តម្រូវការរបស់មនុស្សយើង គឺពីរបៀបដែលពាក្យអាចនឹងស្ដាប់ទៅស្រដៀងគ្នា ប៉ុន្តែសម្រាប់អត្ថន័យនៃតម្រូវការទាំងពីរនេះគឺ ផ្ទុយគ្នាស្រឡះ។ ជាក់ស្ដែងតម្រូវការខ្លះ វាជាអ្វីដែលចាំបាច់ ប៉ុន្តែតម្រូវការខ្លះទៀត វាគ្រាន់តែជាអ្វីដែលយើងចង់បានតែប៉ុណ្ណោះ។

រូបតំណាង

យ៉ាងណាមិញរបស់ដែលយើងចង់បាន គឺវាគ្រាន់តែកើតឡើងទៅតាមអារម្មណ៍ត្រេកត្រអាល ឬមួយឆាវតែប៉ុណ្ណោះ វាអាចជារបស់ដែលមានភាពទាក់ទាញ អអ្រួនចិត្តយើងខ្លាំងដែលបានធ្វើឱ្យយើងនេះមានអារម្មណ៍មួយឆាវគឺ ត្រូវតែយករបស់នោះឱ្យបាន។ សន្ទុះនៃការចង់បាន ជួនកាលធ្វើឱ្យយើងមិនខ្វល់ទេថាវាជារបស់ដែលមានប្រយោជន៍ គុណតម្លៃយ៉ាងណានោះឡើយ ហើយរឹតតែមិនខ្វល់ដែរថា វាជារបស់ដែលអាចប្រើបានយូរអង្វែងនោះដែរ ប៉ុន្តែការចង់បានរបស់យើងមួយឆាវ គឺយើងត្រូ​វតែយកវាឱ្យបាន ហើយនៅពេលដែលយើងអាចយកវាបានហើយ យើងក៏មានអារម្មណ៍ថាស្ងប់ចិត្ត ស្កប់ស្កល់ បន្ទាប់ពីនោះ របស់នោះវាក៏ប្រែជាគ្មានតម្លៃសម្រាប់យើងទៀតដែរ ព្រោះតែវាបានបំពេញនូវតម្រូវការដែលយើងចង់បានរួចហើយ។

រូបតំណាង

ចំណែកឯរបស់ដែលចាំបាច់ មិនថាមនុស្ស ឬរបស់ទេ ជាក់ស្ដែងណាស់គឺ វាសំខាន់ និងមានតម្លៃខ្លាំងសម្រាប់ជីវិតយើង វាក៏ជាអ្វីដែលយើងមិនអាចបាត់បង់ ឬបោះចោលបានដែរ។ យ៉ាងណាមិញ របស់ដែលចាំបាច់រមែងផ្ដល់ឱ្យយើងវិញនូវគុណតម្លៃ និងសារៈប្រយោជន៍ដែលអាចមានរយៈពេលយូរអង្វែង មិនមែនតែមួយឆាវនោះឡើយ។

រូបតំណាង

តែគួរឱ្យស្ដាយ ពេលខ្លះយើងបែរជាគិតខុស ដែលបោះបង់របស់ចាំបាច់ ដើម្បីបំពេញនូវកម្សួលមួយឆាវទៅយករបស់ដែលយើងចង់បាន។ ឧទា.ជាក់ស្ដែង ៖ ពេលខ្លះយើងចំណាយលុយដែលជារបស់ចាំបាច់ប្រចាំថ្ងៃ ទៅទិញ ឬដោះដូរយករបស់ដែលយើងចង់បានមួយឆាវ រហូតដល់ទិញបានហើយយើងក៏ត្រូវបាត់បង់លុយកាក់មួយចំនួន ដោយប្ដូរបានមកវិញនូវរបស់ដែលយើងចង់បាន ហើយលេងមិនបានប៉ុន្មាន យើងក៏បោះបង់ចោលវិញនោះឯង។
ដូច្នេះ មុននឹងសម្រេចចិត្តទិញ ឬបំពេញនូវតម្រូវការណាមួយ ចូរបែងចែក និងគិតឱ្យបានល្អិតល្អន់នូវរឿងទាំងពីរនេះ អ្នកត្រូវច្បាស់ថា របស់ណាដែលសំខាន់ និងចាំបាច់ ហើយរបស់ណាដែលយើងគ្រាន់តែចង់បានតាមកម្សួលអារម្មណ៍៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]