ម៉ូស្គូៈ អ្នកដំណើរសរុប ៣១នាក់ ក្នុងចំណោម អ្នកដំណើរ ៤៣នាក់បានស្លាប់ ខណៈដែលយន្តហោះដឹកអ្នកដំណើរ មួយគ្រឿង បានបើកធ្លាក់ក្នុងតំបន់ Siberia ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១២កន្លងទៅនេះ ដោយឡែកជនរងគ្រោះ ដែលរស់រានមានជីវិត ក៏កំពុងស្ថិតក្នុងសា្ថនភាពធ្ងន់ធ្ងរផងដែរ។ នេះបើយោងតាមសេចក្តី រាយការណ៍របស់អាជ្ញាធរក្នុងតំបន់។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ បានឲ្យដឹងថា យន្តហោះនេះ បាន ដឹកអ្នកដំណើរចំនួន ៣៩នាក់ នឹងក្រុមអ្នកបើកបរ ៤នាក់ ព្រមទាំងបានធ្លាក់នៅវេលាម៉ោងប្រមាណជា ៥ និង៥០ នាទីព្រឹក (ម៉ោងក្នុងទីក្រុងម៉ូស្គូ) ក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីវាបានហោះហើរចាកចេញពីទីក្រុង Tyumen ដែលមានចម្ងាយប្រមាណជា ២.១០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងម៉ូស្គូ។

បន្ទាប់ពីមានហេតុការណ៍កើតឡើង ក្រុមអ្នកសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុ ព្រមទាំងបានបញ្ជូនអ្នក នៅរស់រានមានជីវិតទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះមួយចំនួន ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយមកត្រូវ បានប្រកាសឲ្យដឹងថា បានបាត់បង់ជីវិតបាត់ទៅហើយ។

យោងតាមបញ្ជី នៃអ្នកធ្វើដំណើរបានបង្ហាញថា អ្នកនៅលើយន្តហោះស្ទើរទាំងអស់មកពីទីក្រុង Tyumen និង Surgut នៃប្រទេសរុស្ស៊ី ហើយពុំមានជនរងគ្រោះណាម្នាក់ ជាជនបរទេសនោះទេ។ ព័ត៌មានចាក់ផ្សាយតាមកញ្ចក់ ទូរទស្សន៍ បានបង្ហាញឲ្យឃើញថា ជនរងគ្រោះត្រូវបានទាញចេញពីគំនរបាក់បែក នៃបំណែកយន្តហោះ ដែលបាន ធា្លក់នៅលើគំនរព្រឹល ព្រមទាំងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតាមរយៈឧទ្ធម្ភាគចក្រ។

ការត្រួតពិនិត្យស្រាវជ្រាវត្រូវបានធ្វើចប់សព្វគ្រប់ ព្រមទាំងមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកពីមូលហេតុ ដែលបណ្តាលឲ្យគ្រោះថ្នាក់នេះកើតឡើង។ លោក Yuri AleKhin ប្រធានសាខាតំបន់ នៃក្រសួងទទួលបន្ទុកផ្នែក សង្គ្រោះបន្ទាន់ បានលើកឡើងថា យន្តហោះនេះ បានលុបបាត់ចេញពីប្រព័ន្ធរ៉ាដា ព្រមទាំងពុំអាចភ្ជាប់ទំនាក់ទំនង បាន ក្នុងរយៈពេលប៉ុន្មានាទីបន្ទាប់ពីយន្តហោះនេះ ចាប់ផ្តើមហោះហើរ។

ទាក់ទងទៅនឹងមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ កើតមានឡើងមិនទាន់ត្រូវបាន រកឃើញនៅឡើយទេ ប៉ុន្តែ បញ្ហាភេវរកម្ម និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ត្រូវបានគេលើកយកមកពិចារណា៕

ប្រែសម្រួល៖ អ៊ឹត ចណ្ណា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]