ភ្នំពេញ៖ យ៉ាងហោចណាស់ បុរស៣នាក់ បានស្លាប់ និង២នាក់ទៀត បានរងរបួសធ្ងន់ ដោយសារ តែរន្ទះបាញ់ប្រហារ និងបាក់បង្គោល ភ្លើងចំនួន២៣ដើម ព្រមទាំងដួល រលំផ្ទះប្រជាពលរដ្ឋ ប្រមាណ៣ខ្នង ស្ថិតនៅតាមផ្លូវ១៥១ សង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣នេះ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ នេះ វមានភ្លៀងផ្គរ លាយខ្យល់ យ៉ាងខ្លាំង បានកើតឡើង នៅខណ្ឌសែនសុខ ស្រាប់តែនៅ ម៉ោងកើតហេតុ វេលាម៉ោង ប្រមាណ៤៖០២នាទី ខណៈជនរងគ្រោះ កំពុងជិះទូកដើម្បី នេសាទត្រី នៅបឹងសំរោង ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ស្រាប់តែរន្ទះបាញ់ បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់ ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក ហុង បានឲ្យដឹងថា បុរសចំនួន៣នាក់ បានស្លាប់ដោយសារ តែរន្ទះបាញ់មែន និងបុរសចំនួន២នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ។

នាយនគរបាលបាលប៉ុស្តិ៍សង្កាត់សំរោង លោក ប៉ែន ផុន បានថ្លែងឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ សាយ ភារម្យ អាយុ២២ឆ្នាំ ទី២ឈ្មោះ សន រាត្រី អាយុ២០និងទី៣ឈ្មោះ ឌឹម សាវ័យ អាយុ២៣ឆ្នាំ។ លោកមេប៉ុស្តិ៍បានបន្តថា ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ នៅកន្លែង កើតហេតុ បានបន្តថា ដោយសារតែកម្លាំង ខ្យល់បោកបក់ខ្លាំង បានបណ្តាលឲ្យ បង្គោលភ្លើងដែលដាំនៅតាមដងផ្លូវ ចំនួន២៣ដើម បានដួលរលំ និងរលំផ្ទះប្រជាពលរដ្ឋ ប្រមាណ៣ខ្នងផងដែរ ។

ដោយឡែក បុរស ដែលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ៕















ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]