រាជធានីភ្នំពេញ ៖ យុវជនឈាមរាវ២ក្រុមបានជិះម៉ូតូដេញ វាយគ្នាផ្អើលតាមផ្លូវសាធារណៈធ្វើឱ្យ បាត់បង់សណ្តាប់ធ្នាប់ ត្រូវកម្លាំងនគរបាលជិះល្បាតប្រទះ ឃើញក៏ស្ទាក់ក្របួចបានទាំង ពីរក្រុមយកទៅធ្វើការអប់រំ និងហៅឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យា ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ មេសា តាមបណ្តោយវិថីហ្សាលដឺហ្គោល ស្ថិតក្នុងភូមិ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមយុវជនដែលបង្កភាពចលាចល ក្នុងសង្គមនេះមានចំនួនពីរក្រុម ក្នុងនោះមួយក្រុមមានគ្នា២នាក់ ជិះម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ និងមួយក្រុមទៀតមានគ្នា៣នាក់ ជិះម៉ូតូស្មាសវី ពណ៌ស បានជិះម៉ូតូដេញវាយគ្នាតាមផ្លូវ ។ ស្របពេលនោះនគរបាលប៉ុស្តិ៍មនោរម្យ ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវក៏ប្រទះឃើញ និងពួនស្ទាក់ក្របួចបានទាំងពីរក្រុម មានគ្នា៥នាក់យកទៅធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាលមនោរម្យ ។

ប្រភពដដែលបន្តទៀតថា យុវជនទាំង៥នាក់នោះរួមមាន អ្នកជិះម៉ូតូសេ១១០ មានឈ្មោះ តាំង ផេង អាយុ១៧ឆ្នាំ និងឈ្មោះ ឌឿន តារា អាយុ១៧ឆ្នាំ ។ ចំណែកអ្នកជិះម៉ូតូស្មាសវីមាន១-ឈ្មោះ ជឿន តារារាជ អាយុ១៩ឆ្នាំ ២-ឈ្មោះ ជា សុភាលន់ អាយុ១៩ឆ្នាំ និង៣-ឈ្មោះ សុវណ្ណ មុនី អាយុ១៨ឆ្នាំ ។បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបានហើយ យុវជនវ័យក្មេងទាំង៥នាក់បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាទៅរកចំណីហូបនៅម្តុំផ្សារទំនើបសូរិយា ហើយបានឈ្លោះប្រកែកគ្នាបង្កទៅ ជាទំនាស់ជិះម៉ូតូដេញវាយគ្នាតែម្តង ។

ប៉ុន្តែយុវជនទាំងពីរក្រុមបានធ្ វើការចោទប្រកាន់គ្នាទៅវិញទៅមកថាបានបង្កហេតុមុន ។នគរបាលប៉ុស្តិ៍មនោរម្យក្រោយពី បានធ្វើការអប់រំណែនាំយុវជនទាំង ៥នាក់នោះរួចហើយក៏បានហៅ អាណាព្យាបាលរបស់យុវជនទាំង៥ នាក់មកធ្វើការអប់រំបន្ថែម និងធ្វើកិច្ចសន្យារួច ទើបឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]