ភ្នំពេញ៖ មានអត្ថន័យ៣យ៉ាង សម្ដែងឲ្យឃើញពី បុព្វហេតុដែលនាំឲ្យមាន ទំនៀមទម្លាប់ប្រារព្ធពិធី ពូនភ្នំខ្សាច់នៅក្នុង ពិធីបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ។

អត្ថន័យទី១-នោះសម្ដែងថា ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ ព្រះសម្មាសម្ពុទ្ធដែលតាំងនៅឯស្ថានតាវត្តិង្ស។ មានន័យថា ភ្នំខ្សាច់ដែលគរលើគ្មានោះ ប្រៀបបានដូចជា កូនភ្នំមួយ តំណាងឲ្យព្រះចេតិយដែលមានតម្កល់ព្រះសារីរិកធាតុ (ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ)។

ហេតុនេះ នៅពេលដែលអ្នកបានពូនភ្នំខ្សាច់ហើយនោះ គឺហាក់បីដូចជាអ្នកបានចូលរួមកសាងព្រះចេតិយថ្វាយ ព្រះសម្មាសម្ពុទ្ធ។ ជាលទ្ធផលអ្នកដែលបានពូនភ្នំខ្សាច់នោះ ទទួលបានអានិសង្ឃខ្ពស់បំផុត។ នេះបើតាមទ្រឹស្ដីព្រះពុទ្ធសាសនាបែបខ្មែរ។

អត្ថន័យទី២-មានន័យថា ការធ្វើពិធីពូនភ្នំខ្សាច់ គឺដើម្បីបានរំដោះកម្មពៀរវេរាដែលខ្លួន ធ្លាប់បានសាង ពីមុនមក។ មានន័យថា ប្រសិនបើអ្នកមានកម្មពៀរដោយហេតុធ្លាប់បានសម្លាប់សត្វ ឬបៀតបៀនអ្នកដទៃពីមុន ឬពីជាតិមុនមកនោះ ប្រសិនបើគេចង់មកចងកម្មពៀរ ឬយកជីវិតអ្នកវិញ តោងត្រូវតែរាប់ចំនួន គ្រាប់ខ្សាច់ ដែលអ្នកបានពូននោះឲ្យអស់សិន ទើបអាចមកយកជីវិតអ្នក ឬមកយកកម្មពៀរពីអ្នកបាន។ បើមិនអាចរាប់ចំនួស គ្រាប់ខ្សាច់នេះឲ្យអស់ទេនោះ មានន័យស្មើនិងអ្នកបានរំដោះកម្មរំដោះពៀរពីសត្វ នោះហើយ។ នេះបើតាមទ្រឹស្ដីព្រហ្មមញ្ញសាសនា។

អត្ថន័យទី៣-មានន័យខុសប្លែកពីទ្រឹស្ដីបែបសាសនាខាងលើនេះ តាមការសង្កេតជាក់ស្តែង នៅតាមវត្តអារាមមួយចំនួន ជាពិសេសនៅទីជនបទ មានការខ្វះខាតខ្សាច់ធ្វើសំណង់អ្វីមួយ គឺព្រះសង្ឃ ឬគណៈកម្មការវត្តអនុញ្ញាតឲ្យមានពិធីពូនភ្នំខ្សាច់នេះឡើង បន្ទាប់មកគេយកខ្សាច់នោះទៅប្រគេនព្រះ សង្ឃសម្រាប់ ដែលត្រូវការវត្ថុធាតុដើមដីខ្សាច់នោះ។

ជាសរុបមក ដូនតារបស់ខ្មែរ តែងតែធ្វើអ្វីមួយ ច្រើនមានអត្ថន័យច្រើនបែបច្រើនយ៉ាង ហើយអត្ថន័យនេះ សុទ្ធតែចុះសំរុងគ្នា។ ប៉ុន្តែការពិត អត្ថន័យទី១ និងទី២ ត្រូវជាងគេ ហើយបន្ទាប់ពីចប់ពិធីពូនភ្នំខ្សាច់រួច ជាជាងទុកចោលឥតប្រយោជន៍ ព្រះសង្ឃក៏អាចយកដីខ្សាច់នេះ ទៅសាងសង់អ្វីក៏បានដែរឲ្យតែនៅក្នុង បរិវេណវត្ត ឬក្រៅវត្ត តែបំរើផលប្រយោជន៍សាធារណៈ៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]