ភ្នំពេញ ៖ ដោយសារតែការផ្សារដែក នៅលើដំបូលផ្ទះ ពុំមានការប្រុងប្រយ័ត្នធ្វើ ឱ្យកម្ទេចភ្លើងធ្លាក់ចំកម្ទេចក្រណាត់ នៅ សិប្បកម្មធ្វើពូក ធ្វើខ្នើយ បង្កឱ្យមានអគ្គិ ភ័យកើតឡើង ហើយឆេះបំផ្លាញចំនួន ២ ខ្នង រួមមាន ផ្ទះកើតហេតុ ជាផ្ទះជួសជុល និងដំឡើងម៉ូតូលក់ និងផ្ទះសិប្ប កម្មធ្វើពូក ខ្នើយនេះតែម្ដង ។

គ្រោះអគ្គិភ័យ ខាងលើនេះបានកើត ឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៣ ប៉ុន្ដែ រលត់ទៅ វិញ ក្នុងរយៈពេលប្រមាណ កន្លះម៉ោង បន្ទាប់ពីកម្លាំងនគរបាល បង្ការ និងពន្លត់ អគ្គិភ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ នេត វន្ថា និងអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន ព្រមទាំង ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ នាំគ្នាជួយពន្លត់ទាន់ពេលវេលា មិនឱ្យរីក រាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋ ផ្សេង ទៀតនោះឡើយ ។

យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យ ដឹងថា មុនដំបូងឡើយនៅផ្ទះជួសជុល និង ដំឡើងម៉ូតូដែលមានម្ចាស់ផ្ទះឈ្មោះ តាន់ សារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្ថិតក្នុង ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ បានឱ្យជាងផ្សារដែកឡើងផ្សារដំបូល ពេលកំពុងផ្សារនោះ ស្រាប់តែកម្ទេចភ្លើង បានធ្លាក់ទៅប៉ះចំកម្ទេចក្រណាត់ នៅផ្ទះធ្វើ សិប្បកម្មពូកខ្នើយ ដែលស្ថិតនៅជាប់គ្នា របស់ឈ្មោះ តាយ សុវណ្ណារ៉ា ភេទស្រី អាយុ ៤៥ឆ្នាំ បង្កឱ្យមាន អគ្គិភ័យកើតឡើង តែម្ដងទៅ ។ បើទោះបីកម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ៤-៥ គ្រឿង ទៅជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែ ដោយសារ តែកម្លាំងភ្លើងខ្លាំងពេក បានឆេះ ផ្ទះសិប្បកម្មធ្វើពូកខ្នើយខ្ទេចតែម្ដង ទំហំ ១០គុណនឹង២០ម៉ែត្រ រីឯផ្ទះជួសជុល និង ដំឡើងម៉ូតូឆេះប្រមាណ ៨០ភាគរយ ។ យ៉ាងណាក៏ដោយ បុរសដែលផ្សារដែកនៅ លើដំបូល បង្កឱ្យមានអគ្គិភ័យនេះកើត ឡើង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បី ធ្វើការដោះស្រាយបន្ដទៀត ។

លោក នេត វន្ថា បានអំពាវនាវសារជា ថ្មី ដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា ការពារ កុំឱ្យមានអគ្គិភ័យកើត ឡើង នាំឱ្យអន្ដរាយ ទ្រព្យសម្បត្ដិ និងរងគ្រោះថ្នាក់ដល់អាយុ ជីវិត ៕



















ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]