ខេត្ត​ស្ទឹងត្រែង ៖ ស្ត្រី​​ជា​ភរិយា​​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ម្នាក់​ដែល​​ផិត​​ក្បត់​លប​លួចនាំ​សហាយ​ស្មន់​​ឡើង​សណ្ឋាគារ​​សេកុង​ស្តា ត្រូវ​បាន​បុរស​ជា​​ប្តី​តាម​ទាន់​យ៉ាង​ជាក់​ស្តែង​នៅ​វេ​លា​ម៉ោង​​៤និង​​​​​​​​​​​​​​​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ មេសា ក្នុង​បន្ទប់​​សណ្ឋាគារ​ ។

ប្រភពព័ត៌មាន​​ឱ្យ​ដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទំនង​ជា​មាន​​ការ​ណាត់​ជួប​ ស​ហាយ​ប្រុស​បាន​ជិះ​រថយន្ត​​ម៉ាក​កាម​រី​ឆ្លាម​ ​ស្លាក​លេខ​​ភ្នំពេញ​ K៣០៣១ ទៅ​ជួល​បន្ទប់សណ្ឋា​គារ​ ហើយ​បាន​​ដោះ​ស្លាក​លេខ​​រថយន្ត​​លាក់​ទុក​​ថែម​ទៀត ។ ឯស្ត្រី​ដែល​ផិត​ក្បត់​​នេះ​ជា​ភរិយា​របស់​លោក​អនុ​សេនីយ៍​ឯក​យ៉ា យឿន មេ​បញ្ជា​ការ​ប៉េ​អឹម​ស្រុក​សេសាន ។

ហេតុ​ការណ៍​ប្រពន្ធ​​ក្បត់​ផិត​​លប​លួ​ច​មាន​សហាយ​ស្មន់​​ ដែល​ឈាន​ដល់​ការ​ទាន់​ជាក់​ស្តែង​​ក្នុង​បន្ទប់​សណ្ឋាគារ​ គឺ​ជា​ការ​តាម​ប្រមាញ់​ពី​​បុរស​ជា​ប្តី​​ដែល​តាម​ដាន​អស់​រយៈ​ពេល​​៣​ខែ​មក​ហើយ ទើប​តាម​ទាន់​ជាន់​កែង​នៅ​​ក្នុង​បន្ទប់​​ ។

​លោក​អនុសេនីយ៍​ទោ​​ភុយ ខ្វៃ អនុប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​​ និង​យុត្តិធម៌​​ឱ​​្យ​ដឹងថា ស្ត្រី​ដែល​​លួច​មាន​សហាយផិត​ក្បត់​ប្តី​ខ្លួន​ឯង​នោះ​ឈ្មោះ​​ផៃ សំផាន អាយុ​៣៦​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​លើ សង្កាត់​​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។ រី​ឯបុរស​​លួច​យក​​ប្រពន្ធ​គេ ​ឈ្មោះ​​អឹម លាង​ហេង អាយុ​៣៣​ឆ្នាំ ជា​អ្នក​ជួញ​ឈើ​​ រស់​នៅ​ក្នុងភូមិ​​ព្រែក​ស្តី​ ឃុំ​ព្រែក​ស្តី​ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ។

បុរស​ជា​ប្តី​រៀប​រាប់​ថា រូប​លោក​ចាប់​ដៃ​គ្នា​ជា​ប្តី​ប្រពន្ធតាំង​ពី​ឆ្នាំ២០០២មក​ម៉្លេះ​ និង​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​​យឿន ស្រី​តា អាយុ​​៥​ឆ្នាំ រស់​នៅ​ក្នុង​បន្ទុក ហើយ​ក្នុង​នោះ​ក៏​មាន​​កូន​២​នាក់​ទៀត​​ជា​កូន​ប្តី​មុន ត្រូវ​រូប​លោក​ជា​អ្នក​ចិញ្ចឹម​ទាំង​អស់ទុក​ជា​កូន ។

លោក​និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​លាយ​ឡំ​ចិត្ត​ក្តុក​ក្តួល​ថា តាំង​ពី​ចាប់​ដៃ​គ្នា​​អស់​រយៈ​ពេល​​ដប់​ឆ្នាំ​មក​នេះ មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​ទេ ទើបតែ​រយៈ​ពេល​ជាង​៣​ខែ​ដើម​ឆ្នាំ​២០១២ មាន​ភាព​មិន​ប្រក្រ​តី​កើតឡើង​​ ។ ​ក្នុង​អំឡុង​ពេល​នោះ​ប្រពន្ធ​​របស់​លោក​​តែង​តែ​​សុំ​រូប​លោក​លែង​លះ គ្នា​មិ​ន​ដឹង​បណ្តាល​មក​ពី​មូល​ហេតុ​អ្វីទេ​ តែ​រូប​លោក​នៅ​តែ​បន្ត​ចង់​ភ្ជាប់​និស្ស័យ​​​នឹង​គ្នា​​ទៅ​មុខ​ទៀត​ព្រោះ​អាណិត​អាសូរ​កូន​ដែល​មិន​ទាន់​ដឹង​អ្វីត្រូវ​ឪពុក​ម្តាយ​​បែក​បាក់​ទៅ ពួក​គេ​ច្បាស់​ជា​ជា​រង​នូវ​សម្ពាធ​ដ៏​ធ្ងន់​ធ្ងរ​មួយ​សម្រាប់​ឆាក​ជីវិត​។

លោក​បន្ត​ថា​​ដោយ​កត់​សម្គាល់​​លើ​ភាព​មិន​ប្រក្រតី​របស់​ប្រពន្ធ​ លោក​ក៏​​តាម​ដាន​​ ទើប​ដឹងថា នាង​​បានទាក់​ទង​​ជា​មួយ​បុរស​ម្នាក់​​ ដើម្បី​ធ្វើ​ជំនួញ​ឈើ ហើយ​ក៏​​ប្រើ​ល្បិច​​ណាត់​ជួប​គ្នា​តាម​ផ្ទះ​សំណាក់​​ជា​ញឹក​ញាប់​ និង​បាន​​យក​ចិញ្ចៀន​ដែល​មាន​តម្លៃ​​រាប់​ពាន់​ដុល្លារ​ឱ្យទៅ​ប្រុស​សហាយ​សំណព្វ​ចិត្ត​​របស់​នាង​ទៀត ។ ក្រោយ​ពី​តាម​ដាន​រយៈ​ពេល​ជិត៣​ខែ​មក នៅ​ថ្ងៃ​ទី​៦ មេសា ដោយ​សា​រមាន​ការ​សង្ស័យថា ​ប្រពន្ធ​​ច្បាស់​ជា​ណាត់​ជួប​ប្រុស​ជា​សហាយ​នោះ រូប​លោក​ក៏​​តាម​ដាន​ជាប់ ហើយ​​ប្រទះ​ឃើញ​ក្នុង​បន្ទប់​សណ្ឋាគារ​​​សេកុង​ស្តា​​ ខណៈ​ពួក​គេ​ទាំង​២​កំពុង​តែ​អង្គុយ​កៀក​កើយ​ប្រលោម​ស្នេហ៍​​គ្នា ។

មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​​ដែល​រឹង​មាំ​ពេល​ប្រ​ឆាំង​បទ​ល្មើស​ តែ​ពិត​ជា​ទន់​ជ្រាយ​សម្រាប់​​រឿង​រ៉ាវ​​ជីវិត​របស់​ខ្លួន​​និយាយ​ថា លោក​ស្ទើរ​​តែ​ក្អួត​ឈាម​កក​ទាំង​ដុំ​ ​និង​ធ្វើ​អ្វី​លែង​កើត​​ និង​​បាន​រាយ​ការណ៍​ទៅ​លោក​ឱ បូរិន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ហើយ​លោក​បញ្ជា​ឱ្យ​​លោក​អនុ​សេនីយ៍​ឯក​​ភុយ ខ្វៃ អនុ​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​ និង​យុត្តិធម៌​ដឹក​នាំ​កម្លាំង​​​​ចុះ​ទៅ​ឃាត់​ខ្លួន​គូ​ស្នេហ៍​សហាយ​ស្មន់​​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ បញ្ជូន​ទៅ​​កាន់​ទី​បញ្ជា​​ការ​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​សាក​សួរ ។

​គូ​ស្នេហ៍​​ដែល​ជា​សហាយ​ស្មន់​មាន​ការ​ស័្មគ្រ​ ស្មោះនឹង​គ្នា​​យ៉ាង​ណា​នោះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ព្រោះ​កំពុង​ស្ថិ​ត​ក្រោម​ការ​សាក​សួរ​​ និង​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​បន្ត ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ