ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកញ្ញា ម្សិលមិញនេះ ខ្សែភាពយន្តភាគរបស់ MyTv ក្នុងកម្មវិធី MyTv Original Series បានរៀបចំក្រុងពាលី រឿងភាគថ្មីរបស់ខ្លួនដែលមានចំណងជើងថា Nineteen Us ឬ១៩ឆ្នាំ ដែលនឹងគ្រោងថតក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្អែកតាមសម្តីរបស់ អ្នកដឹកនាំវ័យក្មេងឈ្មោះ ភា បុទុមស្រីពង្ស របស់រឿងភាគ Nineteen Us ឬ ១៩ឆ្នាំនេះ បានឲ្យដឹងថា៖
ខ្សែភាពយន្តភាគបែបយុវវ័យនេះ មានទាំងអស់១២ភាគ ដែលជារឿងភាគមិនសូវផ្តោតសំខាន់ទៅលើស្នេហា ក៏ប៉ុន្តែផ្តោតទៅលើជីវិតរបស់យុវវ័យដែលមានវ័យ១៩ឆ្នាំ ថាពួកគេបានឆ្លងកាត់នូវរឿងរ៉ាវអ្វីខ្លះ។ ម៉្យាងវិញទៀត គោលបំណង ក្នុងការបង្កើតសាច់រឿងបែបនេះឡើង គឺផ្តោតទៅលើបញ្ហាគ្រួសារ មិត្តភាព និងបញ្ហាដែលកើតឡើងចំពោះយុវវ័យដោយសារតែសម័យបច្ចុប្បន្ន មនុស្សចូលចិត្តចាប់កំហុសទាំងដែលមិនដឹងពីហេតុផល ព្រោះថាយុវវ័យពេលដែលពួកគេនៅក្មេង ពួកគេត្រូវការការទូន្មានប្រដៅ ដោយមិនមែនជាការចាប់កំហុស និងការស្តីបន្ទោសដាក់សម្ពាធនោះទេ។ ហើយជាពិសេសនោះ សម្រាប់រឿងនេះចង់បង្ហាញដល់យុវវ័យថា ការបរាជ័យក្នុងរឿងអ្វីមួយ គឺមិនមែនជាការបរាជ័យជីវិតទាំងមូលនោះទេ ឯចំណែកគោលដៅអប់រំវិញ គឺចង់ឲ្យគ្រប់គ្នា កុំវាយតម្លៃមនុស្សត្រឹមតែសម្បកក្រៅ ព្រោះតួអង្គនីមួយៗសុទ្ធតែមានហេតុផលពីក្រោយខ្នង ដែលធ្វើឲ្យពួកគេក្លាយជាតួអង្គដែលមានចរិតបែបនោះនៅក្នុងសាច់រឿង។

សម្រាប់រឿង Nineteen Us ឬ ១៩ ឆ្នាំនេះ មានការចូលរូមសម្តែងដោយតារាវ័យក្មេងល្បីៗដូចជា លោក ចាដេត កញ្ញា ដាលីណា និងតារាចំណូលថ្មីដូចជាលោក ផាន់ណា លោក ណារ៉ាឌី កញ្ញា វីណា និងកញ្ញា វិច្ឆិកា ដែលពួកគេសុទ្ធតែជាតួសំខាន់ៗនៅក្នុងសាច់រឿងនេះ។

ចំណែកឯកញ្ញា ដាលីណា ដែលត្រូវជាតួឯកក្នុងរឿង Nineteen Us ឬ១៩ឆ្នាំ បានបង្ហាញអារម្មណ៍រំភើបរីករាយរបស់ខ្លួន ដែលបានសម្តែងជាតួឯកជាលើកដំបូង ព្រោះថាកន្លងមកតារាស្រីវ័យក្មេងរូបនេះ ធ្លាប់តែសម្តែងជាតួរងតែប៉ុណ្ណោះ។


កម្មវិធី MyTv Original Series គឺជាកម្មវិធីរបស់ប៉ុស្តិ៍ទូរទស្សន៍ MyTv ដែលផលិតរឿងភាគបែបយុវវ័យ និងរឿងភាគទាំងអស់ដែលផលិតក្នុងកម្មវិធីនេះ សុទ្ធតែជារឿង Original ដោយគ្មានការកូពី ពីអ្នកណាទាំងអស់។ ហើយរឿងភាគ Nineteen Us ឬ ១៩ ឆ្នាំនេះដែរ គឺជារឿងភាគទីមួយសម្រាប់កម្មវិធីនេះ។ អ្វីដែលពិសេសនោះ ចំពោះ Concept របស់កម្មវិធី MyTv Original Series គឺមានការជ្រើសរើសយកតួអង្គ សុទ្ធតែតួអង្គថ្មីទាំងអស់ ដោយតួអង្គទាំងនោះតម្រូវឲ្យធ្វើតេសសមត្ថភាពមុនពេលសម្តែងរឿងភាគរបស់កម្មវិធីនេះ។
គួររម្លឹកដែរថា រឿង Nineteen Us ឬ ១៩ ឆ្នាំនេះ មានចំនួន១២ភាគ នឹងធ្វើការបញ្ចប់នៃការថតក្នុងដើមខែវិច្ឆិកាខាងមុននេះ ហើយនឹងគ្រោងចាក់បញ្ចាំងក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ នាឆ្នាំក្រោយតែម្តង ដោយក្នុងនោះ រឿងភាគនេះ មានការចាក់ផ្សាយចំនួន៣ថ្ងៃក្នុងមួយសប្តាហ៍ និងក្នុងភាគមានចំនួនកន្លះម៉ោង។ ដូច្នេះហើយ បើចង់ដឹងថារឿងភាគថ្មីបែបយុវវ័យដែលសម្តែងដោយតារាសុទ្ធតែពន្លកថ្មី នឹងប្លែកអារម្មណ៍ ល្អមើលយ៉ាងណានោះ មានតែរង់ចាំតាមដានទាំងអស់គ្នា៕




