប់​នោះ យុវជន​ទាំង​បួន​នាក់​នោះ​បាន​រុញ​ម៉ូតូ​ចេញ​យឺត​ៗ​ពី​កន្លែង​ចត​នោះ ហើយ​ពួក​គេ​ហាក់​បី​ដូច​ជា​ខឹង​ជា​មួយ​គាត់​ នឹង​បាន​សម្លឹង​មុខ​គាត់​។

លោក​បាន​ថ្លែង​ទៀត​ថា ៖ «គាត់​ក៏​បាន​បាញ់​កាំភ្លើង​ចំនួន​ពីរ​គ្រាប់​ទៀត​ទៅ​លើ​ពួក​គេ​ ពីព្រោះ​គាត់​ខឹង​ពួក​គេ... ដោយ​សារ​ពួក​គេ​មើល​មុខ​គាត់​»។

​លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ការ​បាញ់​ចុង​ក្រោយ​នោះ ​យុវជន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បួន​នាក់​នោះ​បាន​​រង​របួស​ធ្ងន់ធ្ងរ ​ហើយ​បាន​ស្លាប់​នៅ​១៥​នាទី​ក្រោយ​បន្ទាប់​ពី​ការ​បាញ់​នោះ​ ខណៈ​កំពុង​គ្រា​ដោយ​មិត្ត​ភក្តិ​យក​ទៅ​គ្លីនិក ក្នុង​ខណ្ឌ នៅ​ជិត​នោះ។

លោក ជា រតនៈ មិន​អាច​ទាក់ទង​ ដើម្បី​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​៕ 

ដកស្រង់ពី Phnom Penh Post

ព័ត៏មានបន្ថែម៖ លោក​ឧកញ៉ា​ជា រតនា ​នឹង​ប្ដឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​ពី​បទ​​ផ្សាយ​ព័ត៌មាន​មិន​ពិត​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]