ខេត្ដតាកែវ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មបំផុត ចំណែក២នាក់ទៀត បានរងរបួសធ្ងន់ ហើយត្រូវបានប៉ូលិស ហៅរថយន្ដសាមុយ ដឹកយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក ។ ហេតុការណ៍ផ្ទុះគ្រាប់នេះ បានកើតឡើង ខណៈពេលជនរងគ្រោះ នាំគ្នាកាប់ឆ្ការព្រៃដើម្បីសង់ផ្ទះ ស្រាប់តែកាប់ត្រូវគ្រាប់ ដែលកប់ក្នុងដី ក៏ផ្ទុះឡើងតែម្ដង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១ ឧសភា ស្ថិតក្នុងព្រៃភូមិ បុសតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ។

មន្ដ្រីប៉ូលិសស្រុកត្រាំកក់បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឃឹម សារ៉ាត់ អាយុ៤៨ឆ្នាំ មានប្រពន្ធនិងកូន៣នាក់ ។ ចំណែកអ្នករបួសមានឈ្មោះ អឿង ឧត្ដម ភេទប្រុស អាយុ២១ឆ្នាំ របួសខ្នង និងម្នាក់ទៀតឈ្មោះ ម៉ៅ ពៅ ភេទប្រុស អាយុ៥៥ឆ្នាំ អ្នកទាំង៣នាក់រស់នៅក្នុងភូមិ-ឃុំខាងលើ ។ ជនរងគ្រោះ ដែលស្លាប់ បានជួល អ្នករបួសទាំង២នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នាមកជួយកាប់ឆ្ការព្រៃយកដីធ្វើផ្ទះ ដោយសារជនរងគ្រោះទើបតែលក់ផ្ទះឱ្យអ្នកផ្សេងហើយត្រូវធ្វើផ្ទះថ្មី ។ គ្រាប់ដែលផ្ទុះ នេះគេមិនទាន់ដឹងថាជាគ្រាប់ប្រភេទអ្វីនោះទេ ប៉ុន្ដែក្រោយពីវាផ្ទុះឡើងបណ្ដាលឱ្យមនុស្សរបួសពេញខ្លួន និងផ្ទៃមុខស្លាប់ភ្លាមៗ ចំណែក២នាក់ទៀត ត្រូវអំបែង ខ្ទាតចំរបួសធ្ងន់ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិបុសតាផង់និយាយថា ជនរងគ្រោះ បានលក់ផ្ទះ ទៅឱ្យអ្នកផ្សេង ក្នុងតម្លៃ ៤.០០០ដុល្លារអាមេរិក ហើយក៏បាន ទៅកាប់ឆ្ការព្រៃ មួយកន្លែង ខាងត្បូងផ្ទះគាត់ ប្រមាណជា៥០០ម៉ែត្រ ដើម្បីសង់ផ្ទះ ។ ប៉ុន្ដែមិនទាន់ទាំងបាន កាប់ឆ្ការព្រៃរួចផង ក៏កាប់ត្រូវគ្រាប់ផ្ទុះស្លាប់តែម្ដង ។ ក្រោយពីពិនិត្យសពរួច ប៉ូលិសបាន ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។

សពជនរងគ្រោះត្រូវបានតំណាងលោក ច័ន្ទ សារុន ប្រធានក្រុមការងារ ចុះជួយស្រុកត្រាំកក់ ជាអ្នកទទួលរ៉ាប់រង រៀបចំធ្វើបុណ្យ ហើយអ្នករបួស២នាក់ លោកទទួល ព្យាបាលឱ្យជាសះស្បើយទៀត ៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]