ក្រោយពីមាន ហេតុការណ៍ ដេញវាយ កាប់ ចាក់គ្នា ពីសំណាក់ ក្រុមក្មេងទំនើង នៅវត្តបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ យ៉ាងអាណាធិបតេយ្យ រួចមក ស្រាប់តែមាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅ ភូមិស្វាយអំពែរ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវមកថា ក៏មានហេតុការណ៍ នៃការដេញវាយគ្នា យ៉ាងប្រសេចប្រសាចផងដែរ ខណៈសមត្ថកិច្ច មូលដ្ឋាន មានប្រហែល ម្នាក់ទៅ២នាក់ ប៉ុនណ្ណោះ ដែលកំពុងយាមប្រចាំការ នៅក្នុងវត្ត។

ប្រជាពលរដ្ឋ ដែលរស់នៅ ជិតវត្តស្វាយអំពែរ បានឲ្យដឹងថា ខណៈប្រជាពលរដ្ឋ កំពុងរាំសប្បាយ នៅក្នុងវត្តស្វាយអំពែរ នាបុណ្យចូលឆ្នាំ ប្រពៃណីជាតិ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ លុះដល់ម៉ោង ១០៖៣០នាទី ស្រាប់តែមាន ហេតុការណ៍ដេញវាយគ្នា យ៉ាងអាណាធិបតេយ្យ ពីសំណាក់ក្រុមក្មេងទំនើង ។

ប្រជាពលរដ្ឋ ឲ្យដឹងថា ខណៈក្រុមក្មេងទំនើង ដេញវាយគ្នា ខាងលើនេះ ងាកទៅសមត្ថកិច្ចវិញ មានតែម្នាក់ ឫពីរនាក់ ប៉ុនណ្ណោះ ដែលយាមប្រចាំការ នៅក្នុងវត្ត ដូច្នេះតើឲ្យទៅរារាំង ក្រុមក្មេងទំនើង ដែលមានគ្នាច្រើន និងប្រដាប់ដោយដំបូង កាំបិត យ៉ាងម៉េចទៅកើត។

ប្រជាពលរដ្ឋ បានរិះគន់ចំពោះ ការពង្រឹងសន្តិសុខនៅតាមភូមិ នាឱកាសបុណ្យ ចូលឆ្នាំ ពីព្រោះនៅតែបណ្តែត បណ្តោយឲ្យ មានការដេញវាយគ្នា យ៉ាងអាណាធិបតេយ្យ និងមិនអាចអនុវត្តទៅតាម គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍ផ្សេងទៀត បានឲ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដោយនៅតាមវត្ត និងនៅតាមភូមិមានកម្មវិធីចាក់ ធុងបាស់នោះ មានក្រុមក្មេងទំនើង និងបងធំ បងតូច ដេញវាយ កាប់ចាក់គ្នា យ៉ាងប្រសេចប្រសាច បង្កភាពអាណាធិបតេយ្យ យ៉ាងខ្លាំង ដូច្នេះថ្នាក់ដឹកនាំក្នុងជួរនគរបាល និងអាវុធហត្ថ គួរពង្រឹងសន្តិសុខឲ្យកាន់តែមានប្រសិទ្ធភាព កុំអង្គុយផឹកស៊ី ភ្លេចការងារ របស់ខ្លួននោះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]