កំពង់ចាម ៖ សេចក្ដីរាយការណ៍ ពីខេត្ដកំពង់ចាម បានឱ្យដឹងថា ពុទ្ធបរិស័ទជាង ៣០០នាក់ ចំណុះជើងវត្ដសុណ្ណមាលី ដែលស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដ កំពង់ចាម បានប្ដឹងទាមទារ ឱ្យមន្ទីរធម្មការ និងអាជ្ញាធរដែនដី បណ្ដេញព្រះចៅអធិការ ព្រះនាម ហម មុន្នី សូហាន ចេញពីវត្ដ ដោយសារតែពួកគេខឹងព្រះអង្គ មិនអនុញ្ញាត ឱ្យដាក់ធុងបាស់រាំនៅក្នុងវត្ដ កាលពីថ្ងៃសុក្រ ទី៦ ខែមេសា កន្លងទៅនេះ និងបានចោទប្រកាន់ ព្រះចៅអធិការ ថាចាប់តាំងពីបានមកគង់ នៅវត្ដនេះអស់ ជាងមួយព្រះវស្សា បានបង្កឱ្យព្រះសង្ឃចាស់ៗបែកបាក់ សាមគ្គីគ្នា។ ប៉ុន្ដែព្រះចៅអធិការ សូហាន បានសង្ឃដីកាបដិសេធចោល ការចោទប្រកាន់ ដោយពុទ្ធបរិស័ទខាងលើ ថាជាការមិនពិត។

ព្រះតេជគុណ ហម មុន្នី សូហាន បានមានសង្ឃដីកាថា ពុទ្ធបរិស័ទចំណុះជើងវត្ដទាំងនេះ បានចោទព្រះអង្គខុសពីការពិត។ ពួកគេបានខឹងនឹងព្រះចៅអធិការ ដោយសារតែព្រះអង្គមិនអនុញ្ញាត ឱ្យដាក់ ធុងបាស់រាំនៅក្នុងវត្ដ  នាំឱ្យខុសវិន័យសង្ឃ រួចហើយក៏កើតទៅជារឿងរ៉ាវប្ដឹងផ្ដល់ ចង់បណ្ដេញព្រះចៅអធិការចេញតែម្ដងទៅ។

ព្រះតេជគុណ សូហាន បានបន្ដថា ចាប់តាំងពីព្រះតេជគុណ គង់នៅទីនេះ ទីវត្ដអារាមមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ហើយក៏គ្មានការថ្នាំងថ្នាក់ ពីឧបាសក ឧបាសិកា និងព្រះសង្ឃនៅក្នុងវត្ដដែរ។

ពុទ្ធបរិស័ទចំណុះជើងវត្ដ បានចោទប្រកាន់ព្រះចៅអធិការថា ធ្វើឱ្យមានការបែកបាក់សាមគ្គីក្នុងវត្ដ ហើយគ្មានការ រីកចម្រើន និងថែមទាំងបានសុំឱ្យ*អាជ្ញាធរដែនដី  និងមន្ទីរធម្មការ ផ្លាស់ប្ដូរព្រះសង្ឃ ឬក៏សុំឱ្យគង់នៅជាមន្ដ្រីសង្ឃធម្មតា ខណៈដែលព្រះអង្គ និមន្ដមកពីខេត្ដព្រះសីហនុ មកគង់នៅជាព្រះចៅអធិការវត្ដនេះ បានជាងមួយឆ្នាំ៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]