ភ្នំពេញ ៖ បុរសវ័យចំណាស់ ជនជាតិ កាណាដាម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ លេខ ១១០ ជាន់ទី១ នៃផ្ទះសំណាក់វ៉ាយ រីវើ ១ ស្ថិតនៅផ្ទះលេខ ១៤២ ផ្លូវលេខ ១៧២ ភូមិទី៤ សង្កាត់ជ័យជំនះ ខណ្ឌដូន ពេញ ហើយបើតាមការសន្និដ្ឋានរបស់ សមត្ថកិច្ច និងមន្ដ្រីជំនាញ ខាងផ្នែក កោសល្យវិច័យ បានបង្ហាញថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺគាំងបេះដូង ។

យោងតាមមន្ដ្រីនគរបាល ខណ្ឌដូនពេញ ដែលបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ ខ្លួន បានឱ្យដឹងថា ការប្រទះឃើញជនរង គ្រោះដេកស្លាប់នៅ ក្នុងបន្ទប់ ផ្ទះសំណាក់ ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០១៣ ។

មន្ដ្រីនគរបាលបានបន្ដថា ជនរងគ្រោះ ឈ្មោះ PICHET JEAN JOSEPHLOUIS អាយុ ៦៧ឆ្នាំ ជាជនជាតិកាណាដា កាន់ លិខិតឆ្លងដែន លេខWN 493549 ជួល បន្ទប់លេខ ១១០ នៃផ្ទះសំណាក់ខាងលើ ដើម្បីសម្រាក ។

លោក ហ៊ី រិទ្ធា អាយុ ៣៥ឆ្នាំ ជាអ្នក គ្រប់គ្រងផ្ទះសំណាក់ បានប្រាប់សមត្ថកិច្ច ថា កាលពីវេលាម៉ោង ១ និង៣០នាទី រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៣ សង្សាររបស់ជនរងគ្រោះ បានចុះពីបន្ទប់ មកប្រាប់ឱ្យម្ចាស់ផ្ទះសំណាក់ និងបុគ្គលិក ជួយទៅមើលជនរងគ្រោះ ដោយសារតែ មិនស្រួលខ្លួន ។ ពេលនោះម្ចាស់ផ្ទះសំណាក់ និងបុគ្គលិកបាននាំគ្នា ឡើងទៅមើលជនរង គ្រោះ ហើយបានប្រាប់ឱ្យសង្សារ និងមិត្ដ ភ័ក្ដិហៅរថយន្ដសង្គ្រោះ របស់មន្ទីរពេទ្យ កាល់ម៉ែត មកដឹកជនរងគ្រោះ ប៉ុន្ដែ ជា អកុសល្យ ពេលដល់មន្ទីរពេទ្យត្រូវបាន គ្រូពេទ្យប្រាប់ថា ជនរងគ្រោះដាច់ខ្យល់ ស្លាប់ ទៅហើយ ។

យោងតាមមន្ដ្រីនគរបាល ដែលបញ្ជាក់ នៅក្នុងរបាយការណ៍ របស់ខ្លួនខាងលើនេះ បានឱ្យដឹងថា ការស្លាប់របស់ជនរងគ្រោះ ដោយសារតែជំងឺ បេះដូង ។ បច្ចុប្បន្នសព ជនរងគ្រោះ ត្រូវបានតម្កល់ទុកនៅក្នុងមន្ទីរ ពេទ្យកាល់ម៉ែត ៕



ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]