ហេតុអ្វីមនុស្សស្រីចូលចិត្ត ប្រើហេតុផលច្រើនម្ល៉េះ នៅក្នុងរឿងស្នេហា?

//s5.kh1.co/bf/bfcb9130bb6b3d21d0a70fd923834f5fb8b5b793.jpg
ប្រលោមលោក & អប់រំ

 ៣១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិត មនុស្សស្រីភាគច្រើនចូលចិត្តគិត និងតែងតែប្រើគ្រប់ហេតុផលនៅក្នុងរឿងស្នេហា មិនថាពេលចាប់ផ្ដើមស្រឡាញ់ ពេលកំពុងស្រឡាញ់ ឬពេលដែលនាងសម្រេចចិត្តចាកចេញនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រីមិនងាយដាក់ចិត្តស្រឡាញ់អ្នកណាផ្ដេសផ្ដាស រហ័សពេកនោះទេ ព្រោះនាងត្រូវស្វែងរកហេតុផលឱ្យសក្តិសម ក្នុងការទទួលយកនរណាម្នាក់ឱ្យចូលមកក្នុងជីវិតរបស់នាង។ ក៏ដូចគ្នានេះដែរ សូម្បីតែពេលបែក ក៏នាងត្រូវប្រើហេតុផលដ៏ច្រើនលើសលប់ ដើម្បីធ្វើជាចំណុចបញ្ចប់ទំនាក់ទំនង នាងត្រូវទ្រាំ ត្រូវអត់ធ្មត់ ជាមួយនឹងហេតុផលជាច្រើន មុននឹងនាងសម្រេចចិត្តចង់បែក ឬដើរចេញពីមនុស្សដែលនាងស្រឡាញ់។

រូបតំណាង
រូបតំណាង

អាចថាមនុស្សស្រីសាំញ៉ាំក៏ថាបានដែរ ដែលនាងតែងតែព្យាយាមគិតគ្រប់សព្វបែបយ៉ាង ដើម្បីសាងស្នេហា ឬទំនាក់ទំនងជាមួយនឹងនរណាម្នាក់ ព្រោះនាងមិនចង់ចាប់ផ្ដើមហើយក៏បែកទៅវិញ ទាំងដែលកំពុងតែស្រឡាញ់គ្នា នាងមិនចង់ឱ្យខ្លួនឯងខុសម្ដងហើយម្ដងទៀតនៅក្នុងរឿងស្នេហា ជាពិសេស នាងមិនចង់ផ្លាស់ប្ដូរដៃគូស្នេហាពីមួយទៅមួយ នាំឱ្យមានពាក្យអាស្រូវនៅក្នុងរឿងគូជីវិតរបស់នាងនោះឡើយ។ ដូចដែលដឹងហើយថា អ្នកដទៃគេមិនខ្វល់ទេថា មនុស្សស្រីខុស ឬត្រូវ តែអ្វីដែលសំខាន់ ឱ្យតែនាងមានការផ្លាស់ប្ដូរស្នេហាច្រើន គឺមានន័យថា នាងជាមនុស្សស្រីដែលមិនល្អហើយ។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ នៅពេលដែលសម្រេចចិត្តបែកបាក់ ឬផ្ដាច់ទំនាក់ទំនងក៏ដូចគ្នាដែរ មនុស្សស្រីភាគច្រើនគឺ សុខចិត្តទ្រាំម្ដងហើយម្ដងទៀត ព្រោះតែមិនចង់បែកបាក់ ឬបាត់បង់មនុស្សដែលនាងស្រឡាញ់នោះទេ។ ជាពិសេសគឺ នាងមិនខ្វល់ថា ម្នាក់នោះខុសប៉ុនណានោះឡើយ សម្រាប់នាង គឺអាចអភ័យទោស អធ្យាស្រ័យឱ្យមនុស្សដែលនាងស្រឡាញ់បានជានិច្ច។ នាងតែងតែព្យាយាមទ្រាំអត់ធ្មត់ ឈឺចាប់ ទឹកភ្នែកតែម្នាក់ឯងក៏មានដែរពេលខ្លះ នាងទ្រាំរហូតដល់នាងលែងមានហេតុផលដើម្បីបន្ត នាងទ្រាំរហូតដល់នាងអស់ភាពអត់ធ្មត់ នាងមានអារម្មណ៍ថាហត់ ទើបនាងសុខចិត្តបញ្ចប់ ហើយក៏ដើរចេញយ៉ាងស្ងៀមស្ងាត់។

រូបតំណាង
រូបតំណាង

មនុស្សស្រីគិតច្រើនសាំញ៉ាំ គួរឱ្យធុញពេលខ្លះ តែគ្រប់យ៉ាង គឺនាងបានគិត និងមានហេតុផលច្បាស់លាស់ ពេញលេញ មិនមែននាងមិនគិតនោះទេ។ ប៉ុន្តែមិនមែនមានន័យថា គិតច្រើនគឺល្អ ហេតុផលច្រើនសុទ្ធតែត្រឹមត្រូវនោះឡើយ ពេលខ្លះគិតច្រើនពេក មានហេតុផលច្រើនពេក វាក៏អាចក្លាយទៅជាការបង្កបញ្ហា និងការឈឺចាប់ឱ្យដល់ខ្លួនឯងទៅវិញទេ៕

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T