ហេតុផល៤ចំណុច ដែលយើងមិនគួរបង្ខំចិត្តកែប្រែខ្លួនឯង ព្រោះតែចង់ផ្គាប់ចិត្តនរណាម្នាក់ឡើយ

//s6.kh1.co/e9/e9e1511b20e404e19dcad074f9fbd1856b34bc20.jpg
ប្រលោមលោក & អប់រំ

 ២៥-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅពេលដែលយើងស្រឡាញ់ ពេញចិត្ត ឬចាប់អារម្មណ៍លើនរណាម្នាក់ ប្រាកដណាស់ថា យើងនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីផ្គាប់តម្រូវចិត្តគេ យើងនឹងព្រមតាមសំណូមពរគេគ្រប់រឿង ពេលខ្លះ សូម្បីតែកែប្រែផ្លាស់ប្ដូរខ្លួនឯង ក៏យើងអាចធ្វើបានដែរ សំខាន់ឱ្យតែម្ខាងទៀតពេញចិត្ត។ ប៉ុន្តែយ៉ាងណាមិញ ការកែប្រែ ផ្លាស់ប្ដូររបស់យើង មិនមែនសុទ្ធតែមានលទ្ធផលល្អនោះទេ ជាពិសេស ប្រសិនបើតម្រូវឱ្យយើងត្រូវបង្ខំចិត្តកែប្រែខ្លួនឯង វារឹតតែមិនគប្បីចំពោះខ្លួនឯងទៅទៀត។ កុំព្រោះតែចង់ផ្គាប់ចិត្ត តម្រូវចិត្ត យកចិត្តគេ បែរជាមកបង្ខំចិត្តកែប្រែខ្លួនឯងនោះ ខាងក្រោមនេះ ជាហេតុផលគោល៤ចំណុច ដែលយើងត្រូវគិត មិនគួរបង្ខំចិត្តកែប្រែ និងផ្លាស់ប្ដូរខ្លួនឯងដើម្បីនរណាម្នាក់នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

១. បើគេស្រឡាញ់យើងមែន គេនឹងទទួលយកគ្រប់យ៉ាងដែលយើងមាន

មិនថាជាមិត្ត ឬស្នេហានោះទេ បើគេពិតជាគោរព ស្រឡាញ់ រាប់អាន និងឱ្យតម្លៃយើងពិតមែន គេប្រាកដជាមិនធ្វើឱ្យយើងលំបាក ឬទើសទាល់ ក្នុងការកែប្រែអ្វីមួយដើម្បីគេនោះទេ ព្រោះគេប្រាកដជាអាចទទួលយកគ្រប់យ៉ាងដែលជាយើង មិនចំណុចល្អ ឬក៏ចំណុចអាក្រក់នោះឡើយ គេក៏នៅតែស្ម័គ្រ និងទទួលយកការពិតដែលជាយើងបានជានិច្ច។

រូបតំណាង
រូបតំណាង

២. ការកែប្រែរបស់យើង មិនប្រាកដថា គេត្រូវការនោះឡើយ

ពេលខ្លះ គេអាចនឹងសំណូមពរនេះ សំណូមពរនោះ ឱ្យយើងផ្លាស់ប្ដូរ កែប្រែដើម្បីគេ ទាល់តែយើងធ្វើតាមការចង់បានរបស់គេទើបអាចក្បែរគេបាន តែមិនមែនមានន័យថា គេព្រមទទួលយកចំណុចទាំងអស់នេះបានទេនៅពេលខាងមុខនោះ។ ពេលខ្លះ វាគ្រាន់តែជាចំណង់ ការចង់បានមួយពេលរបស់គេតែប៉ុណ្ណោះ តែការពិត គេមិនបានមានចិត្ត ឬស្មោះត្រង់ចំពោះយើងនោះឡើយ។​ ពេលខ្លះ ការកែប្រែរបស់យើង មិនមានតម្លៃអ្វីដើម្បីគេនោះទេ ព្រោះការពិត គេគ្រាន់តែចង់យកឈ្នះ ឬចង់គ្រប់គ្រងលើយើងតែប៉ុណ្ណោះ។

រូបតំណាង
រូបតំណាង

៣. យើងនឹងបាត់បង់ភាពជាខ្លួនឯង

នៅពេលដែលយើងព្យាយាមកែប្រែខ្លួនឯង ព្រោះតែនរណាម្នាក់ នោះបញ្ជាក់ថា យើងកំពុងតែបំផ្លាញរូបភាពពិតនៃខ្លួនឯងហើយ​ យើងប្រាកដជាបាត់បង់ម្ចាស់ការជាខ្លួនឯង ព្រោះយើងកំពុងតែធ្វើតាមការបញ្ជា និងការចង់បានរបស់អ្នកដទៃដោយមិនដឹងខ្លួន។ អ្វីដែលសំខាន់ ការកែប្រែរបស់យើង មិនប្រាកដថា អាចចងគេជាប់នៅនឹងយើងមួយជីវិតនោះទេ ប្រសិនបើថ្ងៃណាមួយ គេបែរជាចាកចេញទៅ នោះយើងក៏នឹងលែងមានរូបភាពជាខ្លួនឯងហើយ ព្រោះយើងបានកែប្រែខ្លួនឯងទាំងស្រុង ព្រោះតែចង់ផ្គាប់ចិត្តគេ តែចុងក្រោយ គេក៏ចាកចេញទៅ ទុកឱ្យយើងនៅម្នាក់ឯងដដែល។

រូបតំណាង
រូបតំណាង

៤. អាចនឹងធ្វើឱ្យគេមើលងាយយើងទៅវិញ

ការកែប្រែរបស់យើង ដើម្បីផ្គាប់ចិត្តនរណាម្នាក់ វាមានន័យថា យើងកំពុងតែឱនលំទោនយ៉ាងហួសហេតុ ជាពិសេសគឺ ផ្ដល់សិទ្ធិឱ្យគេគ្រប់គ្រងយើង ដូច្នេះ វាក៏ងាយនឹងឱ្យគេមើលងាយ ប្រមាថ និងបន្ទាបតម្លៃយើងកាន់តែខ្លាំង គេអាចនឹងជាន់ក្បាល ជាន់ពន្លិចយើងថែមទៀតផង។ គេមិនឱ្យតម្លៃយើង ព្រោះគិតថា យើងព្រមតាមគេគ្រប់យ៉ាង សូម្បីតែកែប្រែម្ចាស់ការរបស់ខ្លួនឯង ក៏យើងអាចធ្វើតាមគេបានដែរ ដូច្នេះហើយ ដែលជាចំណុចធ្វើឱ្យគេមើលមិនឃើញតម្លៃយើងឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T