រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានី ដឹកនាំដោយព្រះរាជអាជ្ញារង តែមិនមាននគរបាលប៉ុស្ដិ៍រដ្ឋបាល ចតុមុខចូលរួមទេ បានឆ្មក់ចូលទីតាំងបើកល្បែងហ្គេម ផ្ទះលេខ53Eo ផ្លូវលេខ២៤០ និងផ្ទះលេខ១៦១Eo ផ្លូវលេខ២៥២ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២៥ មេសា ហើយជាលទ្ធផលបានឃាត់ខ្លួន យុវជនប្រុស-ស្រី១៩នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ដើម្បីសាកសួរ ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ មួយរូបឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សកម្មភាពឆក់ប្លន់តាមផ្លូវសាធារណៈនៅក្នុងរាជធានីភ្នំពេញ កើតឡើងជាច្រើនករណីដែលបង្កឡើងដោយក្រុមយុវជន និងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ហើយជនល្មើសមិនត្រូវបានឃាត់ខ្លួន ។ យោងតាមបទបញ្ជាពីលោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានី បានកំណត់មុខសញ្ញានៅតាមទីកន្លែងប្រមូលផ្ដុំពេលយប់ ទើបនៅថ្ងៃទី២៥ មេសា វេលាម៉ោងជាង១១យប់ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយព្រះរាជ អាជ្ញារងសាលាដំបូងរាជធានី បានឆ្មក់ចូលទីតាំងល្បែងហ្គេមផ្ទះលេខ53Eoផ្លូវលេខ២៤០ ឃាត់ខ្លួនបានមនុស្ស១១នាក់ ក្នុងនោះស្រី២នាក់ និងផ្ទះលេខ161Eo ផ្លូវលេខ២៥២ សង្កាត់ចតុមុខ ឃាត់ខ្លួនមនុស្សបាន៨នាក់ក្នុងនោះស្រី៣នាក់ ។

សរុបចំនួន១៩នាក់ ក្នុងនោះស្រី៥នាក់ បានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ ដ្ឋានរាជធានី ដើម្បីសាកសួរតាមជំនាញ។ ដោយឡែកទូហ្គេមត្រូវបានព្រះរាជអាជ្ញារងឯកភាពឱ្យចាក់សោរក្សា ទុកក្នុងផ្ទះជាបណ្ដោះអាសន្នរង់ចាំគោលការណ៍ពីថ្នាក់ដឹកនាំ ។

មន្ដ្រីសាលាខណ្ឌដូនពេញនិយាយថា កន្លងមកសាលាខណ្ឌបានចេញសេចក្ដីជូនដំណឹងដល់សាលាសង្កាត់ទាំង ១១មិនអនុញ្ញាតឱ្យមានល្បែងហ្គេមស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ទេ ហើយនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៣ សាលាខណ្ឌបានចុះបង្ក្រាបទីតាំងហ្គេម២កន្លែង គឺនៅសង្កាត់បឹងរាំង និងនៅសង្កាត់ផ្សារថ្មីទី៣ និងចាប់ទូហ្គេមសរុប៤៨ទូ វាយកម្ទេចចោល ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]