កុំ​​ធ្វើបាប​ខ្លួន​ឯង​ដើម្បី​ទាមទារចំណាប់អារម្មណ៍ពីនរណា! នេះជាសេចក្តីស្រលាញ់ ៤ប្រការ​ដែល​នាំ​ឲ្យអ្នក​មានសុភ​មង្គល​​

//s9.kh1.co/a9/a90a2e7bdec0a6fe3f677e1c7a167e9fbd842555.jpg
ប្រលោមលោក & អប់រំ

 ២៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សេចក្តីស្រលាញ់ គឺជាចំណែកមួយនៃសេចក្តីសុខរបស់មនុស្ស។ សេចក្តីស្រលាញ់ធ្វើឲ្យមនុស្សមានភាពចាស់ទុំ ចេះយក​ចិត្ត​ដាក់ មានទំនួលខុសត្រូវ និងស្គាល់អំពីកាតព្វកិច្ច​របស់​ខ្លួន​​ដែលត្រូវបំពេញ។

សេចក្តីស្រលាញ់ គឺជាចំណែកមួយនៃសេចក្តីសុខរបស់មនុស្ស។ មនុស្សដែលខ្វះសេចក្តីស្រលាញ់ គឺខ្វះភាពកក់ក្តៅ ខ្វះមនោសញ្ចេតនា ខ្វះភាពរីករាយ ខ្វះសុភមង្គល និងខ្វះសេចក្តីសុខ​។ សេចក្តីស្រលាញ់ធ្វើឲ្យមនុស្សមានភាពចាស់ទុំ ចេះយកចិត្តដាក់ មានទំនួលខុសត្រូវ និងស្គាល់អំពីកាតព្វកិច្ច​របស់​ខ្លួន​​ដែលត្រូវបំពេញ។ ដើម្បីទទួលបានសេចក្តីសុខនៅក្នុងជីវិត មនុស្សត្រូវប្រកាន់ខ្ជាប់នូវសេចក្តីស្រលាញ់បួនប្រការ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១) សេចក្តីស្រលាញ់ចំពោះខ្លួនឯង៖

គឺជាការស្រលាញ់ម៉្យាងដែលយើងមានចំពោះខ្លួនឯង ហើយមិនចាំបាច់មានអ្នកផ្តល់ឲ្យ។ បើខ្លួនឯងតែម្នាក់ យើងគ្មាន​ទំនួលខុសត្រូវផង តើអ្នកមានសមត្ថភាពឯណាទៅមើលថែមនុស្សជាទីស្រលាញ់របស់អ្នកបាននោះ? ទោះបីយើងមានវិបត្តិអ្វីក៏ដោយ ហើយគ្មានវិធីដោះស្រាយបែបណាក៏ដោយ ក៏មិនត្រូវធ្វើបាបខ្លួនតាមរូបភាពផ្សេងៗ​ឡើយ។ សួរថាតើបានអ្វីមកវិញ? តើយើងអាចដោះស្រាយបញ្ហាបានទេ? បញ្ហានៅតែជាបញ្ហា ហើយវាកាន់តែ​មាន​បញ្ហាសម្រាប់មនុស្សដែលនៅជុំវិញខ្លួនយើង ហើយបន្សល់តែការឈឺចាប់ និងភាពសោកសៅ សម្រាប់អ្នកដែល​រស់​នៅ​​ជាមួយយើងតែប៉ុណ្ណោះ។

យើងកើតមកហើយត្រូវចេះប្រើជីវិតមួយនេះឲ្យមានន័យបំផុត ត្រូវចេះរស់នៅដោយភាពរីករាយគ្រប់បែបបទនៃជីវិត។​ យើងត្រូវចេះស្រលាញ់ខ្លួនឯង និងផ្តល់សេចក្តីសុខឲ្យខ្លួនឯង ហើយជម្រះចោលនូវភាពលោភលន់ អត្មានិយម សេចក្តី​ក្រោធខឹង និងភាពច្រណែនឈ្នានីសជាដើម នោះយើងនឹងទទួលបាននូវសេចក្តីសុខនៅក្នុងជីវិត។

ទី២) សេចក្តីស្រលាញ់ចំពោះគ្រួសារ៖

សេចក្តីសុខដែលពោពេញទៅដោយសុភមង្គលគឺផ្តើមចេញពីគ្រួសារមួយរបស់យើងនេះឯង។ សង្គមជាតិមួយ​រីក​ចម្រើន មានការអភិវឌ្ឍ និងមានសន្តិភាពទៅបាន ក៏ផ្តើមចេញពីគ្រួសារមួយនេះដែរ។ សុភមង្គលនៅក្នុងគ្រួសារ ប្រៀប​ដូចជាទឹកអម្រឹត និងជាទឹកមន្ត ដែលអាចស្រោចស្រពគ្រួសារមួយឲ្យត្រជាក់ត្រជុំថ្កុំថ្កើងរុងរឿង។ គ្រួសារ​មួយ​ដែល​ខ្វះសុភមង្គល គឺមកពីខ្វះនូវសេចក្តីស្រលាញ់ ដែលមានប្រភពមកពីការមិនស្គាល់អំពីកាតព្វកិច្ចចំពោះគ្រួសារ​របស់ខ្លួន។ ការមិនស្គាល់អំពីកាតព្វកិច្ចចំពោះគ្រួសារនេះហើយដែលធ្វើឲ្យគ្រួសារខ្វះភាពកក់ក្តៅ និងសុភមង្គល។  

ទី៣) សេចក្តីស្រលាញ់ចំពោះសង្គម៖

សង្គមជាកន្លែងដែលផ្តល់កំណើតឲ្យយើង ក្នុងភាពជាជាតិសាសន៌ណាមួយ​។ យើងមានចំណេះដឹង មានជំនាញ មាន​កិត្តិយស មានការងារ មានមុខរបរចិញ្ចឹមជីវិត ក៏អាស្រ័យដោយសង្គមមួយនេះ។​ ក្នុងនាមយើងជាជាតិសាសន៌នេះ ត្រូវ​តែ​មានកាតព្វកិច្ចចំពោះសង្គមជាតិមួយនេះវិញ។ យើងជ្រកក្រោមដើមឈើណា យើងត្រូវជួយថែរក្សាការពារ​ដើម​ឈើ​នោះវិញ មិនត្រូវបំផ្លាញដើមឈើនោះតាមទម្រង់ផ្សេងៗឡើយ។ 

ទី៤) សេចក្តីស្រលាញ់ចំពោះបរិស្ថាន៖

បរិស្ថានសំដៅដល់ពិភពលោក។ ពិភពលោកនេះ ជាធម្មជាតិដ៏ត្រកាល ជាកន្លែងដែលបានផ្តល់​ទីតាំងឲ្យ​យើង​អាច​រស់​នៅបាន មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម​ មានធម្មជាតិស្រស់បំព្រង សម្រាប់ទ្រទ្រង់ការរស់នៅ។ យើងជាចំណែកមួយនៃធម្មជាតិ គ្រប់យ៉ាងដែលយើងមាននៅក្នុងពេលនេះ គឺជាទម្រង់នៃធម្មជាតិ។ ដូចនេះ យើង​ត្រូវ​តែ​ចូលរួមថែរក្សា ការពារ អភិរក្ស និងមិនត្រូវបំផ្លាញធម្មជាតិនេះ​តាមទម្រង់ណាមួយឡើយ៕

រូបតំណាង
រូបតំណាង
SOU LONGHAK
សួ ឡុងហាក់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T