លេខសូន្យ ពិតជាសំខាន់ និង មានសារៈប្រយោជន៍ ខ្លាំងណាស់ សំរាប់មនុស្ស ព្រោះវា មានតួនាទី ជួយដល់ប្រពន្ធ័លេខ គោលដប់ ដំណើរការ បានយ៉ាងល្អប្រសើរ ហើយក្នុងនោះដែរ មិនត្រឹមតែ ជួយដល់ការធ្វើលេខគណិត នោះទេ ថែមទាំង ជួយដល់ផ្នែកផ្សេងៗ ជាច្រើនទៀត ដែលជាក់ស្តែង នៅពេលដែលទាក់ទងនឹង កុំព្យូទ័រ ទួរស័ព្ទ ប្រព័ន្ធ GPS ឬ អ្វីៗដែលពាក់ព័ន្ធ នឹងគ្រឿងអេឡិចត្រូនិច គឺសុទ្ធតែ ត្រូវការ លេខសូន្យ ដើម្បីគ្រប់គ្រង ទាំងអស់។ ហេតុនេះហើយ បើសិនជាគ្មានលេខសូន្យទេនោះ មនុស្សយើងច្បាស់ ជាជួបការលំបាក និង ជាប់គាំងទៅមុខមិនរួច ជាក់ជាមិនខានឡើយ។ យ៉ាងណាមិញ តើប្រិយមិត្ត ធ្លាប់ដែលគិតទេថា តើនរណា ជាអ្នកបង្កើត លេខសូន្យ (០) និង មានតាំងពីពេលណាមក ដែរឬទេ?

បើយោងតាមប្រភពព័ត៌មានពីគេហទំព័រ ហាហ្វីងតុនផុស របស់ចក្រភពអង់គ្លេស ដែលបានចេញផ្សាយ កាលពីម្សិលមិញ បានលើកយកមកចុះផ្សាយ នូវប្រធានបទមួយ ទាក់ទងនឹង ការស្វែងរក ប្រភពដើមនៃលេខសូន្យ ដំបូងបំផុត ហើយក្នុងនោះ ដោយផ្អែកលើ អត្ថបទចេញផ្សាយ កាលពីឆ្នាំ ១៩៣១ របស់អ្នកបុរាណវត្ថុវិទូ ជនជាតិបារាំង លោក Georges Cœdès បានបង្ហាញថា លេខសូន្យ (០) ជាលេខ ដែលប្រទេស នៅលោកខាងកើត ជាអ្នកបង្កើត ហើយក៏អាចជាប្រទេស កម្ពុជា ផងដែរ ដែលជាអ្នកបង្កើត បើទោះបីជា ប្រទេសមួយនេះ ត្រូវបានទទួលឥទ្ធិពល ពីឥណ្ឌា យ៉ាងណាក៏ដោយ។ ការលើកឡើងរបស់គាត់ គឺសំអាងលើការរកឃើញ ដ៏អស្ចារ្យមួយ នៅក្នុងប្រទេសកម្ពុជា។ កាលពីដើមសតវត្សន៍ទី២០ ផ្ទាំងសិលាចារឹកមួយ ត្រូវបានរកឃើញនៅក្នុង ប្រាសាទបុរាណ ដ៏ចំណាស់មួយ សាង់សង់នាសតវត្សន៍ទី ៧ ដែលមានឈ្មោះថា ប្រាសាទសំបូរ។ ក្រោយពីបានរកឃើញ រួចមក លោក Georges Cœdès ដែលមិនត្រឹមជាអ្នក បុរាណវត្ថុវិទូ ប៉ុណ្ណោះទេ ថែមទាំងជាអ្នកនិរុត្តិវិទូ និង ជាអ្នកបកប្រែអក្សរសិលាចារឹក ខ្មែរបុរាណ ដ៏ជំនាញមួយរូប  គាត់ក៏បានដាក់ឈ្មោះសំគាល់ ដល់សិលាចារឹក នោះថា K-127 ហើយអក្សរ នៅលើសិលាចារឹកនោះ បានផ្តើមថា៖ Chaka parigraha 605 pankami roc... (សរសេរជាអក្សរឡាតាំង ដើម្បីងាយស្រួល ក្នុងការប្រកបសម្លេង)។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ១៩៣០ អ្នកប្រាជ្ញជាច្រើន នៅលោកខាងលិច បានជឿជាក់ថា លេខសូន្យ ត្រូវបានបង្កើតឡើង ដោយជនជាតិអ៊ឺរ៉ុប ឬ អារ៉ាប់ ម្នាក់ ហើយការលើកឡើង នៅពេលនោះ មានការជជែកវែកញែក និង មិនយល់ស្របគ្នា យ៉ាងខ្លាំង។ ក្នុងនោះផងដែរ អ្នកប្រាជ្ញអង់គ្លេស ធ្លាប់បានសង្កត់ធ្ងន់ថា លេខសូន្យ មានតាំងពីយូរយារណាស់ មកហើយ នៅក្នុងប្រទេសឥណ្ឌា ព្រោះតែលេខសូន្យចាស់បំផុត គេបានរកឃើញនៅឯ ប្រាសាទ Chatur-bujha ដែលជាប្រាសាទបុរាណ នាពាក់កណ្តាល សតវត្សន៍ទី៩ ក្នុងទីក្រុង Gwalior ហេតុដូចនេះហើយ ឥណ្ឌាទើបជាអ្នកបង្កើតមុនគេ។ ទោះជាយ៉ាងណា ក៏មានការលើកឡើងដែរថា លេខសូន្យត្រូវបានបង្កើតឡើង ដោយពួកអ៊ឺរ៉ុប ហើយបានហូរចូលមកកាន់ ឥណ្ឌា តាមរយៈពួកឈ្មួញអារ៉ាប់ ដែលមកធ្វើជំនួញរកស៊ី នៅឥណ្ឌា ផងដែរ។

យ៉ាងណាក៏ដោយ នេះជាព័ត៌មានមួយដ៏ល្អ សំរាប់ប្រទេសកម្ពូជា ហើយការរកឃើញ ដែលបានលើកឡើងខាងលើនេះ វាជាភស្តុតាងដ៏សំខាន់បំផុតមួយ ក្នុងការស្រាវជ្រាវ និង បន្តរុករក ប្រភពដើមដ៏ពិតប្រាកដ របស់ លេខសូន្យ ហើយនេះក៏ជាការឆ្លុះបញ្ចាំងផងដែរថា ប្រទេសកម្ពុជា ពិតជាមានអរិយៈធម៌ចំណាស់ និង យូរលង់ណាស់មកហើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]