មនុស្សស្រីភាគច្រើន តែងតែគិតលើចំណុច៤នេះ ទើបនាងសម្រេចចិត្តរៀបការ សាងគ្រួសារ និងបង្កើតកូន ប៉ុន្តែ៤ចំណុចនេះ ភាគច្រើនគឺសុទ្ធតែជាការគិតខុស ព្រោះវាគ្រាន់តែជាការគិត និងរំពឹងទុករបស់នាងតែម្ខាងប៉ុណ្ណោះ។

១. គិតថា រៀបការហើយមនុស្សម្នាក់នោះនឹងកែប្រែ

ព្រោះតែការស្រឡាញ់ខ្លាំង ទើបនាងសម្រេចចិត្តរៀបការ ទាំងដែលដឹងហើយថា ដៃគូ ឬមនុស្សដែលនាងស្រឡាញ់ មានចំណុចអវិជ្ជមានជាច្រើន ដែលគេមិនដែលកែប្រែសោះ តែមនុស្សស្រីបែរជាគិតថា ពេលរៀបការហើយ គេនឹងកែប្រែដើម្បីនាង ពេលរៀបការក្លាយជាគ្រួសារហើយ គេនឹងផ្លាស់ប្ដូរដើម្បីគ្រួសារ ប៉ុន្តែចង់ប្រាប់ថា ចរិតមនុស្សប្រុសពិបាកកែបំផុត កុំថាឡើយរៀបការម្ដង ទោះមួយជីវិត ការម្ភៃដងទៀតក៏គេមិនអាចកែបានដែរ បើចិត្តគេមិនចង់ គេមិនព្រមប្ដេជ្ញា។

រូបតំណាង

២. គិតថា ការព្យាយាមគ្រប់គ្រងប្ដី នឹងធ្វើឱ្យប្ដីចេះខ្លាចខ្លួន

មនុស្សស្រីគិតខុស គិតថានាងអាចគ្រប់គ្រងលើមនុស្សប្រុសម្នាក់បាន ដោយការបង្ហាញពីអំណាច ឥទ្ធិពល ភាពកាចឆ្នាស់ ចេះតោងទាមរបស់នាង ប៉ុន្តែ ទង្វើដែលនាងធ្វើ វាគឺជាទង្វើដែលជម្រុញមនុស្សប្រុសម្នាក់នោះ ឱ្យកាន់តែខិលខូចទៅវិញទេ ដូចពាក្យគេថា ប្រពន្ធកាន់តែកាច ប្ដីនឹងរឹតតែខូច។ បើអ្នកកាន់តែព្យាយាមចង់គ្រប់គ្រងលើគេ គេនឹងរឹតតែលែងខ្លាចលើភាពជាប្រពន្ធរបស់អ្នក។

រូបតំណាង

៣. គិតថា មានកូននឹងអាចចងជើងប្ដីបាន

មនុស្សស្រីខ្លះគិតថា យកកូនដើម្បីចងចិត្ត ចងជើងប្ដីកុំឱ្យដើរលេង ស៊ីផឹក មិត្តភក្តិ ឬមានស្រីខាងក្រៅ តែអ្នកណាទៅដឹង មានកូនមិនមែនចងជើងប្ដីឡើយ គឺចង់ជើងខ្លួនឯងទៅវិញទេ ព្រោះកូនភាគច្រើនតាមម្ដាយជាងឪពុក ដល់ពេលអ៊ីចឹង មិនអាចចងជើងប្ដីទុកឱ្យនៅតែផ្ទះបានទេ តែចងជើងខ្លួនឯង សូម្បីតែទៅបន្ទប់ទឹក ក៏កូនតាមទៅដែរ។ ម្យ៉ាងវិញទៀត កុំប្រើកូនមកធ្វើជាខ្សែចំណង ព្រោះបើអ្នកទាំងពីរ មិនចេះចងចំណងគ្រួសារ ទោះមានកូនច្រើនប៉ុនណា ក៏មិនអាចឃាត់ចិត្តប្ដីបានដែរ។

រូបតំណាង

៤. គិតថា កូននឹងអាចកែប្រែប្ដីបាន

កូនមិនមែនជាទេវតា ដែលអាចកែប្រែចរិត ឬចិត្តគំនិតរបស់ឪពុកបានឡើយ កុំថាឡើយមានកូន ទោះមានដល់ចៅទៀត ក៏មនុស្សប្រុសនៅតែខូចដដែល ព្រោះតែជាសារជាតិរបស់គេ ដែលកែមិនបាន។ មនុស្សស្រីតែងគិតថា គ្រួសារមួយអាចបានគង់វង្សក៏ព្រោះតែមានកូនជាចំណង តែអ្នកដឹងទេថា ពេលខ្លះ យកកូនមកចងគ្រួសារ គឺប្រៀបបាននឹងការចងកម្មនឹងគ្នាទៅវិញទេ ព្រោះបើចិត្តគេលែងនៅនឹងយើង គេក៏មិនអាចអាល័យយើងបានដែរ យ៉ាងច្រើន គេគិតត្រឹមកូនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការដែលយកកូនមកធ្វើជាចំណង ដើម្បីចងជីវិតប្ដីប្រពន្ធរបស់អ្នក វានឹងក្លាយទៅជាសម្ពាធសម្រាប់កូនៗទៅវិញ នៅពេលដែលគេធំដឹងក្ដី៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]