ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ វេលាប្រហែលម៉ោង ៤និង០០ នៅចំនុចអ៊ូវៀតណាម ស្ថិតនៅក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ មានហេតុការណ៍ស្លាប់កម្មករទូកម្នាក់ ដែលតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនរងគ្រោះម្នាក់ មានឈ្មោះ ថា ភេទប្រុស អាយុប្រហែល ៤០ឆ្នាំជាង មានស្រុកកំណើតនៅ ខេត្ត កណ្តាល និងមានអាសយដ្ឋាន នៅម្តុំស្ពានអាកាស ជ័យជំនះ ៧មករា (ស្ពានអាកាសពេទ្យលោកសង្ឃ) ដែលកាលពីប៉ុន្មាន ថ្ងៃមុន បានស្នាក់នៅជាមួយ និងថៅកែម្នាក់ផ្សេងទៀត នៅតំបន់ក្បែរនេះដែរ ហើយកាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ ជនរងគ្រោះ បានមកសុំថៅកែទូកឈ្មោះ យ៉ូវ រ៉ូង ភេទប្រុស អាយុ ៤៨ឆ្នាំ មានស្រុកកំណើតនៅបាត់ដំបង បច្ចប្បន្នស្នាក់នៅ តំបន់ខាងលើ ដើម្បីធ្វើជាកូនដៃទូក (កម្មករទូកនេសាទ) បន្ទាប់ពីបានការយល់ព្រមពីថៅកែទូកហើយ គេឃើញជនរងគ្រោះ ដើរមើលគេលេងបៀ និងហូបស្រា ធម្មតាក្នុងភូមិនោះ លុះព្រឹកឡើងវេលាម៉ោងប្រហែល ៤និង០០នាទី ថៅកែទូកនិងជន រងគ្រោះ បានងើបឡើងរៀបចំទូក ចាកចេញទៅនេសាទត្រីក្នុងសមុទ្រ គេឃើញជនរងគ្រោះ និងថៅកែទូក កំពុងរៀបចំ ទាញមងក្នុងទូក ស្រាប់តែគេឃើញជនរងគ្រោះ ធ្លាក់ទៅក្នុងទឹកតែម្តង ភ្លាមៗនោះថៅកែទូក និងអ្នកភូមិបានលោតចុះទៅជួយ ស្រង់គាត់ឡើងមកលើគោកវិញភ្លាមៗ  ប៉ុន្តែពេលកំពុងតែស្រង់ឡើង គេឃើញជនរងគ្រោះបែកពពុះមាត់ បាត់មាត់បាត់កទៅ ហើយ  ។

បន្ទាប់មក គេក៏លើកជនរងគ្រោះ ដាក់នៅលើទូកវិញ ហើយធ្វើចលនា ប៉ុន្តែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ អ្នកភូមិស្ទើរមិនជឿគ្រប់ៗថា ជនរងគ្រោះស្លាប់នោះឡើយ ព្រោះជំរៅទឹកដែលធ្លាក់នេះ មានជំរៅត្រឹមចង្កេះមនុស្សចាស់ ប៉ុណ្ណោះ ហើយជនរងគ្រោះទៀតសោត ក៏មានមាឌមាំ កម្លាំងកំហែងក៏ខ្លាំង ។

អ្នកភូមិក៏បានដាក់ការសង្ស័យ បណ្តាលមកពីជនរងគ្រោះ ស្លាប់ដោយសារខ្យល់គរ ឬរបួសចាស់រើឡើងវិញ ព្រោះគេឃើញ មានស្នាមវះនៅត្រង់ពោះ ដែលគេសន្និដ្ឋានថា ប្រហែលជាជនរងគ្រោះមានបញ្ហាក្រពះ ហើយគេក៏ធ្លាប់ឮជនរងគ្រោះថា ស្នាមវះនេះមានជាងមួយឆ្នាំមកហើយដែរ ។

មិនទាន់មានការបញ្ជាក់ការពិត យ៉ាងណានៅឡើយទេ ពីសមត្ថកិច្ចនគរបាលកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដោយអាជ្ញាធរមូលដ្ឋានសង្កាត់លេខ៣ ដែលកំពុងនៅការពារសព នៅកន្លែងកើតហេតុ តាំងពីព្រឹកព្រលឹម រហូតមកដល់ម៉ោង១០និង០០នាទី នោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នគរបាលកោសល្យវិច័យកំពុង ជាប់ប្រជុំ ។

នៅពេលនេះ មានសប្បុរសជនជាច្រើន បានបរិច្ចាគធនធានជាបច្ច័យ សំរាប់ជួលរថយន្ត ដឹកសាកសពទៅតម្កល់នៅវត្ត និង ក្តារមឈូសរួចរាល់អស់ហើយ ប៉ុន្តែគេរង់ចាំតែ សមត្ថកិច្ចនគរបាល កោសល្យវិច័យ មកធ្វើការពិនិត្យចុងក្រោយប៉ុណ្ណោះ ។

អ្នកភូមិក៏បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋដែលមានបាត់បង់ សមាជិកគ្រួសារ សូមមេត្តាទាក់ទងមកសមត្ថកិច្ច ខេត្តព្រះសីហនុ ដើម្បីមកទទួលសព ទៅធ្វើបុណ្យតាមប្រពៃណីជាតិ ។ ចំពោះជនរងគ្រោះ មានស្នាមសម្គាល់ត្រង់ពោះ មានស្នាមវះ និងដើមដៃខាងឆ្វេងមានស្នាមសាក់ផងដែរ ។

ស្ថិតក្នុងពេលកំពុងជួបបញ្ហា ថៅកែទូកម្នាក់នេះ ដែលគេអះអាងថា ខានចេញទូកជាច្រើនថ្ងៃមកហើយ ធ្វើឲ្យរូបគាត់មាន ការខ្វះខាតយ៉ាងខ្លាំង ពេលនេះ ទើបតែមាន កម្មករទូក ក៏បានរៀបចំចេញទៅនេសាទ សង្ឃឹមថានិងបានកំរៃខ្លះ បែរជាជួបប្រទះ បញ្ហាបែបនេះទៅវិញ មិនត្រឹមតែ កំពុងពិបាកចិត្តនិងគ្មានប្រាក់ផង មានគេ ស្លាប់នៅលើទូកខ្លួនឯងទៀត ស្រាប់តែមានលោក ប្រធានក្រុមទី៣១ ម្នាក់ ឈ្មោះ កែវ សារ៉េត មកទាមទាររកលុយកាក់គាត់ថែមទៀត ចំនួន ១លានរៀល និង១០០ដុល្លារ ថាជា ប្រាក់ក្នុងការដោះស្រាយករណីខាងលើនេះ ។ នេះបើតាមការអះអាង របស់សាច់ញាតិរបស់ថៅកែទូក និងចាស់ព្រឹទ្ធាចារ្យក្នុង ភូមិម្នាក់ ដែលគេគោរព បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល កាលពីវេលាម៉ោង៧និង០០នាទី ព្រឹកមិញនេះផ្ទាល់តែម្តង ។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានទាក់ទងទៅលោក កែវ សារ៉េត ដែលជាប្រធានក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ ០១៥ ៦៩៨៣៣៦ នៅវេលាម៉ោង ១០និង០១នាទីព្រឹកថ្ងៃដដែល បានបដិសេធន៍ ថា ជាព័ត៌មានមិនពិត ។ ហើយរូបលោកមានតែ ដើររៃអង្គាសប្រាក់ ឲ្យចូលបុណ្យ ជនរងគ្រោះទៅវិញទេ ។

ចំពោះបញ្ហានេះ បើសិនជាការជំរិតទារប្រាក់ ពីថៅកែទូកមានពិតមែន តាមការអះអាង របស់សាច់ញាតិ ជនរងគ្រោះ និងអ្នកភូមិ មែននោះ សូមលោកចៅសង្កាត់លេខ៣ កាន់ ឡឹង ក៏ដូចជាអភិបាលខេត្ត ស្បោង សារ៉ាត មេត្តាជួយធ្វើការស៊ើបអង្កេត ឲ្យបានដិតដល់ផង ចំពោះបុគ្គលម្នាក់នេះ ព្រោះការបោះឆ្នោត កាន់តែខិតជិត ឈានចូលមកដល់ហើយ ៕











ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]