ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ១ឆ្នាំ ៨ខែ បានពុលពងគីង្គក់ស្លាប់ និង៤នាក់ផ្សេងទៀតកំពុងទទួលការ សង្គ្រោះនៅមណ្ឌលសុខភាពស្រះជីក ស្រុកភ្នំស្រុក បន្ទាប់ពីពួកគេបាននាំគ្នាចាប់គីង្គក់ ដែលមានពងយកមកដុតហូប ។ េហតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី២៣ មិថុនា នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។

លោកអនុសេនីយ៍ទោ សុឹម អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកជោរឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ ឈ្មោះ ឆាម វណ្ណី ឪពុកឈ្មោះ ឆាម វណ្ណា អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ម៉ូវ ប្រឹង អាយុ៣៥ឆ្នាំ បច្ចុប្បន្នទៅធ្វើការនៅប្រទេសថៃ ទុកឱ្យកូនៗ៣នាក់រស់នៅជាមួយជីតាឈ្មោះ ម៉ូវ ឆាម អាយុ៦៨ឆ្នាំ ដែលជាជនពិការស្វិតជើងទាំង២ និងយាយឈ្មោះ ឡម អាយ អាយុ៦៧ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិ-ឃុំខាងលើ ។

ប្រភពដដែលបន្តថា នៅល្ងាចថ្ងៃកើតហេតុ ក្មេងៗចំនួន៥នាក់នោះមាន ១-ឈ្មោះ ឆាម វណ្ណេត ភេទស្រី អាយុ១១ឆ្នាំ ២-ឈ្មោះ ឆាម វណ្ណយ ភេទស្រី អាយុ៦ឆ្នាំ ៣-ឈ្មោះ ឆាម វណ្ណី (ស្លាប់) ទាំង៣នាក់ជាបងប្អូនបង្កើត ៤-ឈ្មោះ មុ៉ន ស៊ីផា ភេទប្រុស អាយុ៦ឆ្នាំ និង៥-ឈ្មោះ ម៉ុន សា ភេទប្រុស អាយុ១១ឆ្នាំ ទាំងពីរនាក់ជាបងប្អូនបង្កើត ទាំង៥នាក់បានចាប់គីង្គក់ដែលមានពងយកមកដុតរួចនាំគ្នាហូប ។

បន្ទាប់ពីហូបរួចក៏បណ្តាលឱ្យពុលស្លាប់ម្នាក់ឈ្មោះ ឆាម វណ្ណី ដែលមានអាយុតិចជាងគេ ឯ៤នាក់ទៀត ពុលក្អួតចង្អោរ ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅ មណ្ឌលសុខភាពស្រះជីក ស្រុកភ្នំស្រុក ដែលមកដល់ពេលនេះឮ ថាធូរស្រាលគ្រាន់បើហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ៕ 

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]