ភ្នំពេញៈ បុរសម្នាក់ ដែលជាអ្នករត់ម៉ូតូឌុប ត្រូវនគរបាល សង្កាត់ក្រាំងធ្នង់ ដើរល្បាតប្រទះឃើញ ដេកសន្លប់ ស្តូក ទន់ខ្លួនដូចសំឡី បានសន្និដ្ឋានថា ត្រូវជនមិនស្គាល់ អត្តសញ្ញាណ ដាក់ថ្នាំសណ្តំ រួចហើយដឹកយក មកទម្លាក់ចោល ភ្លាមនោះ ត្រូវនគរបាល ហៅសាមុយ របស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ឲ្យទៅដឹកយកទៅ សង្គ្រោះ ប៉ុន្តែ ដោយសារតែរថយន្ត របស់មន្ទីរពេទ្យ អ្នកបើកបរមិននៅ ទើបនគរបាល បង្ខំចិត្តស្ទាក់ ហៅ រ៉ឺម៉ក កង់បី ដឹកជនរងគ្រោះ មកកាន់ មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ប៉ុន្តែ ដោយសារស្ថានភាព ជនរងគ្រោះ ត្រូវថ្នាំ ធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅកាន់ មន្ទីរពេទ្យ ព្រះកុសុមៈ ហៅ មន្ទីរពេទ្យលោកសង្ឃ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦ និង ៣០នាទីព្រលប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅ ដីឡូត៍ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាម នគរបាលវិញ បានឲ្យដឹងថា ជនរងគ្រោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់ពីបញ្ជូនទៅដល់ មន្ទីរព្រះកុសុមៈ ហៅ មន្ទីរពេទ្យលោកសង្ឃនោះ គ្រូពេទ្យ បានជួយសង្គ្រោះ រហូតដល់ម៉ោង ប្រមាណ ជា ១២ យប់ ជនរងគ្រោះបានផ្តាច់សេរ៉ូម រួចហើយ រត់ចេញពីមន្ទីរពេទ្យបាត់ ។

ប្រភពបានបញ្ជាក់ថា បើតាម ការសន្និដ្ឋានរបស់គ្រូពេទ្យ ជនរងគ្រោះត្រូវថ្នាំសណ្តំរបស់គេ ប៉ុន្តែមិនដឹងថា បាត់ បង់អ្វីនោះទេ ហើយពេលនេះ នគរបាល កំពុងតែរង់ចាំ ក្រែងជនរងគ្រោះ មកដាក់ពាក្យបណ្តឹង។

បើយោងតាម ប្រភពព័ត៌មានខ្លះៗ ដែលមិនច្បាស់លាស់នោះ បានឲ្យដឹងថា ជនរងគ្រោះ បានឆ្លើយក្នុងស្ថាន ភាពរវើរវាយនោះថា ខ្លួនមានឈ្មោះ ហ៊ួន អាយុ ២៧ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅជាមួយ ប្រពន្ធធ្វើកម្មការិនី រោងចក្រ នៅម្តុំបឹងក្រពើលូ ៥ ផ្លូវវ៉េងស្រេង បាត់បង់ម៉ូតូ១គ្រឿង ម៉ាក សង់កូរ៉េ មិនចាំស្លាកលេខ។

ប្រភពបានបន្តថា ជនរងគ្រោះ បាននិយាយទាំងរវើរវាយដដែលថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់បានហៅខ្លួន ឲ្យឌុបចេញមក ពីម្តុំលូ ៥ បឹងក្រពើ ផ្លូវវ៉េងស្រេង ដោយមិនចាំថា ឲ្យឌុបទៅណានោះទេ ក្រោយមក ជនរងគ្រោះ ក៏មានស្ថានភាព ងងឹតមុខ លុះពេលដឹងខ្លួនវិញ គឺនៅមន្ទីរពេទ្យលោកសង្ឃ ។

នគរបាល បានបន្ថែមទៀតថា ជនរងគ្រោះ ប្រទះឃើញដេកដួល នៅម្តុំផ្លូវបេតុង ក្នុងដីឡូត៍ដ៏ស្ងាត់ ក្នុងស្ថាន ភាព រវើរវាយម៉ោងប្រហែលជា ៦ ជាងបន្តិច ព្រលប់ៗ ខណៈដែលពួកគាត់ កំពុងតែដើរល្បាត ក្នុងមូលដ្ឋាន ភ្លាមៗនោះ នគរបាល បានហៅសាមុយ របស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុងមកដឹក ប៉ុន្តែខាងមន្ទីរពេទ្យថា គ្មាន អ្នកបើកបររង់ចាំសិន រហូតដល់ម៉ោងជិត ៧ យប់ ទើបបង្ខំចិត្ត ហៅ រ៉ឺម៉កកង់បី ដឹកយកជនរងគ្រោះ ទៅកាន់ មន្ទីរពេទ្យបង្អែក ប៉ុន្តែ ដោយស្ថានភាពអ្នកជំងឺ ធ្ងន់ធ្ងរពេក ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈបន្ត តែដោយ សារតែអ្នកបើកបររថយន្ត មិនទាន់មកដល់ ក៏ត្រូវរង់ចាំ ដោយទុកជនរងគ្រោះ នៅលើរ៉ឺម៉កកង់បី រហូតដល់ម៉ោង ប្រមាណជា ៧ ជាង ទើបអ្នកបើកបរមកដល់ បញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យលោកសង្ឃ បន្តដើម្បីជួយ សង្គ្រោះអាយុជីវិតបន្ទាន់ ។

ប្រភពបានបន្តថា ជនរងគ្រោះ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានជួយសង្រ្គោះ ប៉ុន្តែនៅតែមិន ដឹងខ្លួន រហូតដល់ម៉ោងប្រមាណជា ១២ យប់ ស្រាប់តែជនរងគ្រោះ បានផ្តាច់សេរ៉ូម រួចរត់ចេញពីមន្ទីរពេទ្យបាត់ ទាំងយប់ ធ្វើឲ្យនគរបាល មិនអាចសាកសួរអត្តសញ្ញាណ ជនរងគ្រោះបាន ហើយក៏មិនដឹងថា មូលហេតុអ្វីច្បាស់លាស់នោះដែរ ៕  







 ដោយ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]