ភ្នំពេញ៖ ពាក្យពេចន៍ថ្មីរបស់ខ្មែរ ចំនួន ១០.០០០ (១ម៉ឺន) ពាក្យ បន្ថែមពីលើវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត នឹង ចេញប្រើជាផ្លូវការ នៅរយៈពេលពី ៣-៤ឆ្នាំខាងមុខនេះ តាម រយៈការបោះពុម្ពវចនានុក្រមខ្មែរថ្មី។

លោក ព្រុំ ម៉ល់ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី និងជាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ដោយសារកម្ពុជា មាន ការខ្វះខាតពាក្យពេចន៍ ដើម្បីប្រើប្រាស់ឲ្យទាន់ សភាពការណ៍សព្វថ្ងៃ ព្រមទាំងមានបញ្ហាផ្សេងៗទៀត ទើបរាជរដ្ឋាភិបាល កម្ពុជា បង្កើតស្ថាប័នពីរឡើងគឺ វិទ្យាស្ថានជាតិភាសាខ្មែរ នៅក្នុងរាជបណ្ឌិតសភាកម្ពុជា និងក្រុម ប្រឹក្សាជាតិភាសារខ្មែរ ស្ថិត ក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបណ្ឌិតសភាចារ្យ បានបន្តថា «ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងវិទ្យាស្ថានជាតិភាសាខ្មែរ បានធ្វើការរួមគ្នាលើការងារ ផ្នែកខ្លះ ហើយវិទ្យាស្ថានជាតិភាសាខ្មែរ បានប្រមូលចងក្រងពាក្យពេចន៍ថ្មី បានចំនួន ១០.០០០ (១ម៉ឺន)ពាក្យ បន្ថែមពីលើ ពាក្យពេចន៍ ដែលមាននៅក្នុងវចនានុក្រម របស់សម្ដេចសង្ឃរាជ ជួន ណាត ដែលមានចំនួន១០.០០០ (១ម៉ឺន)ពាក្យដែរ។ ប៉ុន្តែវិទ្យាស្ថានជាតិភាសាខ្មែរ មិនទាន់បានធ្វើការពន្យល់ ឲ្យចប់សព្វគ្រប់នៅឡើយទេ ដោយក្រុមការងារ បានខិតខំធ្វើ ការងារនេះ ទាំងព្រឹក និងល្ងាច ដើម្បីសម្រេចនូវសមិទ្ធផល សម្រាប់ឲ្យប្រជាជន សិស្ស និស្សិត និងបញ្ញវន្តខ្មែរ ប្រើប្រាស់ តាមតម្រូវការ នាថ្ងៃអនាគត»។

លោក ព្រុំ ម៉ល់ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានមានប្រសាសន៍បន្ថែមទៀតថា “ប៉ុន្តែពាក្យខ្មែរយើងនៅតែខ្វះ ត្រូវ ទាមទារឲ្យយើងបង្កើតជាបណ្តើរៗ និងប្រហែលជា ៤ ទៅ ១០ឆ្នាំទៀត យើងនឹងមានពាក្យពេចន៍ ប្រហែលនឹងភាសាអង់គ្លេស និងភាសាបារាំងហើយ ព្រោះយើងខិតខំបង្កើតរាល់តែថ្ងៃ”។

គួររំលឹកថា កន្លងមករហូតដល់បច្ចុប្បន្ន នៅប្រទេសកម្ពុជា មានការខ្វះខាតពាក្យបច្ចេកទេស ជាច្រើន សម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការ នៃការរីកចម្រើន លើវិស័យនានា និងបានប្រើពាក្យបរទេសជំនួស៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]