ភ្នំពេញៈ ធនាគារ SBC បានសហការជាមួយ កម្លាំងនគរបាល រាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន ក្រុមសង្គមងងឹត ម៉ាឡេស៊ី ២នាក់ ដែលតែងតែ ប្រើកាតក្លែងក្លាយ ដកសាច់ប្រាក់ តាមម៉ាស៊ីនATM របស់ធនាគារSBC ក៏ដូចជា ATM របស់ធនាគារ មួយចំនួនទៀត នៅក្នុង ប្រទេសកម្ពុជា ។

ការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើង នៅកន្លែង២ផ្សេងគ្នា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ កន្លងទៅ បន្តាប់ពីពួកគេ ប្រើកាតក្លែងក្លាយ ទៅដកប្រាក់ នៅម៉ាស៊ីន ATM របស់ធនាគារ SBC ក៏ដូចជា ធនាគារមួយចំនួនទៀត នៅម្តុំមាត់ទន្លេ នៅរាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍ របស់ធនាគារ SBC បានឱ្យដឹងថា ជនបរទេសទាំងពីរនាក់នេះ បានលួចទិន្នន័យ របស់ កាតពិតប្រាកដ ពីធនាគារបរទេសមួយ ហើយមកចំលងចូល ក្នុងកាតក្លែងក្លាយ របស់គេ បន្ទាប់មកពួកគេ បានប្រើប្រាស់ កាតក្លែងក្លាយនោះ ដើម្បីដកសាច់ប្រាក់ តាមម៉ាស៊ីន ATM របស់ ធនាគារមួយចំនួន ក្នុងប្រទេសកម្ពុជា។

ធនាគារបានបង្ហាញថា កាលពីដើមខែ មេសា ឆ្នាំ 2013  SBCបានសំគាល់ឃើញ ប្រតិបត្តិការដកសាច់ប្រាក់ មានភាពមិនប្រក្រតី មួយចំនួន ហើយក៏បានធ្វើការស៊ីបអង្កេតភ្លាមៗ ជាមួយនឹង ប្រព័ន្ធសុវត្ថិភាព ដោយធ្វើការពិនិត្យ ឡើងវិញ នូវប្រតិបត្តិការ មិនប្រក្រតីទាំងនោះ ដែលរួមមានទិន្នន័យ តាមប្រព័ន្ធសុវតិ្ថ ភាពរបស់ ATM និងរបាយការណ៍ ដែលទាក់ទងនិង ប្រតិបតិ្តការទាំងនោះ។ លទ្ធផលចំពោះ ការស៊ីបអង្កេត បានបង្ហាញថា ប្រតិបតិ្តការមិនប្រក្រតីទាំងនោះ គឺជាការដក សាច់ប្រាក់ ដោយប្រើប្រាស់ កាតATMក្លែងក្លាយ។ ភ្លាមៗនោះធនាគារ SBC បានរាយការណ៍ ដល់សម្ថកិច្ច ដើម្បីធើ្វការ ស្រាវជ្រាវ។ ឆ្លងកាត់មួយរយៈពេលកន្លងមក ដោយសារតែកិច្ចសហការ យ៉ាងជិតស្និតរវាងធនាគារ SBC និងសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជន សង្ស័យពីរនាក់ នៅកន្លែងម៉ាស៊ីន ATM ផ្សេងគ្នានៅថ្ងៃទី 12 ខែ មេសា ឆ្នាំ 2013 តែម្តង។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងទៀតថា ជនសង្ស័យទី១ ឈ្មោះ Delvin Joseph កាន់លិខិតឆ្លងដែន ម៉ាឡេស៊ី ។ ជននេះបាននិយាយថា ខ្លួនធ្លាប់បានធ្វើការ ឲ្យក្រុមសង្គមងងឹត ក្នុងប្រទេសម៉ាឡេស៊ី និងការប្រើប្រាស់ កាតក្លែងក្លាយ នៅក្នុង ប្រទេសកម្ពុជា ដើម្បីដកប្រាក់តាម ម៉ាស៊ីនATM គឺបានការណែរនាំពីសមាជិក របស់ក្រុមសង្គមងងឹង។ នៅពេល មកដល់ កម្ពុជា Delvin បានជួបនឹងបុរសម្នាក់ទៀត ដែលជាសមាជិក ក្រុមសង្គម ងងឹតនេះ ឈ្មោះ Raja ដែលជា អ្នករៀបចំ ការស្នាក់ នៅព្រមទាំង ការធ្វើដំណើរផ្សេងៗ របស់ Delvin។ Delvin តែងតែ ប្តូរកន្លែងស្នាក់នៅរៀងរាល់ ២ឬ៣ថ្ងៃម្តង ដើម្បីពង្វាងការតាមដាន របស់សមត្ថកិច្ច។

ប្រភពខាងលើបន្តថា Vinonaj Aruna Salam ក៏ជាសមាជិកម្នាក់ ក្នុងក្រុមសង្គមងងឹតផងដែរ ដែលបានឆ្លងដែន មកពី ប្រទេសស្រី លង្កាចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងរក ការងារធ្វើ។ Vinonaj បានជួបនឹង សមាជិកក្រុមសង្គមងងឹត ផ្សេងទៀតឈ្មោះ Mal នៅភ្នំពេញ ម្តុំមាត់ទន្លេ ហើយឈ្មោះ Mal នេះបានឲ្យការងារមួយ ដល់ Vinonaj គឺផ្តល់ឲ្យ Vinonaj នូវកាតក្លែងក្លាយមួយចំនួន ដើម្បីធ្វើការដកប្រាក់ តាមម៉ាស៊ីន ATM។ Vinonaj បានរៀបរាប់ថា គាត់បានស្គាល់ Delvin ប្រហែលជាងមួយសប្តាហ៍ នៅតាមបណ្តោយ ផ្លូវមាត់ទន្លេ មុនពេលនគរបាល ចាប់ខ្លួន។ ជនសង្ស័យ ទាំងពីរនាក់ Vinonaj និង Delvin ទទួលកាតក្លែងក្លាយពីឈ្មោះ Raja និង Mal ជាញឹកញាប់ និងទទួលបានពី 10ទៅ 40 កាតក្នុងម្នាក់ៗ ជារៀងរាល់ លើកដើម្បីធ្វើសកម្មភាព។ Mal និង Raja បានពន្យល់ Vinonaj និង Delvin បន្ថែមពីរ បៀបប្រើប្រាស់កាតដើម្បីដកលុយពី ATM នៅជុំវិញទីក្រុងភ្នំពេញ ជាពិសេសតាម បណ្តោយផ្លូវមាត់ទន្លេ និងវិថីនរោត្តម។

ក្នុងចំណោម ATM ជាង90កន្លែងទូទាំងប្រទេស, ធនាគារ SBC មានម៉ាស៊ីន ATM ជាង10កន្លែងតាម បណ្តោយ ផ្លូវមាត់ទន្លេ និងបណ្តោយផ្លូវនរោត្តម ដែលជនសង្ស័យទាំងពីរនាក់នេះ ងាយស្រួលរក និងធ្វើសកម្មភាព ប្រើប្រាស់ កាតក្លែងក្លាយ ដើម្បីដកសាច់ប្រាក់។ ជាមួយនឹង ការបំពាក់បច្ចេកវិទ្យា ដ៏ទំនើបស្តង់ដារ សុវត្តិភាព EMV (Europay, MasterCard, Visa) ធនាគារSBC ជាធនាគារដំបូងគេបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដែលទទួល បានវិញ្ញាបនប័ត្រ បញ្ជាក់ពីស្ថាប័ន Visa អន្តរជាតិសម្រាប់ ការពារសុវត្ថិភាពម៉ាស៊ីន ដកសាច់ប្រាក់ស្វ័យប្រវតិ្ត(ATM)។ ដោយរួមបញ្ចូលគ្នា រវាងស្តង់ដា EMV និងប្រព័ន្ធស្តង់ដារសម្រាប់ ការរុករកការលួចបន្លំកំរិតខ្ពស់ និងប្រព័ន្ធត្រួតពិនិត្យ ស្វ័យប្រវត្តិ, ធនាគារ SBC គឺជាធនាគារមួយ នៅក្នុងប្រទេស ដែលមានសមត្ថភាព ក្នុងការតាមដានសកម្មភាពកាត ក្លែងក្លាយដែលប្រើប្រាស់ លើម៉ាស៊ីនATM និងបានសហការ ជាមួយសមត្ថកិច្ច ក្នុងការចាប់ជនសង្ស័យដែល ប្រើប្រាស់កាតទាំងនេះ ដើម្បី ផ្តន្ទាទោសតាម ផ្លូវច្បាប់។

យោងតាមប្រភពព័ត៌មានពីកម្លាំង អ.ហ បានឲ្យដឹងផងដែរថា  ចំនួនទឹកប្រាក់ ដែលជនសង្ស័យ បានលួចដកចេញពីម៉ា  ស៊ីន ATM  រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៣ ដល់ថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៣ សរុប  ចំនួន ១៣៣.១៩៨ដុល្លាសហរដ្ឋអាមេរិក។ ក្នុង១ថ្ងៃម្នាក់អាចដកប្រាក់បានពី ២.០០០ទៅ៧.០០០ដុល្លារ សហ រដ្ឋអាមេរិក ។

ជនសង្ស័យ Vinonaj និង Delvin ដែលបានចាប់ឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចរឹបអូស បាននូវកាតមួយចំនួនធំ ដែលក្រុមសង្គមងងឹត ទាំងនេះ បានលួចចំលងទិន្នន័យ ពីកាតពិតប្រាកដ របស់ធនាគារ នៅបរទេស មកបញ្ចូល ក្នុងកាតក្លែងក្លាយ របស់ពួកគេ។ ដោយសារតែធនាគារ SBC ជាធនាគារដំបូងគេបំផុត នៅអាស៊ីអាគ្នេយ៍ ដែលទទួល បានវិញ្ញាបនប័ត្រ បញ្ចាក់ពីប្រព័ន្ធស្តង់ដារ សុវត្តិភាព EMV ពីស្ថាប័ន Visa អន្តរជាតិសម្រាប់ ផលិតកាត និងតំលើងម៉ា ស៊ីនទទួលកាត, ដូចឆ្នេះរាល់កាត របស់ធនាគារSBC សុទ្ធតែត្រូវបានបំពាក់ប្រព័ន្ធ ស្តង់ដារសុវត្តិភាពខ្ពស់ EMV ទាំងអស់។ បន្ថែមពីលើកាតដែលបំពាក់ ដោយប្រព័ន្ធស្តង់ដារ សុវត្តិភាពខ្ពស់ EMV, អតិថិជនរបស់ SBC មាន ជម្រើសដើម្បី ទទួលបាន នូវការបញ្ជូនសារ SMSភ្លាមៗ ទៅទូរស័ព្ទដៃ របស់ពួកគេ នៅពេលពួកគេ ប្រើប្រាស់កាតទាំង នេះទូរទាត់ ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ។ ដូចនេះនៅពេល ដែលអតិថិជន បានជ្រុះបាត់កាត ដោយមិនដឹងខ្លួន ហើយត្រូវបាន អ្នកដ៏ទៃរើស បានរួចយកទៅប្រើប្រាស់ ឬក៏មាន ក្រុមសង្គមងងឹត ណាមួយ ធ្វើសកម្មភាពលើកាតទាំង នេះ, សារSMS នឹងត្រូវបានបញ្ជូន ទៅទូរស័ព្ទដៃ របស់ម្ចាស់កាតភ្លាមៗ ដើម្បីធ្វើការទាក់ទង មកធនាគារ SBC ក្នុង ការបិទកាត ឬលុប ចោលកាតតែម្តង៕




ដោយៈដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]