ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់បានស្លាប់ នៅមណ្ឌលសុខភាពស្រុក ខណៈដឹកទៅសង្គ្រោះ និង១៣នាក់ទៀតបានចុក រាគ ក្អួត ដោយសារពុលត្រីកំពត កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៩ មេសា ២០១៣ នៅភូមិព្រែកគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី បន្ទាប់ពីពួកគាត់នាំគ្នាហូបត្រីកំពត ដែលរកបានតាមបឹងក្បែរភូមិ ។

ជនរងគ្រោះទាំង១៥នាក់មានបុរស២នាក់បានស្លាប់ និង១២នាក់ទៀត កំពុងស្ថិតក្នុងការសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកម្នាក់ទៀត បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ បើតាមការរៀបរាប់របស់បុរសឈ្មោះសុង សុង អាយុ៤៤ឆ្នាំ ដែលពុលត្រីកំពតដែរនោះ បាននិយាយនៅឯមន្ទីរពេទ្យខេត្តថា បុរសដែលបានស្លាប់បាត់បង់ជីវិតនោះ ម្នាក់ឈ្មោះឈន ឈី អាយុ៤៨ឆ្នាំ និងម្នាក់ទៀតឈ្មោះខែង សំអាត អាយុ៤៨ឆ្នាំ ដូចគ្នា ។ ប្រភពដដែលបានបន្តថា នៅព្រឹកកើតហេតុបុរសទាំង២នាក់បាននាំគ្នាទៅបាចត្រីតាមថ្លុកក្នុងបឹងដែល រីងទឹកក្បែរភូមិ ហើយចាប់បានត្រីកំពតប្រហែលកន្លះធុងស៊ីប្រូ គឺប្រមាណ៤គីឡូក្រាម លុះពេលត្រឡប់មកវិញ នៅវេលាប្រហែលម៉ោង២រសៀល ក៏នាំគ្នាស្ងោរចែកគ្នាហូប និងក្លែមស្រា ចំណែកខ្លះទៀតបានយកទៅហូបនៅផ្ទះ ។ ក្រោយពីបរិភោគត្រីកំពតនោះ ហើយស្រាប់តែនៅវេលាម៉ោងប្រមាណជាង៥កន្លះល្ងាចគ្រប់គ្នាចុកពោះ រាគ និងក្អួតគ្រប់ៗគ្នា ហើយបានដឹងនាំគ្នាដឹកអ្នកជំងឺមកមណ្ឌលសុខភាពស្រុកជលគីរី ប៉ុន្តែដោយបុរសឈ្មោះឈន ឈី និងបុរសឈ្មោះខែង សំអាត ហូបច្រើនជាងគេ ក៏បានស្លាប់បាត់បង់ជីវិតនៅមណ្ឌលសុខភាពស្រុកទៅ ចំណែកអ្នកនៅសល់ប៉ុន្មានបាននាំគ្នាមកកាន់មន្ទីរពេទ្យខេត្តជាបន្តទៀត ។ ប្រភពដដែលបានបន្តទៀតថា ចំពោះត្រីកំពតដែលរកបាននាំគ្នាហូបនោះគឺមិនធំទេ ប៉ុនៗមេដៃមេជើងប៉ុណ្ណោះ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]