ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ត្រូវបង្ខំចិត្តដេកក្នុងមន្ទីរពេទ្យ អស់រយៈពេល៩ថ្ងៃបន្ទាប់ពី រន្ធក្រវិលនៅត្រចៀករបស់នាង ប្រែទៅជាដំបៅក្លាយ។

យោងតាមប្រភពព័ត៌មាន dailymail បានឲ្យដឹងថា ក្មេងស្រីរងគ្រោះម្នាក់នេះឈ្មោះ Destiny Nickson អាយុ១១ឆ្នាំ កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលត្រូវការរយៈពេល៦ខែ ក្នុងការព្យាបាលដំបៅក្លាយ។ កាលពីថ្ងៃទី១ ខែមិនា បានទៅចោះរន្ធក្រវិលផ្នែកខាងលើ នៅក្នុងហាងមួយ ក៏ប៉ុន្តែ២សប្ដាហ៍ក្រោយមក ត្រចៀករបស់នាងបែរជា ប្រែក្លាយទៅជាដំបៅគួរឲ្យខ្លាច។ ម្ដាយរបស់នាងបាននាំនាងទៅហាងនោះ ដើម្បីសួរពីមូលហេតុដែលបណ្ដាលឲ្យត្រចៀកនាង មានដំបៅក្លាយបែបនេះ និងចង់ឲ្យហាងដូរក្រវិលថ្មីឲ្យកូនរបស់គាត់ ព្រោះគាត់គិតថាក្រវិលនេះហើយ ដែលជាមូលហេតុធ្វើឲ្យ ត្រចៀកកូនរបស់គាត់មានដំបៅ។ បុគ្គលិកក្នុងហាងក៏បានប្រាប់ទៅម្ដាយរបស់ Destiny វិញថា នេះមិនមែនជាកំហុស របស់ពួកគេនោះទេ ហើយជាធម្មតារន្ធត្រចៀក ត្រូវការរយៈពេល៣សប្ដាហ៍ ទើបអាចដោះបាន តែម្ដាយរបស់នាងបានប្រាប់ថា វាមិនអីទេ ព្រោះនេះមិនមែនជាលើកទីមួយទេ ដែលកូនស្រីរបស់គាត់ចោះក្រវិល។ បុគ្គលិកក្នុងហាងបានដោះក្រវិល ដែលនាងពាក់នោះចេញ ហើយបានដាក់ក្រវិលថ្មីជំនួស។

ថ្ងៃទី២៦ ខែមិនា ដំបៅរបស់នាងកាន់តែធ្ងន់ទ្វេដង ហើយម្ដាយរបស់ Destiny ក៏បាននាំនាងទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ។ លោកវេជ្ជបណ្ឌិតបានពិនិត្យឃើញថា ត្រចៀករបស់នាងស្ថិតក្នុង សភាពគ្រោះថ្នាក់។ Destiny បានដេកក្នុងមន្ទីរពេទ្យរយៈពេល ៩ថ្ងៃ និងធ្វើការវះកាត់ចំនួនពីរដង ហើយក្រោយពីធ្វើការវះកាត់រួច ត្រចៀកនាងក៏មានភាពធូរស្រាលជាងមុន តែត្រូវបន្តលៀបថ្នាំរយៈពេល ៦សប្ដាហ៍ទើបអាចជាដូចដើម។

យ៉ាងណាមិញ នេះមិនមែនជាកំហុសរបស់ហាង ដែលនាងទៅចោះក្រវិលនោះទេ ម្ចាស់ហាងបានចេញមុខបកស្រាយថា ហាងរបស់គាត់ មានអតិថិជនមកចោះក្រវិលជារៀងរាល់ថ្ងៃ ហើយបើជាកំហុសរបស់គាត់ គឺវាអាចនៅក្នុងកំឡុងពេល ២៤ម៉ោង ក្រោយពីចោះរន្ធក្រវិល តែចំពោះករណី Destiny គឺរហូតដល់ ២សប្ដាហ៍ទើបមានបញ្ហា។ ម្យ៉ាងវិញទៀត ឧបករណ៍ដែលហាងគាត់បានប្រើប្រាស់ គឺសុទ្ធតែជារបស់ថ្មី ក្រោយពីប្រើប្រាស់រួច គឺបោះចោលក្នុងធុងសំរាម ហាងរបស់គាត់មិនដែលប្រើប្រាស់ របស់ចាស់នោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីខាងលើនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]