រាជធានីភ្នំពេញ ៖ អ្នកចម្រៀងដែលអាចប្រើសំឡេង ច្រៀងបទប្រុសក៏បាន បទស្រីក៏បាន គឺកញ្ញារ៉ូលីន ឬលោករ៉ូលីន មួយរយៈចុងក្រោយនេះមានព័ត៌មានថា តាំងពីឡើងកូដមកវាយ ឫកឆ្មើងពើងទ្រូងដាក់គេឯង លែងស្គាល់អ្នកជុំវិញខ្លួន រហូតធ្វើឱ្យគេរិះគន់ ។ ឆ្លើយតបនឹងការលើកឡើងនេះរ៉ូលីនថា មិនមែនជាការពិតទេ ព្រោះភាពឆ្មើងនេះនាងទាត់ចោល មិនយកដាក់ខ្លួនជាដាច់ខាតនាំឲ្យស្អុយឈ្មោះ ។

អ្នកចម្រៀងភេទទី៣រ៉ូលីន បន្ទាប់ពីជោគជ័យពេលសម្តែងនៅ ប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១២មក នៅក្នុងស្រុកអាជីពសិល្បៈ ហក់ឡើងខ្ពស់ ។ នេះជាអ្វីដែលធ្វើឱ្យរ៉ូលីនសប្បាយចិត្ត តែនៅពេលគេលើកឡើងថា នាងឆ្មើងឆ្មៃភ្លេចធាតុដើមធ្វើឱ្យ នាងមិនសប្បាយចិត្ត ។ រ៉ូលីនបញ្ជាក់ថា នាងមិនភ្លេចធាតុដើមទេ ព្រោះបញ្ហារបស់អ្នកសិល្បៈ នាងយល់ច្បាស់ណាស់ថា កាន់តែល្បី កាន់តែអោន ។ នាងទៅណាមកណាមិនថា តែអ្នកស្គាល់ទេ ឲ្យតែគេបែរភ្នែកចំមក គឺនាងញញឹមទៅវិញជានិច្ច លើកលែងតែនាងមិនបានឃើញ ។

រ៉ូលីនដែលពេលនេះមានមុខក្នុងខ្ សែភាពយន្តពីរបីព្រមគ្នាដាក់បញ្ចាំងនៅតាម កន្លែងកម្សាន្តល្បីៗនិយាយថា នាងសប្បាយចិត្តដែលគេប្រាប់ចំណុចនេះដើម្បី ឲ្យនាងជៀសចេញពីការភ្លេចខ្លួន ព្រោះស្រួលមិនស្រួលនាងអាច នឹងហក់ទៅមុខទៀត បន្ទាប់ពីកែខៃ និងចេះប្រយ័ត្ន ។ នាងនឹងព្យាយាមធ្វើយ៉ាងណាដើរលើវិថីសិល្បៈ ឲ្យបានល្អទៅមុខទៀត ទោះជាធ្វើឆ្កួតឡប់ៗដូច ពេលនេះ ក៏ធ្វើដែរ ដើម្បីឲ្យទស្សនិកជនបានសើច សប្បាយផុតពីទុក្ខព្រួយខ្លះៗ ។

ទាក់ទិននឹងការងារសិល្បៈ រ៉ូលីនដែលជាអតីតនិសិ្សតផ្នែកអក្សរ សាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យន័រតុន បញ្ចប់ក្នុងឆ្នាំ២០០៨ឲ្យដឹងថា នាងកំពុងតែត្រៀមខ្លួនចេញ ទៅច្រៀងនៅអាមេរិក បន្ទាប់ពីបានទៅអូស្ត្រាលី កាលពីឆ្នាំ២០១២ រយៈពេល៣ខែជាមួយលី ច័ន្ទសីហា តូតា និងលោកជិន ស៊ីណារ៉ាក់ ។ នេះជាជោគជ័យថ្មីមួយទៀតទាក់ទិន នឹងអាជីពសិល្បៈរបស់នាង។ នៅទីនោះ នាងលើកយកបទ ចម្រៀងសម័យមុន ពិសេសបទចម្រៀងរបស់អ្នកស្រីប៉ែន រ៉ន ច្រៀងជូនបងប្អូនខ្មែរយើងស្តាប់កម្សាន្ត មិនឲ្យខុសបំណងឡើយ ដោយរក្សាឲ្យបាននូវអត្តសញ្ញាណជាតិខ្មែរ ។

រ៉ូលីនមានបំណងចង់បង្កើតនូវកម្មវិធីប្រគំតន្រ្តីមួយ ដែលប្រមូលផ្តុំទៅដោយតារាមានសំឡេង ស្រដៀងអ្នកស្រីប៉ែន រ៉ន ដើម្បីច្រៀងរាំប្រមូលថវិកាជួយដល់អ្នកក្រីក្រ ។ រ៉ូលីនបញ្ជាក់ថា នាងមានគម្រោងគិតពីការប្រគំ តន្រ្តីបែបមនុស្សធម៌នេះ រយៈពេលយូរមកហើយ តាំងពីមានការទទួលស្គាល់ពីមហាជន ព្រោះនាងចង់សម្តែងការដឹងគុណ ចំពោះអ្នកចម្រៀងពីដើមដែលនាង បានយកលំនាំតាមមកសម្តែង ។ ការប្រគំតន្ត្រីនោះគឺនាងចង់ដាក់ ប្រធានបទថា «ការប្រគំតន្រ្តីដឹងគុណឪពុកម្តាយ» ហើយកំពុងតែរកទីប្រឹក្សា ជួយជាគំនិត ។ តាមគម្រោងនាងជ្រើសយកអ្នកនាងម៉ៅ ស៊ីណាត និងអ្នកនាងគីង សូរីយ៉ា និងរូបនាងផ្ទាល់សម្តែងនៅក្នុងប្រទេស យើងនាពេលវេលាសមស្របណាមួយដើម្បីរកថវិកា ជួយសម្រួលដល់លោកតា លោកយាយ ក្មេងកំព្រា នៅក្នុងប្រទេសយើងដែលជាបំណង របស់នាងគិតយូរមកហើយ គឺឱ្យតែមានលទ្ធភាព នាងនឹងធ្វើអ្វីដែលល្អជួយ ដល់សង្គមខ្លះ ។    

លោករ៉ូលីន ឬកញ្ញារ៉ូលីន មានឈ្មោះដើមជួបច័ន្ទ កក្កដា កើតនៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ១៩៨៤ នៅរាជធានីភ្នំពេញ ។ ឪពុករបស់រ៉ូលីនឈ្មោះជួប សុភាព អតីតជាអ្នកបម្រើ ការងារនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលមរណភាពកាលពីឆ្នាំ២០១០ ដោយសារជំងឺ និងម្តាយឈ្មោះស៊ិន ស៊ីថា អាយុ៦៤ឆ្នាំ ជាគ្រូពេទ្យ។ រ៉ូលីនជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ ប្រុសទាំងអស់ ។ 
ដំណើរចូលក្នុងវិថីសិល្បៈរបស់រ៉ូលីន គឺបានលោកអេឡិច ចិន្ត្រា និងនាងឆៃលី ដាឡែន ជាអ្នកត្រួសត្រាយផ្លូវ គឺជួួយសុំស្ថានីយទូរទស្សន៍ឱ្យឡើងសម្តែង ដោយបើកឆាកដំបូងនៅស៊ីធីអិុន។ តាំងពីនោះមកនាងមានមុខឡើង ច្រៀងជាហូរហែទាល់តែល្បីឈ្មោះ ៕    







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]