ឧត្តរមានជ័យ : មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ រងការចោទប្រកាន់ថា បានប្រើអំណាចយ៉ាងទទឹងទិស មិនចាប់អ្នកប្រព្រឹត្ត ប៉ុន្តែបែរជា ចាប់ជនរងគ្រោះ ដែលស្ត្រីមានផ្ទៃពោះម្នាក់ ឃាត់ខ្លួន ហើយថែមទាំងបោក ម៉ាស៊ីនថត និងវាយដំទៅលើ អ្នកកាសែតទៀតផង។

អ្នកភូមិបាននិយាយថា ស្ត្រីពោះធំ៨ខែ ម្ចាស់ហាងម្នាក់ ត្រូវបានឃាត់ខ្លួន នៅមិនទាន់ដោះលែងនៅឡើយទេ មន្ត្រីកងរាជអាវុធហត្ថតម្រូវ ឱ្យបង់ ប្រាក់ធានា ឯអ្នកកាសែតម្នាក់រងនូវការវាយដំ ជាច្រើនដៃ ហើយម៉ាស៊ីនថត និងទូរស័ព្ទ ត្រូវបានបោកកម្ទេចចោល ដោយស្នាដៃមេបញ្ជាការរង កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ឈ្មោះលោក ប៊ុន វុធ។

អ្នកភូមិបានរៀបរាប់ដំណើររឿងថា នៅម៉ោងប្រមាណ៤ និង៤៥ នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ មានរឿងជម្លោះក្នុងហាងផឹកស៊ីមួយ បង្កឡើង ដោយទាហានមួយក្រុម ផឹកស៊ីមិនព្រមឱ្យលុយ រួចលើកកាំភ្លើងច្រងេងច្រងាង ភ្លាមនោះអ្នកកាសែតម្នាក់ ក៏បានចុះទៅសម្របសម្រួលបញ្ហា ។

អ្នកភូមិបានរៀបរាប់ទៀតថា ក្រោយការសម្របសម្រួលភាគីទាំងពីរ ក៏បានបំបែកគ្នា ដោយក្រុមទាហានត្រឡប់ទៅវិញអស់ ហើយមួយសន្ទុះក្រោយ មកកម្លាំងPM ៣នាក់ បានមកដល់ បានសួរនាំបុរសម្នាក់ថា មានរឿងអី លោកឯងជានរណា។ បុរសនោះក៏បានឆ្លើយថា គាត់ជាអ្នកកាសែត។ ភ្លាម នោះ PM ក៏បានវាយគាត់១ដៃចាំមុខ ដួលអុកគូថ ហើយបានទូរស័ព្ទដៃលុប រូបភាពដែលបានថត ថែមទាំងបោកម៉ាស៊ីន ថតអ្នកកាសែតថែមទៀត។
រឿងដែលសំខាន់មួយទៀត កម្លាំង PM ទាំងនោះមិនបានចាប់ អ្នកបង្ករឿងដែលក្រុមទាហានផឹកស៊ី មិនចង់ឲ្យលុយម្ចាស់ហាង ប៉ុន្តែបែរជាចាប់ម្ចាស់ ហាងម្នាក់ ដែលមានផ្ទៃពោះ៨ខែ យកទៅកន្លែង ដោយបញ្ជាក់ថា បើអ្នកណាចង់ឲ្យត្រឡប់ទៅវិញ ទាល់តែយកប្រាក់ទៅធានា។

ក្រុមអ្នកភូមិបានបញ្ជាក់ទៀតថា មន្ត្រីកងរាជអាវុធហត្ថ ដែលចុះ អន្តរាគមន៍នេះ ដឹកនាំដោយឈ្មោះ ប៊ុន វុធ មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកត្រពំាងប្រាសាទ ។ ក្រុមអ្នកភូមិក៏បានដាក់ ជាចម្ងល់ថា ហេតុបានជាសមត្ថិកច្ចធ្វើដូច្នេះ អ្នកបង្ករឿងមិនចាប់ខ្លួន បែរជាចាប់ខ្លួន អ្នកទូរស័ព្ទ ស្វែងរកការអន្តរាគមន៍ទៅវិញ ហើយឲ្យគេយកប្រាក់ធានាខ្លួនថែមទៀត។ មន្ត្រីកងរាជអាវុធហត្ថរូបនោះ ក៏ទទួលការងារការចោទប្រកាន់ យ៉ាងច្រើន ករណីពីអ្នកភូមិដែរ។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺពីលោក ប៊ុន វុធ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពំាងប្រាសាទ បានទេ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]