ភ្នំពេញ៖ តារាចម្រៀង Original song ល្បីឈ្មោះ កញ្ញា នីគីនីគី (Nikki Nikki) បានទទួលឱកាសការងារថ្មីមួយទៀត ដោយកញ្ញាត្រូវបានក្រុមហ៊ុន Theara Leang Co.,LTD ជ្រើសរើសធ្វើជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ឲ្យផលិតផលរបស់ខ្លួន គឺម៉ាក T&L ដែលកំពុងល្បីខ្លាំងនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាពេលកន្លងមកទស្សនិកជនធ្លាប់តែ បានឃើញនិងស្គាល់ តារាស្រី នីគីនីគី តាមរយៈការបកស្រាយបទចម្រៀង Original song និងការតុបតែងខ្លួនស្ទីលបរទេស ប៉ុន្តែកញ្ញាកម្របង្ហាញវត្តមាន ធ្វើជាតំណាងផលិតផលណាមួយឡើយ។ ទើបតែពេលនេះ ក្រុមហ៊ុន Theara Leang Co.,LTD បានរៀបចំកម្មវិធីប្រកាសជ្រើសយក នីគីនីគី ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ផលិតផលរបស់ក្រុមហ៊ុនខ្លួនជាលើកទី១ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតែផលិតផល T&L របស់ក្រុមហ៊ុន កំពុងតែដំណើរការ យ៉ាងជោគជ័យរួចទៅហើយនៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន ហេតុអ្វីត្រូវរើស តារាស្រីរូបនេះ ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈធ្វើអ្វីទៀត។

ទាក់ទងទៅនិងការប្រកាសជាសាធារណៈ ក្នុងការរើស តារាចម្រៀង នីគីនីគី ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់ក្រុមហ៊ុននេះ ត្រូវបានអគ្គនាយិកាក្រុមហ៊ុន Theara Leang Co.,LTD លោកជំទាវ លាង ធារ៉ា ប្រាប់ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនប្រកាសទទួលយក កញ្ញា នីគីនីគី ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ព្រោះហេតុផលថា កញ្ញាគឺជាអតិថិជន ពិតប្រាកដ របស់ផលិតផល T&L កញ្ញាបានប្រើប្រាស់ផលិតផលក្រុមហ៊ុនគ្រប់មុខ ហើយសុទ្ធតែទទួលបានលទ្ធផលល្អ កញ្ញាគឺជាតារាមួយរូបដែលមុនទទួលធ្វើជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ក្រុមហ៊ុន ណាមួយគឺសម្រឹតសម្រាំងណាស់ ហើយទាល់តែខ្លួនឯងបានដឹងបានយល់ពីគុណសម្បត្តិផលិតផលនោះច្បាស់ទើបកញ្ញាទទួលធ្វើតំណាង មិនមែនចេះតែទទួលធ្វើ យកតែថ្លៃឈ្នួលនោះ ទេ។
លោកជំទាវ បន្តទៀតថា ការដែលរើសឯកអគ្គរដ្ឋទូតសុឆន្ទៈ មិនមែនរើសត្រឹមតែស្អាតនិងល្បីទេ ពោលគឺត្រូវរើសថាគាត់បានប្រើនិងស្គាល់ផលិតផលយើងច្បាស់ទេ ធ្លាប់ប្រើទេ ហើយទទួលបានលទ្ធផលយ៉ាងមិចដែរ ហើយមួយទៀតគឺអត្តចរឹក និងចំណេះដឹងក៏ជារឿងសំខាន់ ។ ហើយទាំងអស់នេះគឺ នីគីនីគី មានគ្រប់លក្ខខណ្ឌ ទើបលោកជំទាវសម្រេចរើសកញ្ញា ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់ក្រុមហ៊ុនតែម្តងទៅ៕



