សេចក្តីស្រលាញ់ គឺជាចំណែកមួយនៃសេចក្តីសុខរបស់មនុស្ស។ មនុស្សដែលខ្វះសេចក្តីស្រលាញ់ គឺខ្វះភាពកក់ក្តៅ ខ្វះមនោសញ្ចេតនា ខ្វះភាពរីករាយ ខ្វះសុភមង្គល និងខ្វះសេចក្តីសុខ។ សេចក្តីស្រលាញ់ធ្វើឲ្យមនុស្សមានភាពចាស់ទុំ ចេះយកចិត្តដាក់ មានទំនួលខុសត្រូវ និងស្គាល់អំពីកាតព្វកិច្ចរបស់ខ្លួនដែលត្រូវបំពេញ។ ដើម្បីទទួលបានសេចក្តីសុខនៅក្នុងជីវិត មនុស្សត្រូវប្រកាន់ខ្ជាប់នូវសេចក្តីស្រលាញ់បួនប្រការ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១) សេចក្តីស្រលាញ់ចំពោះខ្លួនឯង៖
គឺជាការស្រលាញ់ម៉្យាងដែលយើងមានចំពោះខ្លួនឯង ហើយមិនចាំបាច់មានអ្នកផ្តល់ឲ្យ។ បើខ្លួនឯងតែម្នាក់ យើងគ្មានទំនួលខុសត្រូវផង តើអ្នកមានសមត្ថភាពឯណាទៅមើលថែមនុស្សជាទីស្រលាញ់របស់អ្នកបាននោះ? ទោះបីយើងមានវិបត្តិអ្វីក៏ដោយ ហើយគ្មានវិធីដោះស្រាយបែបណាក៏ដោយ ក៏មិនត្រូវធ្វើបាបខ្លួនតាមរូបភាពផ្សេងៗឡើយ។ សួរថាតើបានអ្វីមកវិញ? តើយើងអាចដោះស្រាយបញ្ហាបានទេ? បញ្ហានៅតែជាបញ្ហា ហើយវាកាន់តែមានបញ្ហាសម្រាប់មនុស្សដែលនៅជុំវិញខ្លួនយើង ហើយបន្សល់តែការឈឺចាប់ និងភាពសោកសៅ សម្រាប់អ្នកដែលរស់នៅជាមួយយើងតែប៉ុណ្ណោះ។
យើងកើតមកហើយត្រូវចេះប្រើជីវិតមួយនេះឲ្យមានន័យបំផុត ត្រូវចេះរស់នៅដោយភាពរីករាយគ្រប់បែបបទនៃជីវិត។ យើងត្រូវចេះស្រលាញ់ខ្លួនឯង និងផ្តល់សេចក្តីសុខឲ្យខ្លួនឯង ហើយជម្រះចោលនូវភាពលោភលន់ អត្មានិយម សេចក្តីក្រោធខឹង និងភាពច្រណែនឈ្នានីសជាដើម នោះយើងនឹងទទួលបាននូវសេចក្តីសុខនៅក្នុងជីវិត។
ទី២) សេចក្តីស្រលាញ់ចំពោះគ្រួសារ៖
សេចក្តីសុខដែលពោពេញទៅដោយសុភមង្គលគឺផ្តើមចេញពីគ្រួសារមួយរបស់យើងនេះឯង។ សង្គមជាតិមួយរីកចម្រើន មានការអភិវឌ្ឍ និងមានសន្តិភាពទៅបាន ក៏ផ្តើមចេញពីគ្រួសារមួយនេះដែរ។ សុភមង្គលនៅក្នុងគ្រួសារ ប្រៀបដូចជាទឹកអម្រឹត និងជាទឹកមន្ត ដែលអាចស្រោចស្រពគ្រួសារមួយឲ្យត្រជាក់ត្រជុំថ្កុំថ្កើងរុងរឿង។ គ្រួសារមួយដែលខ្វះសុភមង្គល គឺមកពីខ្វះនូវសេចក្តីស្រលាញ់ ដែលមានប្រភពមកពីការមិនស្គាល់អំពីកាតព្វកិច្ចចំពោះគ្រួសាររបស់ខ្លួន។ ការមិនស្គាល់អំពីកាតព្វកិច្ចចំពោះគ្រួសារនេះហើយដែលធ្វើឲ្យគ្រួសារខ្វះភាពកក់ក្តៅ និងសុភមង្គល។
ទី៣) សេចក្តីស្រលាញ់ចំពោះសង្គម៖
សង្គមជាកន្លែងដែលផ្តល់កំណើតឲ្យយើង ក្នុងភាពជាជាតិសាសន៌ណាមួយ។ យើងមានចំណេះដឹង មានជំនាញ មានកិត្តិយស មានការងារ មានមុខរបរចិញ្ចឹមជីវិត ក៏អាស្រ័យដោយសង្គមមួយនេះ។ ក្នុងនាមយើងជាជាតិសាសន៌នេះ ត្រូវតែមានកាតព្វកិច្ចចំពោះសង្គមជាតិមួយនេះវិញ។ យើងជ្រកក្រោមដើមឈើណា យើងត្រូវជួយថែរក្សាការពារដើមឈើនោះវិញ មិនត្រូវបំផ្លាញដើមឈើនោះតាមទម្រង់ផ្សេងៗឡើយ។
ទី៤) សេចក្តីស្រលាញ់ចំពោះបរិស្ថាន៖
បរិស្ថានសំដៅដល់ពិភពលោក។ ពិភពលោកនេះ ជាធម្មជាតិដ៏ត្រកាល ជាកន្លែងដែលបានផ្តល់ទីតាំងឲ្យយើងអាចរស់នៅបាន មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម មានធម្មជាតិស្រស់បំព្រង សម្រាប់ទ្រទ្រង់ការរស់នៅ។ យើងជាចំណែកមួយនៃធម្មជាតិ គ្រប់យ៉ាងដែលយើងមាននៅក្នុងពេលនេះ គឺជាទម្រង់នៃធម្មជាតិ។ ដូចនេះ យើងត្រូវតែចូលរួមថែរក្សា ការពារ អភិរក្ស និងមិនត្រូវបំផ្លាញធម្មជាតិនេះតាមទម្រង់ណាមួយឡើយ៕