រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន ជនមិនស្គាល់មុខចាប់ក្រៀក អូសចូលក្នុងរថយន្ត ម៉ាកសាំងយ៉ុងប្រភេទទេសចរណ៍ ដោយពុំដឹងពីមូលហេតុ ហើយគេចខ្លួនបាត់ ស្រមោលបន្សល់ទុកតែអាវមួយនៅ កន្លែងកើតហេតុ ។ ហេតុការណ៍ចាប់មនុស្សនេះបាន កើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១ ឧសភា ២០១៣ នៅមុខវិទ្យាស្ថានប៊ែរធី តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ទោះបីជាយ៉ាងណាទាក់ទិននឹង ការចាប់មនុស្សនេះគេពុំដឹងថា ជាករណីចាប់ជំរិត ឬក៏ជាសមត្ថកិច្ចចាប់ជនសង្ស័យនោះឡើយ ។ ចំណែកជនដែលត្រូវគេចាប់ក៏ ពុំស្គាល់អត្តសញ្ញាណដែរ ។

តាមសាក្សីឱ្យដឹងថា ជនមួយក្រុមមានគ្នាប្រមាណជិត ១០នាក់ជិះរថយន្តចំនួន៣គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ មួយគ្រឿង សាំងយ៉ុង ១២កៅអី ពណ៌ទឹកប្រាក់មួយគ្រឿង និងម៉ាករ៉េវហ្វ័រ បាននាំគ្នាចាប់បុរសម្នាក់ក្រៀកហើយរុំមុខ នឹងអាវអូសចូលរថយន្តសាំងយ៉ុង ហើយគេចខ្លួនទៅបាត់។

តាមព័ត៌មានឱ្យដឹងទៀតថា នៅយប់នោះគេឃើញ រថយន្តកាមរីបាឡែន ពណ៌ខ្មៅ មួយគ្រឿងមានគ្នា ប្រមាណ៣ទៅ៤នាក់ បាននាំគ្នាចាប់បុរសម្នាក់ ក្រៀកដាក់ចូលក្នុងរថយន្តម៉ាកសាំង យ៉ុង ។ លុះក្រោយមកស្រាប់តែមានរថយន្ត ម៉ាករ៉េវហ្វ័រមួយគ្រឿងទៀតមកដល់ ហើយ មានមនុស្សចំនួន៤នាក់ចុះពីលើ រថយន្តឡើងជិះរថយន្តសាំងយ៉ុងគេច ទៅ ទិសខាងជើងបាត់ចេញពីរាជធានីភ្នំពេញ ។ ចំណែករថយន្ត២គ្រឿងទៀតបានបើកចូល រាជធានីភ្នំពេញ ។ នៅយប់នោះអ្នកឃើញហេតុការណ៍ បានរត់មកប្រាប់នគរបាល រដ្ឋបាលទួល សង្កែ ចុះទៅកន្លែងកើតហេតុរើសបានអាវដែល មនុស្សមួយក្រុមរុំមុខបុរស ម្នាក់នោះ ៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]