មន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា បន្ទប់​សណ្ឋាគារ ​និង​ផ្ទះ​សំណាក់​នៅ​តំបន់​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កក់​ទុក​អស់​ហើយ ខណៈ​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​ជា​លើក​ទី​មួយ​របស់​ខ្លួន​នៅ​ដំណាច់​ឆ្នាំ​។

លោក​ ទិត ចន្ថា អគ្គ​នាយក​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​តាម​ព័ត៌មាន​រាល់​បន្ទប់​​សណ្ឋា​គារ​ និង​ផ្ទះ​សំណាក់​ត្រូវ​បាន​កក់​អស់​ហើយ​សម្រាប់​ពិធី​បុណ្យ​សមុទ្រ​នៅ​ ដំណាច់​ឆ្នាំ​នេះ ដែល​រៀប​ចំ​ដោយ​ក្រសួង​ទេចរណ៍​។

លោក​បន្ត​ថា​៖ ​«​យើង​មាន​កន្លែង​ស្នាក់​ច្រើន ​តែ​សម្រាប់​ពិធី​បុណ្យ​ពិសេស​ដូច​នេះ ​យើង​មិន​អាច​មាន​គ្រប់​ទេ​។​ នេះ​ជា​ឱកាស​នៃ​ការ​វិនិយោគ​បន្ថែម​»​។

យោង​តាម​គេហទំព័រ​នានា​ បាន​ផ្សាយ​ឲ្យ​ដឹង​ថា តម្លៃ​សណ្ឋាគារ​នៅ​ខេត្ត​ព្រះ​សីហនុ​ ជា​មធ្យម​ ប្រមាន​ ៣០​ដុល្លារ​ក្នុង​មួយ​បន្ទប់  ប៉ុន្តែ​ក្នុង​ពេល​មាន​ពិធីបុណ្យ​ជាតិ​ និង​អន្តរជាតិ​ផ្សេង​ បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ នឹង​ឡើង​ថ្លៃ​ពី ២០ ទៅ ៣០ ភាគរយ។

កញ្ញា ​គុយ ​សេង​ទៀង ​អ្នក​បម្រើ​សេវា​កម្ម​កក់​បន្ទប់​នៅ​សណ្ឋាគារ ​ហូលីដេ ​ផាលេស​ ក្នុង​ខេត្ត​ព្រះ​សីហនុ និយាយ​ថា ​សណ្ឋាគារ​ដែល​មាន​៨១​បន្ទប់​មួយ​នេះ​ត្រូវ​បាន​កក់​អស់​ហើយ​សម្រាប់​ ព្រឹតិ្ត​ការណ៍​ថ្ងៃ​បុណ្យ​នោះ​។ ​កញ្ញា​បន្ត​ថា ​ការ​កក់​បន្ទប់​ធ្វើ​ឡើង​​តាំង​ពី​៣​សប្តាហ៍​មុន​មក​ម៉េ្លះ​ ហើយ​មក​ដល់​ពេល​នេះ​តែ​មាន​ជា​បន្ត​។​ សេង ទៀង​ និយាយ​ថា៖ ​«​ឆ្នាំ​នេះ មាន​អ្នក​ទូរស័ព្ទ​មក​កក់​បន្ទប់​ច្រើន​ណាស់ ​ប៉ុន្តែ​សណ្ឋាគារ​ខ្ញុំ​អត់​មាន​បន្ទប់​នៅ​ទំនេរ​ទេ​ សូម្បី​តែ​សណ្ឋាគារ​សុខា​ ក៏​ទូរស័ព្ទ​មក​ខ្ញុំ​ដែរ​»​។

លោក ​សេង ខា អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ ឲ្យ​ដឹង​ថា ​តាម​ព័ត៌មាន​ទទួល​បាន​ថ្មី​ៗ​នេះ​ពី​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​  កន្លែង​ស្នាក់​នៅ​ភាគ​ច្រើន​ពិត​ជា​ត្រូវ​គេ​កក់​អស់​មែន ​តែ​អាច​នៅ​សេស​សល់​តាម​ផ្ទះ​សំណាក់​តូច​ៗ​មួយ​ចំនួន​។ ​លោក​បន្ត​ថា​៖​ «​មាន​ការ​កក់​ទុក​ច្រើន​​ណាស់​ ប៉ុន្តែ​យើង​មិន​អាច​សន្និ​ដ្ឋាន​ថា ​អស់​ទាំង​ស្រុង​ទេ ​ព្រោះ​យើង​មាន​សណ្ឋាគារ ​និង​ផ្ទះ​សំណាក់​ក៏​ច្រើន​ដែរ​»​។​

លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​​ខេត្ត​ជាប់​នឹង​មាត់​សមុទ្រ​​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ ​ មាន​បន្ទប់​សរុប​ ៤០០០​ ដែល​ក្នុង​នោះ​ បន្ទប់​សណ្ឋាគារ​មាន ជាង​ ២០០០​ ហើយ​បន្ទប់​ផ្ទះ​សំណាក់​មាន​ជាង​ ១៧០០​។

ក្រសួង​ទេសចរណ៍​គ្រោង​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ ខាង​មុខ​នេះ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កម្ពុជា ​ ដែល​ត្រូវ​បាន​ចូល​ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​បំផុត​ក្នុង​ពិភព​លោក​កាល​ពី​ខែ​ឧសភា។

លោក ទិត ចន្ថា និយាយ​ថា ​ឆ្នេរ​សមុទ្រ​កម្ពុជា​នឹង​កាន់​តែ​មាន​ប្រជាប្រិយ​ភាព​ថែម​ទៀត​ ហេតុ​ដូច​នេះ ខេត្ត​ព្រះសីហនុ ត្រូវ​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​សណ្ឋាគារ​។ លោក អំពាវនាវ​ការ​វិនិយោគ​បន្ថែម​ ព្រោះ​ឥឡូវ​ មាន ផ្លូវ និង​អគ្គិសនី​ល្អ​៕

 

 

ដក​ស្រង់​ពី​គេហទំព័រ​ភ្នំពេញ​ប៉ុស្តិ៍


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]