រាជធានីភ្នំពេញ ៖ បន្ទាប់ពីទើបតែត្រឡប់មក ពីសម្ដែងនៅអាមេរិក និងបារាំងវិញ ស្រាប់តែមានពាក្យលេចឮថា តារាចម្រៀងសំនៀងស្រទន់ និងស្រគត់ស្រគំនាង សុគន្ធ នីសា ត្រៀមចេញទៅសម្ដែង នៅអាមេរិកជាថ្មីម្ដងទៀត ។ ពាក្យលេចឮនោះ សុគន្ធ នីសា បដិសេធដោយបញ្ជាក់ថា នាងមិនមានគម្រោងចេញ ទៅសម្ដែងនៅអាមេរិកឡើយ ។

នៅក្នុងទំព័រហ្វេសប៊ុករបស់ សុគន្ធ នីសា នាពេលថ្មីៗនេះបានសរសេរ បកស្រាយជាភាសាអង់គ្លេសផង និងខ្មែរផង ដោយបដិសេធចំពោះការលេចឮនោះ ។ នាងសរសេរថា «សួស្ដីអ្នកទាំងអស់គ្នា នាងខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីបានបញ្ចប់ ការសម្ដែងនៅអាមេរិក និងបារាំងនាពេលថ្មីៗនេះមក ខ្ញុំមិនមានគម្រោងទៅសម្ដែង នៅទីនោះដូចដែលពាក្យចចាមអារ៉ាម និយាយថា នាងខ្ញុំនឹងមានការសម្ដែងនៅទីនោះ តាមកាលបរិច្ឆេទណាមួយទេ សូមទស្សនិកជនទាំងអស់កុំយល់ច្រឡំ និងជឿលើពាក្យចចាមអារ៉ាមមិនពិតទាំងនោះ» ។

បើទោះបីជាពាក្យលេចឮនោះមិនមាន ប្រភពច្បាស់លាស់ក៏ដោយ ប៉ុន្ដែពាក្យដែលចេញពីចង្កោមអ្នក ស្និទ្ធស្នាលរបស់តារាចម្រៀង សុគន្ធ នីសា ហាក់សមស្របទៅនឹងសកម្មភាព ចុងក្រោយរបស់នាង ខណៈពេលដែលនាងមិនសូវអើពើក្នុងការ ទាញយកប្រជាប្រិយភាពនៅក្នុងស្រុកឡើយ ដោយនាងស្រវាយកការសម្ដែង នៅក្រៅស្រុកជំនួសវិញ ។ លើសពីនេះ គេសង្ស័យថា មានបុរសអាណិកជនខ្មែរ នៅអាមេរិកម្នាក់ព្យាយាមថ្ពក់យក បេះដូងរបស់នាងទៅឃុំគ្រង ។

មួយរយៈចុងក្រោយនេះ សុគន្ធ នីសា ហាក់មានការថមថយ ប្រជាប្រិយភាព បើទោះបីជាមុននេះនាងប្រញាប់ប្រញាល់ត្រឡប់ មកពីសម្ដែងនៅបរទេសដើម្បីថតបទច ម្រៀងសម្រាប់បុណ្យចូលឆ្នាំខ្មែរក៏ដោយ ប៉ុន្ដែសន្ទុះនៃការគាំទ្រទៅលើបទចម្រៀង របស់នាងហាក់មានការថមថយមិនដូចពេលមុនទេ ។

សុគន្ធ នីសា ហាក់មិនសូវជាចាប់អារម្មណ៍ចំពោះបញ្ហានេះឡើយ ដោយនាងនៅតែបន្ដចេញ ទៅសម្ដែងនៅក្រៅប្រទេស ធ្វើឱ្យអ្នកគាំទ្ររបស់នាងមួយ ចំនួនខកចិត្ដយ៉ាងខ្លាំង ។ ការសម្រេចចិត្ដយល់ព្រមទទួលយករាល់ ការចេញសម្ដែងនៅក្រៅប្រទេសរបស់ សុគន្ធ នីសា ក្នុងពេលនេះ អាចជាមូលហេតុមួយក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីរកប្រាក់ បង្គ្រប់ថ្លៃផ្ទះដែលនាងបានទិញ ក្រោយពេលដែលផ្ទះរួមគ្នា ជាមួយគូស្នេហ៍ចាស់របស់នាង គឺលោក សុខ ជំនោរ ទើបតែលក់ដាច់កាលពីពេលថ្មីៗនេះ ។

ការស្វែងរកប្រាក់បង្គ្រប់ទិញផ្ទះថ្មី ទំនងមិនមែនជាឧបសគ្គធំសម្រាប់តារាចម្រៀង សុគន្ធ នីសាទេ ព្រោះនៅដើមឆ្នាំនេះនាងបានចេញ ទៅសម្ដែងនៅសហរដ្ឋអាមេរិករយៈពេល៣ខែ ហើយនាងបានបន្ដច្រៀង នៅក្នុងប្រទេសបារាំង រយៈពេល១ខែកន្លះទៀត ដូច្នេះនាងរកចំណូលបានច្រើនក្រាស់ក្រែល អាចឱ្យនាងបង់រំលស់សម្រាប់ទឹកប្រាក់ ដែលនៅសល់នោះបាន ។

រយៈពេល៣ឆ្នាំចុងក្រោយនេះ ខ្សែជីវិតរបស់អ្នកចម្រៀង សុគន្ធ នីសា មានការប្រែប្រួលជាបន្ដបន្ទាប់ ។ គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១១ នាងបានផ្ដាច់ចំណងស្នេហ៍ដ៏កម្សត់កម្រពីកវី សុខ ជំនោរ បន្ទាប់ពីបានស្រឡាញ់ រួមរស់ជាមួយគ្នាអស់រយៈពេល៨ឆ្នាំ ។ បន្ទាប់មកនៅក្នុងឆ្នាំ២០១២ នាងបានប្តូរទ្រនំច្រៀងពីផលិតកម្មរស្មី ហង្សមាសទៅផលិតកម្មថោន ដើម្បីគេចមុខឱ្យផុតពីគូស្នេហ៍ចាស់របស់នាង និងចាប់ឈោងអ្វីដែលថ្មី ។បច្ចុប្បន្ន សុគន្ធ នីសា កំពុងតែប្រឹងប្រែងដើម្បីអនាគតរបស់ខ្លួន ជាពិសេសរក្សា ឬបង្កើនប្រជាប្រិយភាពក្នុងអាជីពចម្រៀង ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]