ប្តីកំហូចលួចមានស្រីក្មេង លួចលាក់៤ឆ្នាំហើយ ប្រពន្ធហាមមិនស្តាប់លុះពេលចុងក្រោយ ប្រពន្ធទ្រាំលែងបាន តាមទាន់កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ នៅចំណុចផ្ទះជួល បន្ទប់លេខ៨ ស្ថិតក្នុងក្រុមទី១០ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ប្តឹងសមត្ថកិច្ចឲ្យនាំទៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យមានទំនាក់ទំនង ជាមួយគ្នាបន្តទៀត រួចឲ្យត្រឡប់ទៅផ្ទះវិញ។ តែទោះជាយ៉ាងណាក៏ដោយប្រពន្ធដើម នៅតែមិនសប្បាយចិត្ត ក្នុងការសម្របសម្រួលនេះដដែល ។

អ្នកស្រី អ៊ីវ បុប្ផា អាយុ៤៣ឆ្នាំ ជាប្រពន្ធដើមបានរៀបរាប់ ប្រាប់អ្នកយកព័ត៌មានថា ប្តីកំហូចរបស់គាត់ ឈ្មោះ គី ប៉េ អាយុ៤៥ឆ្នាំ មុខរបរជាអ្នកថតវីដេអូឯកជនម្នាក់ និងបានរៀបការជាមួយគ្នា តាំងពីឆ្នាំ១៩៩០ មកម៉្លេះ ព្រទាំងមានកូនស្រីពេញវ័យ ចំនួន២នាក់ ជាចំណងដៃ បច្ចុប្បន្នមានទីលំនៅភូមិ-សង្កាត់រតនៈ ក្រុងបាត់ដំបង

អ្នកស្រី អ៊ីវ បុប្ផា បាននិយាយរៀបរាប់ទាំងទឹកភ្នែក បន្តទៀតថា ប្តីរបស់អ្នកស្រីមានទំនាក់ទំនាក់ ជាមួយស្រីរបស់គាត់ ឈ្មោះ ស្រី ទូច អាយុប្រហែល២២ឆ្នាំ មានទីលំនៅភូមិ-ឃុំអន្លង់វិល ស្រុកសង្កែ ដោយលួចលាក់ រយៈពេល៤ឆ្នាំមកហើយ ស្រីម្នាក់នេះ មានមុខរបរជាស្រី ខារ៉ាអូខេតាមហាង នៅក្នុងក្រុងបាត់ដំបងបច្ចុប្បន្ន ។

អ្នកស្រីបានបន្ថែមទៀតថា រយៈកាលកន្លងមក ប្តីរបស់អ្នកស្រីតែងតែមកស្កាត់ជួប ស្រីរបស់គាត់នៅផ្ទះជួល ស្ទើររាល់ថ្ងៃដោយសារខ្លាចប្រពន្ធ តាមទាន់ គាត់តែងតែ ចល័តផ្ទះជួល បង្វែងដានរហូត។ អ្នកស្រីធ្លាប់បាននិយាយជាមួយប្តី ជាញឹកញាប់ថា ឲ្យបញ្ឈប់ទំនាក់ទំនង ជាមួយស្រីម្នាក់ហ្នឹងទៅ ព្រោះនាងនោះមិនមែនស្រឡាញ់ តែលោកប្តីឯងម្នាក់ទេ គេតែងតែមានប្រុសផ្សេងទៀត ជាហូរហែរ តែប្តីនៅតែមិនស្តាប់។ មិនតែប៉ុណ្ណោះលុយកាក់ ដែលគេកក់ថ្លៃថតវីដេអូទុក ក្នុងហោប៉ៅ គឺបាត់មិនដែលសល់ទេ។ ប្តីក៏ធ្លាប់បានសន្យា និងស្បថជាមួយប្រពន្ធថា ឈប់ហើយជាច្រើនលើក តែការស្បថស្បែនោះ គ្រាន់តែជាលេសដោះសារ មួយគ្រាៗ ប៉ុណ្ណោះនេះជាហេតុធ្វើឲ្យ អ្នកទ្រាំមិនបានក៏ចាប់ផ្តើមតាមដានប្តីរហូត។ លុះដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ វេលាម៉ោងប្រហែល៩ព្រឹក អ្នកបានតាមទាន់នៅក្នុង បន្ទប់ផ្ទះជួល ខាងលើរួចក៏ប្តឹងសមត្ថកិច្ចឲ្យមក ហៅទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ធ្វើតាមច្បាប់។ តែក្រោយមកកម្លាំងសមត្ថកិច្ចក៏បាន ធ្វើការសម្រុះសម្រួលគ្នា និងធ្វើការអប់រំដោយឲ្យធ្វើកិច្ចសន្យា បញ្ឈប់មានការទំនាក់ទំនង និងកុំឲ្យធ្វើបន្តទៀត។

ក្រោយមកសមត្ថកិច្ច បានឲ្យទៅផ្ទះវិញ។ តែអ្នកស្រីនៅតែមិនសុខចិត្ត និងមិនអស់ចិត្តចង់ឲ្យប្តីអ្នកស្រីខ្មាស់គេម្តង បើមិនដូច្នេះទេ គាត់នៅតែប្រព្រឹត្តទៀត។ ចំណែកគាត់ក៏លែងខ្មាស់គេដែរ ដោយសារតែប្តីគាត់បង្ខំចិត្តគាត់ឲ្យធ្វើដូច្នេះ៕

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]