សៀមរាប : គ្រាប់កាំភ្លើងធំចំនួន ៤គ្រាប់ ត្រូវបានប្រជា ពលរដ្ឋប្រទះឃើញនៅ តាមផ្លូវលំខាងកើតវត្តព្រះឥន្ទកោសា ហៅវត្តកណ្តាល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលគេសង្ស័យថា មានអ្នកយកទៅបោះចោល ។

មន្រ្តីនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្លក្រាម លោក ទិត្យ ចាន់ណាល់ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ០៣ និង០០នាទី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ស សេរី បានប្រទះឃើញគ្រាប់ កាំភ្លើងធុនធំចំនួន ៤គ្រាប់ នៅចំណុចខាងលើ ហើយក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ ដើម្បីមកពិនិត្យមើល៍។ លោកបន្តថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍នេះ ខាងនគរបាលក៏ បានចុះទៅពិនិត្យ គឺបានឃើញមាន គ្រាប់កាំភ្លើងនោះមែន បន្ទាប់មកនគរបាល ក៏បានរាយការណ៍បន្ត ទៅខាងមជ្ឈមណ្ឌល់កំចាត់មីន កម្ពុជា (CMAC) ប្រចាំខេត្តសៀមរាប ឲ្យមកទទួលយកគ្រាប់ទាំងនោះទុក។

មន្រ្តីស៊ីម៉ាកបានឲ្យដងថា គ្រាប់ទាំង ៤គ្រាប់នេះ មានប្រភេទគ្រាប់កាំភ្លើងM75 មួយគ្រាប់ និង ក្បាលគ្រាប់កំភ្លើងDK ចំនួន៣។ ប្រភពនិយាយថា គ្រាប់នេះបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិល ក្នង ប្រទេសកម្ពុជា។ បើតាមប្រភពពីកន្លែងកើតហេតុបាននិយាយថា គ្រាប់កាំភ្លើងទាំង៤គ្រាប់នេះ ទំនង ជាមានគេយកមក បោះចោល ព្រោះថា ពួកគាត់ចេញចូលតាមផ្លូវលំមួយនេះរាល់ថ្ងៃពុំដែលប្រទះ ឃើញទេ។ ម្យ៉ាងទៀត នៅក្បែរគ្រាប់នេះ គេឃើញមានសម្បកការ៉ុងដែលច្រកគ្រាប់ទាំងនោះផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិ គោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះដល់ទៅ ៨០គ្រាប់ ក្នុងខណៈ ដែលគាត់ជីកដីស្រែយកមកដាក់ផ្ទះ៕



ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]