រាជធានីភ្នំពេញ ៖ យុវជនឈាមក្តៅម្នាក់ ដោយសារតែខឹងស្រីស្នេហ៍ មិនព្រមជិះម៉ូតូជាមួយ ក៏ជិះម៉ូតូទៅបុករថយន្តមួយគ្រឿង ដោយចេតនា ដើម្បីសម្លាប់ខ្លួន ឱ្យស្រីស្នេហ៍មើលឃើញពី ចិត្តស្មោះរបស់ខ្លួន ដែលមិនដឹងថាការបង្ហាញ ពីចិត្តស្មោះនេះ តើទទួលបានអ្វីមកវិញទេប្រសិនបើ របួសបាក់ដៃបាក់ជើង ឬក៏ស្លាប់នោះ។ ហេតុការណ៍នេះកើតឡើង នៅជិតស្តុបបូកគោ មុខឃ្លាំងលក់រថយន្តលេខ២២ តាមមហាវិថីម៉ៅសេទុង ក្នុងភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៧ មេសា ។

ប្រភពព័ត៌មានពីមិត្តភក្តិ យុវជនឈាមក្តៅរូប នេះឱ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូអាយខន ពណ៌ផ្ទៃមេឃលាយស ពាក់ស្លាកលេខ កំពង់ចាម 1B-0182 រួមជាមួយមិត្តភក្តិ និងស្រីស្នេហ៍របស់គេ ទៅដើរលេង រួចហើយទៅរកហូបចំណី នៅម្តុំស្តុបបូកគោ ។ ក្រោយពេលចេញពី ហូបចុកនោះ ស្រាប់តែនារីជាស្រីស្នេហ៍ មិនព្រមជិះម៉ូតូជាមួយ ដោយជិះម៉ូតូជាមួយមិត្តភក្តិនារីៗវិញ ធ្វើឱ្យយុវជនរូបនោះតូចចិត្ត ហើយក៏មានកំហឹង និងនិយាយថា បើមិនព្រមជិះជាមួយទេ គេនឹងជិះម៉ូតូបុករថយន្តឱ្យស្លាប់ ។ ឯនារីជាស្រីស្នេហ៍បានតបវិញថា បើចង់បុកក៏បុកចុះ ស្រាប់តែយុវជនចិត្តក្តៅនោះជិះម៉ូតូបញ្ច្រាស ទិសចរាចរណ៍ខាងឆ្វេង ដៃពីលិចទៅកើត ជិះទៅបុករថយន្តទួរីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-0466 ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា ដោយបុកចំពីមុខរថយន្តជាប់ឆ្កឹង និងដួលសន្លប់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ គ្លីនិកឯកជនភ្លាមៗដែរ ។

ក្រោយពេលកើតហេតុ ម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវ គោក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។

ព័ត៌មាននេះគឺជាសារ មួយសម្រាប់យុវវ័យសម័យ បច្ចុប្បន្ន ដែលកំពុងតែងប់ងុល នឹងជំងឺស្នេហា សង្សារ អូនបងទាំងឡាយ ត្រូវតែយល់ថា រាល់ការប្រព្រឹត្តរបស់ខ្លួនគប្បីត្រូវ ពិចារណាឱ្យបានសមស្របផង ដែរ ថាតើគួរប្រកាន់យកបែបណា ?




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]