ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន១៧នាក់ បានរងរបួសធ្ងន់ និងស្រាលដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត២គ្រឿងបុកគ្នា លាន់ដូចរន្ទះ ដែលបានកើតឡើង កាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី២៥ មេសា នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។

មន្ត្រីប៉ូលិសបានឱ្យដឹងថា រថយន្តទាំងពីរគ្រឿង មួយគ្រឿងម៉ាកឡិចស៊ីសកូនកាត់ ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-9666 បើកបរដោយបុរសម្នាក់ឈ្មោះហួត ឆៃលាង អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង និងមួយគ្រឿងទៀតម៉ាកទួរីស ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-2683 បើកបរដោយបុរសម្នាក់ឈ្មោះស៊ីវ ដា អាយុ៤២ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំងដូចគ្នា ។

ប្រភពបន្តថា រថយន្តទួរីសដឹកមនុស្ស១៦នាក់ ក្នុងនោះស្រី៦នាក់ ពីបាត់ដំបងទៅភ្នំពេញ ឯរថយន្តឡិចស៊ីសជិះម្នាក់ឯង ពីកើតទៅលិចបញ្ច្រាសទិសគ្នា ។ ពេលធ្វើដំណើរមកដល់ខេត្តពោធិ៍សាត់ ត្រង់ចំណុចខាងលើ ស្រាប់តែរថយន្តឡិចស៊ីសរេចង្កូតទៅបុករថយន្តទួរីសពេញទំហឹង បណ្តាលឱ្យអ្នកជិះក្នុងរថយន្តទាំង១៦នាក់ ក្នុងនោះស្រី២នាក់របួសធ្ងន់ ឯ១៤នាក់ទៀតរបួសស្រាល ចំណែកអ្នកបើកបររថយន្តឡិចស៊ីសក៏រងរបួសស្រាលដែរ ។
អ្នកបើកបរ រថយន្តឡិចស៊ីសសារភាពថា គាត់ទើបចេញពីហាងផឹកស៊ីជាមួយមិត្តភក្តិនៅខេត្តកំពង់ឆ្នាំង ហើយបើករថយន្តត្រឡប់ទៅផ្ទះនៅឯខេត្តកំពង់ឆ្នាំង តែវង្វេងជិះមកដល់ខេត្តពោធិ៍សាត់ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង ។
ក្រោយពេលកើតហេតុ រថយន្តទាំងពីរត្រូវប៉ូលិសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]