ខេត្ដកំពង់ធំ ៖ ស្រ្ដីម្នាក់ដែលតែងដើរបោកប្រាស់ អ្នកភូមិរាប់មិនអស់ ទំនងជាដល់ពេលអស់លក្ខណ៍ ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យ នគរបាលប៉ុស្ដិ៍សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន កាលពីថ្ងៃទី១៨ មេសា ដោយចោទប្រកាន់ថា ស្រ្ដីរូបនេះបានកុហកបោកប្រាស់ យកអស់ទ្រព្យសម្បត្ដិពួកគាត់យ៉ាង ស្ទាត់ជំនាញ។ ស្រ្ដីរូបនេះឈ្មោះ ស៊ិន ដារ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ។

ស្រ្ដីម្នាក់ឈ្មោះ ធុន សុខគា អាយុ៣៤ឆ្នាំ រស់នៅភូមិបល័្លង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ឱ្យដឹងថា ស្រ្ដីឈ្មោះ ស៊ិន ដារ៉ានេះបានបោកប្រាស់កូនប្រុសរបស់គាត់ពេលគាត់ជាប់រវល់ការងារ ហើយឱ្យកូនប្រុសគាត់នៅចាំតូបលក់អីវ៉ាន់ ដោយស្រ្ដីរូបនេះ បានទៅនិយាយកុហកកូនប្រុសគាត់យកស្រាបៀរ៣កេស សំណាងល្អរូបគាត់មកទាន់ក៏បែកការណ៍ចាប់ខ្លួនឱ្យនគរបាលប៉ុស្ដិ៍ តែម្ដង ។ នៅពេលឃាត់ខ្លួនស្រ្ដីរូបនេះ មានប្រជាពលរដ្ឋជាច្រើននាក់ដែលបាត់របស់របរកន្លងមកនាំគ្នាទៅ ចោមរោមមើលមុខ ទើបស្គាល់ច្បាស់ថា ស្រ្ដីនេះឯងដែលដើរបោកគេពេញទាំងស្រុក ហើយភាគច្រើនបោកយកស្រាបៀរ បារី ប៊ីចេង សារុង ។ អ្នករងគ្រោះដោយសារតែស្រ្ដីរូបនេះបោកប្រាស់មិនតិចជាង៥០នាក់ទេ ដែលអ្នកខ្លះមិនហ៊ានប្រាប់ឈ្មោះខ្លួនឯង តែមានមួយចំនួនទៀតក្លាហាន ហ៊ានប្រាប់ឈ្មោះដើម្បីបញ្ជាក់ការពិតឱ្យអ្នកផងបានដឹងកុំឱ្យ ចាញ់បោកមនុស្សធុននេះទៀត ។

លោក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនឱ្យដឹងថា ពាក់ព័ន្ធទៅនឹងស្រ្ដីដើរឆបោកឈ្មោះ ស៊ិន ដារ៉ានេះ លោកបានសុំយោបល់ទៅព្រះរាជអាជ្ញា លោកស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ និងលោកអភិបាលក្រុងស្ទឹងសែនធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យឈប់ប្រព្រឹត្ដទៀត ព្រោះយល់ឃើញថា ស្រ្ដីរូបនេះមានកូនតូច និងមានជីវភាពខ្វះខាត ។

ចំណែកប្រជាពលរដ្ឋវិញ ពួកគាត់បានសំណូមពរឱ្យសារព័ត៌មានចុះផ្សាយដើម្បីកុំឱ្យប្រជា ពលរដ្ឋដទៃទៀតចាញ់បោកជនប្រភេទនេះ ទោះបីជារបស់របរទាំងអស់នោះមានតម្លៃថោកពិតមែន តែវាជាកម្លាំងញើសឈាមដែលពួកគាត់ខំប្រឹងរក ។ បើដើរបោកប្រាស់គេឯងពេញទាំងស្រុកយ៉ាងដូច្នេះ អ្នកណាក៏ក្ដៅក្រហាយដែរ ខ្វះអីការងារធ្វើម្ដេចមិនទៅធ្វើ បែរជាទុកពេលវេលាទំនេរដើរបោកប្រាស់គេឯងទៅវិញ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]