រាជធានីភ្នំពេញ ៖ រថយន្តឡង់គ្រីស្ស័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2E-3919 បើកបរដោយយុវជនឈ្មោះនង វុទ្ធី ក្នុងសភាពស្រវឹងធ្លាក់ភ្នែក រេចង្កូតជ្រុលបុករះបង្គោលព្រំដី និងថូផ្កាអស់ជាច្រើន រួចខ្ទាតទៅបុកបង្គោលភ្លើងបាក់ អស់១ដើមទៀត ទើបអស់ល្បឿន ។ ហេតុការណ៍នេះ កើតឡើងនៅមុខភោជនីយដ្ឋាន មិត្តជួបមិត្តមកពិភពគ្រឿងសមុទ្រអាំង ស្ថិតនៅផ្ទះលេខ១៣១ ផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៥ មេសា ។

សាក្សីនិយាយថា មុនពេលកើតហេតុ រថយន្តឡង់គ្រីស្ស័របើកតាម បណ្តោយផ្លូវលេខ១០៥ ពីត្បូងទៅជើង ដែលសង្ស័យថា អ្នកបើកបរមានសភាព ស្រវឹងស្រាធ្លាក់ភ្នែក ព្រោះរថយន្តមិនមានលំនឹងរេចុះឡើង ។ លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ជ្រុលចង្កូតទៅបុករះបាក់ បង្គោលថ្មព្រំដីមួយដើមធំ រួចបុកថូផ្កាប៉ើងរប៉ាត់រប៉ាយអស់ជាច្រើន ហើយរថយន្តជ្រុលល្បឿនទៅបុក បង្គោលភ្លើងបាក់អស់មួយដើមធំ ទើបបែកកង់មុខខាងឆ្វេងអស់ល្បឿន ។

សូមបញ្ជាក់ថា មុនពេលរថយន្តជ្រុល បុកបង្គោលភ្លើងដ៏ធំនោះ គឺបានបុកបង្គោលថ្មព្រំដីបាក់អស់១ដើម ហើយបុករះថូផ្កាជាច្រើនថូ ដែលគេដាំនៅមុខផ្ទះដើម្បីលម្អហាង ដែលមានយីហោឈ្មោះមិត្តជួបមិត្តមក ពិភពគ្រឿងសមុទ្រអាំង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ។ បញ្ហាគ្រោះថ្នាក់នេះ ម្ចាស់ហាងបានសម្តែងក្តីខឹងសម្បា យ៉ាងខ្លាំងចំពោះម្ចាស់រថយន្តបង្កធ្វើឱ្យ ប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់គាត់ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ និងរថយន្តបញ្ជូនទៅ ការិយាល័យជំនាញចាត់ការតាមផ្លូវច្បាប់ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]