ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស ៥ នាក់ រងរបួសធ្ងន់ ស្រាល ខណៈដែលរថយន្តកាមរី មួយ គ្រឿង បានបើកទៅបុកម៉ូតូសេ ១២៥ មួយគ្រឿង និងបានអូសម៉ូតូ ទៅបុកនឹងម៉ូតូផ្សេង មួយគ្រឿង ទៀត ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃទី ០៨ ខែមេសាឆ្នាំ ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ ៣ ក្នុងភូមិវត្ដស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចុះទៅត្រួតពិនិត្យ និងវាស់វែង ដល់ចំណុចកើតហេតុ បាន ឲ្យដឹងថា រថយន្តបង្កហេតុ ខាងលើនេះ ម៉ាកកាមរី ពណ៌ស្លែ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ត សញ្ញាណ និងម៉ូតូពីរគ្រឿង ដែលរងការខូចខាត ក្នុងហេតុការណ៍ខាងលើនេះ មានមួយគ្រឿងម៉ាក ម៉ូតូសេ ១២៥ ស៊េរី ២០០៧ ពណ៌ខ្មៅ ជិះគ្នា ៣ នាក់ ប្រុសទាំងបី និងម៉ូតូមួយគ្រឿងទៀត ម៉ាកសេ ១២៥ ស៊េរី ២០០៥ ពណ៌ខ្មៅ ជិះគ្នា ២ នាក់ប្ដី-ប្រពន្ធ ។ សាក្សី ដែលបានឃើញហេតុការណ៍ ខាងលើ នេះបានបន្តថា មុនពេលកើតហេតុ មានម៉ូតូ ២ គ្រឿង ជិះស្របទិសគ្នា ពីកើតទៅលិច ក្នុងនោះ មាន ម៉ូតូសេ ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ដែលជិះគ្នា ៣ នាក់ និងម៉ូតូមួយគ្រឿងទៀត ម៉ាកសេ១២៥ ស៊េរី ២០០៥ ពណ៌ខ្មៅ ជិះគ្នាពីរនាក់ ខណៈមកដល់ចំណុចកើតហេតុ មានរថយន្ដមួយគ្រឿង ម៉ាកកាមរី បានបើក ក្នុងទិសដៅបញ្រ្ចាសគ្នា ជាមួយម៉ូតូជនរងគ្រោះ ហើយរថយន្ដនោះ បានបើកវ៉ាគ្នា ជាមួយរ ថយន្ដមួយគ្រឿងទៀត ធ្វើឱ្យជ្រុលទៅកៀរជើងឆ្វេង របស់បុរសម្នាក់ ដែលកំពុងជិះម៉ូតូ គ្នា៣នាក់ បណ្ដាលឱ្យដួលម៉ូតូ អូសទៅបុកម៉ូតូមួយគ្រឿង ជិះគ្នា ២ នាក់ ប្ដី-ប្រពន្ធ បណ្ដាលឱ្យដួល មួយគ្រឿង ទៀត  ។

ប្រភពដដែលបន្ដទៀតថា ក្រោយពេលកើតហេតុ រថយន្ដបង្កបានបើករត់គេចបាត់ស្រមោល នៅសល់ តែជនរងគ្រោះ ៥នាក់ ក្នុងនោះ របួសធ្ងន់បាក់ភ្លៅខាងឆ្វេងម្នាក់ និងរបួសស្រាល ៤ នាក់ ប្រុស៣នាក់ ស្រីម្នាក់ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវរងការខូចខាតស្ទើរទាំងស្រុង ។ បច្ចុប្បន្នជនរងគ្រោះ របួសធ្ងន់ ត្រូវរថយន្ដ សង្គ្រោះគ្លីនិកឯកជន ដឹកយកទៅព្យាបាល ហើយម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយក ទៅ រក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនីតីវិធីច្បាប់ ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]